Bada Lee អ្នកដឹកនាំក្រុមរាំ BEBE និង star dancer របស់ Street Woman Fighter 2 ត្រូវបានគេទទួលស្គាល់ថាមានមន្ដស្នេហ៍ ភាពទាក់ទាញ ជាពិសេសក្បាច់រាំដ៏អស្ចារ្យរបស់នាង។ យ៉ាងណាមិញ កម្ពស់របស់នាងក៏បានធ្វើឱ្យនាងមានភាពលំបាកក្នុងការបត់បែនក្បាច់រាំផងដែរ។



កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ Bada Lee បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសនៅឆាណែលយូធូប Season B Season របស់តារាចម្រៀង Rain ហើយបានចែករំលែកបទពិសោធន៍របស់នាងពេលទៅប្រកួតក្នុងកម្មវិធី Street Woman Fighter 2។

ក្នុងពេលសម្ភាសនាងបានចាប់អារម្មណ៍ទៅលើកម្ពស់ខ្ពស់របស់ Rain ដោយយោងទៅតាមប្រវត្តិរូបលោកមានកម្ពស់ដល់ទៅ ១,៨៥ ម៉ែត្រឯណោះ។ Bada ក៏បានសួរទៅកាន់ Rain ថាតើដោយសារតែកម្ពស់ខ្ពស់បែបនេះ លោកមានការលំបាកក្នុងពេលហាត់រាំដែរ ឬទេ។ ជាការឆ្លើយតប Rain ពិតជាយល់ស្របថាវាមានភាពលំបាកមែនសម្រាប់លោកក្នុងការរាំដោយសារតែកម្ពស់មួយនេះ។

ក្រោយមកទាំង Rain និង Bada ពិតជាបានទទួលស្គាល់ថាអ្នកទាំងពីរមិនបានចូលចិត្តកម្ពស់ដ៏ខ្ពស់បែបនេះឡើយកាលនៅពីក្មេង។ ទន្ទឹមនឹងនេះ តារាចម្រៀង Rain បានចែករំលែករឿងឈឺចាប់មួយអំឡុងពេល audition ដោយលោកត្រូវបានគេរិះគន់លើកម្ពស់ហើយថែមទាំងបំបាក់ទឹកចិត្តក្នុងការបន្តក្ដីស្រមៃទៀតផង។ មុនពេលដែលលោកបង្ហាញខ្លួនជាតារាចម្រៀងទោល និងមានកេរ្ដិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ លោកក៏ធ្លាប់បានបង្ហាញខ្លួនលើកដំបូងជាសមាជិកក្រុម Idol Fanclub ក្នុងឆ្នាំ ១៩៩៨ ប៉ុន្តែត្រូវបានរំសាយវិញនៅឆ្នាំបន្ទាប់។

បន្ទាប់ពីបាននិយាយពិភាក្សាគ្នារួចមក អ្នកទាំងពីរមានចំណុចរួមមួយដូចគ្នាដោយ Bada បានសារភាពថាកាលពីមុនខ្លួននាងផ្ទាល់ក៏ធ្លាប់ត្រូវបានគេស្ដីបន្ទោសឱ្យជាខ្លាំងនៅហាត់ក្បាច់រាំដោយសារតែកម្ពស់របស់នាងដែរ។ ពេលនោះកាយវិការរបស់នាងមើលទៅរឹងៗ ជាពិសេសនៅពេលដែលត្រូវពត់ខ្លួនចុះទៅក្រោម។ នាងបានបន្ដថានាងពិតជាធ្វើបែបនេះមែន ប៉ុន្តែពួកគេនៅតែប្រាប់ឱ្យពត់បន្ថែមទៀត។



គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន Bada Lee មានកម្ពស់ ១,៧៥ ម៉ែត្រហើយបានធ្វើឱ្យទស្សនិកជន និងអ្នកលេងអ៊ីនធឺណេតជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារសក្ដានុពលនៃការដឹកនាំក្រុម BEBE រហូតទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធី Street Woman Fighter 2 ជាពិសេស Bada ក៏អ្នកបង្កើតក្បាច់រាំរបស់ Smoke Challenge ដែលមានតារាល្បីៗជាច្រើននាំគ្នារាំតាមផងដែរ ៕


















































Account
Security
Favourite Content