ដំណឹងអាពាហ៍ពិពាហ៍របស់ Kim Woo Bin និង Shin Min Ah ដែលបានរៀបចំឡើងកាលពីចុងឆ្នាំ ២០២៥ កន្លងទៅ ប្រហែលជាបានទាញស្នាមញញឹមពីអ្នកនិយមទស្សនាភាពយន្តកូរ៉េមិនតិចទេ ដែលបានឃើញតួអង្គដែលខ្លួនធ្លាប់តែឃើញនៅក្នុងខ្សែភាពយន្ត បានរៀបការសន្យារួមរស់ជាមួយគ្នានៅក្នុងជីវិតពិត។
ជាក់ស្ដែង Kim Woo Bin និង Shin Min Ah គ្រាន់តែឧទាហរណ៍មួយប៉ុណ្ណោះ ខណៈមានតារាសម្ដែងកូរ៉េខាងត្បូងមិនតិចរូបទេ ដែលបានជួបមិត្ត ១០០ឆ្នាំរបស់ខ្លួន គ្រាកំពុងសម្ដែងភាពយន្ត។ ខាងក្រោមនេះ គឺជាគូស្វាមីភរិយាតារាសម្ដែង ៧គូ ដែលបានបណ្ដុះពន្លកស្នេហ៍ ក្រោយបានរួមការងារជាមួយគ្នា៖
១. Kim Woo Bin និង Shin Min Ah

ផ្ដើមដោយគូស្នេហ៍ដែលទើបតែរៀបការហើយថ្មីថ្មោង Kim Woo Bin និង Shin Min Ah បានជួបគ្នាជាលើកដំបូងនៅក្នុងឆ្នាំ ២០១៥ នៅគ្រាដែលអ្នកទាំងពីរបានថតពាណិជ្ជកម្មជាមួយគ្នា និងចាប់ផ្ដើមទាក់ទងគ្នាបន្ទាប់ពីពេលនោះមក។ លុះមកដល់ឆ្នាំ ២០២២ អ្នកទាំងពីរក៏មានឱកាសរួមការងារជាមួយគ្នាជាថ្មី តាមរយៈការសម្ដែងនៅក្នុងរឿង Our Blues។
នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ កន្លងទៅ គូស្នេហ៍តារាសម្ដែងមួយនេះ បានសម្រេចបញ្ចប់ឈ្មោះជាគូសង្សាររយៈពេល ១០ឆ្នាំ មកជាគូស្វាមីភរិយាវិញម្ដង និងជ្រើសរើសប្រទេសអេស្ប៉ាញជាទីតាំងសម្រាប់ Honeymoon ដើម្បីបន្ថែមភាពផ្អែមល្ហែមដល់ជីវិតគូ។
២. Hyun Bin និង Son Ye Jin

បើទោះបីជាធ្លាប់បានជួបគ្នានៅក្នុងមហោស្រពភាពយន្ត PIFAN ក្នុងឆ្នាំ ២០១៤ ក្ដី តែ Hyun Bin និង Son Ye Jin បានចាប់ផ្ដើមស្គាល់គ្នាឱ្យស៊ីជម្រៅតាមរយៈការសម្ដែងនៅក្នុងរឿង The Negotiation (2018) និងរឿងភាគ Crash Landing on You (2019)។
អស់ពេល ៣ឆ្នាំបន្ទាប់ពីនោះ ពោលគឺឆ្នាំ ២០២២ អ្នកទាំងពីរបានសម្រេចចូលរោងអាពាហ៍ពិពាហ៍ជាមួយគ្នា។ កន្លងមក Son Ye Jin ក៏ធ្លាប់បានចែករំលែករឿងរ៉ាវស្នេហារបស់ខ្លួនថា៖ “ខ្ញុំធ្លាប់គិតថា ការដែលបុរស និងនារីម្នាក់ជួបគ្នា ចែករំលែកក្ដីបេះដូង និងពាក្យសន្យាសម្រាប់ថ្ងៃអនាគត គឺជារឿងដែលលើសពីសុបិន។ តែយើងទាំងពីរបែរជាអាចសម្រេចវា បានយ៉ាងធម្មជាតិ”។
៣. Ji Sung និង Lee Bo Young

ស្នេហារបស់ Lee Bo Young និង Ji Sung នៅចាប់ផ្ដើមនៅក្នុងឆ្នាំ ២០០៤ នៅគ្រាដែលពួកគេសម្ដែងនៅក្នុងរឿង Save the Last Dance for Me មុននឹងលួចទាក់ទងគ្នាស្ងាត់ៗ និងសម្រេចប្រកាសឱ្យមហាជនដឹងឮនៅក្នុងឆ្នាំ ២០០៧។
អ្នកទាំងពីរបានរៀបការជាប្ដីប្រពន្ធនឹងគ្នានៅក្នុងឆ្នាំ២០១៥ ដោយ Ji Sung បាននិយាយដល់ភរិយាបណ្ដូលចិត្តថា ជាមនុស្សស្រីដែលអាចធ្វើឱ្យលោករីកចម្រើន និងចាស់ទុំជាងមុន។
៤. Lee Sang Woo និង Kim So Yeon

អាពាហ៍ពិពាហ៍ឆ្នាំ ២០១៧ រវាង Kim So Yeon និង Lee Sang Woo បានចាប់ផ្ដើមនៅពេលដែលអ្នកទាំងពីរបានជួបគ្នានៅពេលសម្ដែងរឿង Happy Home ឆ្នាំ ២០១៦។ Lee Sang Woo បានប្រដូចជីវិតគូរបស់ខ្លួនថា៖ “ខ្ញុំគិតថា ពួកយើងគឺជាកញ្ចក់ឱ្យគ្នាទៅវិញទៅមក។ ពួកយើងអាចឃើញចំណុចល្អ និងមិនល្អរបស់គ្នា ហើយព្យាយាមធ្វើជាមនុស្សដែលប្រសើរជាងមុនតាមរយៈចំណុចល្អរបស់ដៃគូ និងព្យាយាមចៀសវាងចំណុចមិនល្អ”។
៥. Choi Tae Joon និង Park Shin Hye

ជួបគ្នាដំបូងនៅឆ្នាំ ២០១២ ក្នុងនាមជាតារាកិត្តិយសនៅក្នុងរឿង The Kings of Dramas តារាសម្ដែង Choi Tae Joon និង Park Shin Hye បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ មុននឹងចូលរោងការនៅឆ្នាំ ២០២១។
Park Shin Hye បានបង្ហាញក្ដីស្រឡាញ់ចំពោះស្វាមីថា៖ “ខ្ញុំបានរៀបការជាមួយនឹងបុរសដែលខ្ញុំស្រឡាញ់អស់ពេលរាប់ឆ្នាំ។ គាត់ជាប្រភពនៃកម្លាំងចិត្ត និងទទួលយកចំណុចខ្វះខាតរបស់ខ្ញុំ។ Park Shin Hye ខ្ញុំចង់ចាប់ផ្ដើមជីវិតជាប្ដីប្រពន្ធជាមួយគាត់”។
៦. Lee Jang Woo និង Jo Hye Won

ភាពយន្តភាគបែបគ្រួសារ My Only One ដែលចាក់ផ្សាយតាំងពីឆ្នាំ ២០១៨ ក៏បានបង្កើតគ្រួសារថ្មីមួយដែរ សម្រាប់គូតារាសម្ដែង Lee Jang Woo និង Jo Hye Won។ ក្រោយទាក់ទងមើលចិត្តគ្នាបាន ៦ឆ្នាំ អ្នកទាំងពីរបានរៀបការជាមួយគ្នានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។
៧. On Joo Wan និង Bang Minah

ភ្លើងស្នេហ៍របស់ On Joo Wan និង Bang Minah បានចាប់ផ្ដើមនៅពេលអ្នកទាំងពីរបានរួមការងារនៅក្នុងរឿង Dear Fair Lady Kong Shim ក្នុងឆ្នាំ២០១៦ ខណៈអ្នកទាំងពីរមិនធ្លាប់ចេញមកបញ្ជាក់ថា ពួកគេបានទាក់ទងគ្នាជាផ្លូវការទេ សូម្បីតែពេលរួមសម្ដែងជាមួយគ្នាម្ដងទៀតនៅក្នុងរឿង The Days ឆ្នាំ២០២១។
លុះមកដល់ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ សមាជិកក្រុម Girl’s Day និងតារាសម្ដែងប្រុសបានសម្រេចរៀបចំថ្ងៃពិសេសរបស់ខ្លួន ឯទឹកដីកោះបាលី ប្រទេសឥណ្ឌូណេស៊ី៕
























Account
Security
Favourite Content