JinJin ទទួលបានការលើកលែងពីរដ្ឋបាលកម្លាំងយោធា ក្នុងការចូលបំពេញការងារក្នុងជួរទាហាន ព្រោះតារាខេប៉ុបប្រុសរូបនេះ កើតមានជំងឺអូតូអ៊ីម្ញូន ដែលទាមទារឱ្យមានការត្រួតពិនិត្យសុខភាពជាប្រចាំ។

នៅថ្ងៃទី ២ ខែមិថុនានេះ ទីភ្នាក់ងារ Fantagio របស់ JinJin បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទៅកាន់ក្រុមអ្នកគាំទ្រ ដោយបានប្រកាសថា ក្រោយពីការពិនិត្យសុខភាពយ៉ាងលម្អិត បានបង្ហាញថាសមាជិកក្រុម ASTRO រូបនេះមានលក្ខខណ្ឌសុខភាពដែលមិនសមស្របសម្រាប់ចូលបម្រើក្នុងជួរទាហាននោះទេ។
ខណៈពេលដែលជំងឺអូតូអ៊ីម្ញូននេះ មិនជះផលរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃក៏ពិតមែន តែតារាប្រុសវ័យ ២៩ឆ្នាំរូបនេះ ត្រូវទៅពិនិត្យសុខភាពជាប្រចាំ ដើម្បីតាមដានស្ថានភាព។ ហេតុដូច្នេះហើយ ទើបរដ្ឋបាលកម្លាំងយោធាសម្រេចលើកលែងកាតព្វកិច្ចនេះពី JinJin។

យោងតាមគេហទំព័រ វិទ្យាស្ថានជាតិវិទ្យាសាស្ត្រសុខភាពបរិស្ថាន របស់សហរដ្ឋអាមេរិក ក្នុងស្ថានភាពធម្មតា ប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អ មានតួនាទីការពាររាងកាយប្រឆាំងនឹងជំងឺ និងមេរោគផ្សេងៗ។ ក៏ប៉ុន្តែប្រសិនបើប្រព័ន្ធភាពស៊ាំដំណើរការខុសប្រក្រតី វាអាចនឹងប្រហារកោសិកា ជាលិកា និងសរីរាង្គដែលមានសុខភាពល្អ។
ប្រភពដដែលបញ្ជាក់បន្ថែមថា ភាពខុសប្រក្រតីដែលមានឈ្មោះថាជំងឺអូតូអ៊ីម្ញូន (Autoimmune disease) អាចនឹងប៉ះពាល់ដល់ផ្នែកណាមួយនៃរាងកាយ មុខងារនៃរាងកាយចុះខ្សោយ ក្នុងករណីអាក្រក់បំផុត ក៏អាចឈានដល់ការគំរាមកំហែងដល់អាយុជីវិតផងដែរ។

យ៉ាងណាមិញ Fantagio បានរៀបរាប់បន្ថែមថា ទីភ្នាក់ងារនឹងផ្ដល់អទិភាពទៅលើសុខភាពរបស់សិល្បករជាចម្បង និងគាំទ្រយ៉ាងពេញទំហឹងទៅលើរាល់សកម្មភាពរបស់ JinJin នៅពេលអនាគត៕























Account
Security
Favourite Content