តារារ៉េបដ៏ល្បីល្បាញរបស់ផលិតកម្ម បារមី វណ្ណដា កសាងឈ្មោះទាំងក្នុងនិង ក្រៅប្រទេស ហើយពេលនេះកំពុងតែនាំកិត្តិនាមកម្ពុជាទៅកាន់សកលលោកម្ដងទៀត តាមរយៈបទចម្រៀងជាច្រើនក្នុងអាល់ប៊ុមត្រីវិស័យ មាន «Treyvisai III: Return to Sovannaphum», «TREYVISAI II: BURN LIKE THE SUN» និង «TREYVISAI I: THE SEARCH FOR LIGHT»។

គ្រាន់តែបញ្ចេញបទចម្រៀងអស់ពីក្នុងអាល់ប៊ុមថ្មី Treyvisai ទាំង ៣ ផ្នែកមក កេរ្តិ៍ឈ្មោះ វណ្ណដា បានសាយភាយទៅលើអន្តរជាតិជាថ្មីម្ដងទៀត។ បទចម្រៀងល្បីៗរបស់តារាប្រុសវ័យ ២៧ឆ្នាំរូបនេះ មិនត្រឹមឆក់បានការគាំទ្រលើសលប់ពីសំណាក់អ្នកគាំទ្រក្នុងស្រុកឡើយ បទទាំងនោះក៏មានសន្ទុះអបអរសាទរពីសំណាក់អ្នកនៅក្រៅប្រទេសដែរ។
វេបសាយ និងផេកល្បីៗមិនត្រឹមនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេដែលបានចុះផ្សាយពី វណ្ណដា ខាងខាងប៉ែកអឺរ៉ុប និងខាងអាមេរិកក៏ចុះផ្សាយពីសមិទ្ធផលថ្មីរបស់ ម៉ាន់ វណ្ណដា ផងដែរ។ វណ្ណដា តារារ៉េបខ្មែរ កំពុងបញ្ចេញឥទ្ធិពលនៅអន្តរជាតិ ព្រោះមិនត្រឹមមានការ reaction បទចម្រៀងលោកប៉ុណ្ណោះទេ មានទាំងស្ថាប័នព័ត៌មានធំៗបានចុះផ្សាយពីស្នាដៃ «Treyvisai III: Return to Sovannaphum» នេះដូចគ្នា។


មិនត្រឹមតែវេបសាយចុះផ្សាយឡើយ ថ្មីៗនេះទៀតសោត Main Producer 21 savage បានទាក់ទង មកកាន់ វណ្ណដា ផ្ទាល់ ដើម្បីផលិតបទចម្រៀងរួមគ្នា។ នៅមិនទាន់រាប់បញ្ចូល Rolling Loud បង្ហោះ story អាល់ប៊ុម TREYVISAI និងបទ «អាត្មា» របស់ វណ្ណដា និងសរសើរថា «វណ្ណដា ជាតារាចម្រៀងរ៉េបមួយរូបដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមតារាជាច្រើននៅកម្ពុជា។ តារារ៉េបវ័យ ២៧ ឆ្នាំរូបនេះតែងបង្ហាញវប្បធម៌ប្រទេសកំណើតនៅក្នុងបទចម្រៀងរបស់លោកថែមទៀតផង» ហើយ a1234misic ក៏បានបង្ហោះលើ Instagram របស់ខ្លួនថា «ពិតណាស់ តារាចម្រៀងរ៉េបល្បីជាច្រើនសុទ្ធតែចេញមកពីប្រទេសកម្ពុជា។ ក្នុងចំណោមនោះ វណ្ណដា ជាតារាចម្រៀងរ៉េបដែលមានប្រជាប្រិយភាពខ្លាំងព្រមទាំង ជាតារារ៉េបខ្មែរមួយរូបដែលតែងបង្ហាញវប្បធម៌ប្រទេសកំណើតរបស់ខ្លួននៅក្នុងបទចម្រៀង» ជាដើម។
នេះមិនទាន់បូកបញ្ចូលអ្នកធ្វើវីដេអូ Reaction ចម្រៀងជាជនជាតិបរទេសរាប់សិបនាក់ផ្សេងទៀតឡើយ។ គួរបញ្ជាក់ថា វណ្ណដា បានបញ្ចប់ប្រវត្តិសាស្រ្តលក់សំបុត្រប្រគំតន្រ្តីដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក មានអ្នកទៅទស្សនារាប់ម៉ឺននាក់ ដោយសំបុត្រដាក់លក់ប៉ុន្មានដងក៏ sold out ដែរ។


នាពេលអនាគត ម្ចាស់បទ «សុវណ្ណភូមិ» កំពុងអង្គុយគិត និងសិក្សាអំពី« ត្រីវិស័យ-TREYVISAI ORCHESTRA អកេះស្ត្រា» ដោយឲ្យអ្នកគាំទ្រជួយពិចារណា ប្រសិនបើលោកនឹងរៀបចំឲ្យមានចំណីអារម្មណ៍ថ្មីមួយនោះឡើង លាយជាមួយឧបករណ៍ភ្លេងខ្មែរទាំងអស់ ដែលគំនិតនេះក៏មានការគាំទ្រច្រើនខ្លាំងដូចគ្នា។ មិនត្រឹមគិតឡើយ ដោយមានអ្នកបង្ហើបថា វណ្ណដា ធ្លាប់បានទៅមើលសាលមួយកន្លែង ដែលអាចរៀបចំ« ត្រីវិស័យ-TREYVISAI ORCHESTRA អកេះស្ត្រា» ខ្លះៗហើយ។
ឈ្មោះ វណ្ណដា លើកាសែតអន្តរជាតិមិនមែនទើបតែពេលនេះទេ អំឡុងពេលម្ចាស់បទ «Time To Rise» ច្រៀងលើឆាកបិទកីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសប្រទេសបារាំង ក៏ត្រូវបានស្ថាប័នផ្សព្វផ្សាយធំៗចុះផ្សាយ និងសរសើរខ្លាំងមិនចាញ់ពេលនេះឡើយ៕




រូបភាព៖ VannDa























Account
Security
Favourite Content