IU ជាតារាចម្រៀងនារីទោលដែលមានឈ្មោះបោះសំឡេងខ្លាំងក្នុងវិស័យ ខេប៉ុប ដោយមិនត្រឹមជាតារាចម្រៀងទោលដ៏ល្បីក្នុងប្រទេសកូរ៉េខាងត្បូង តែកេរ្ដិ៍ឈ្មោះរបស់នាងក៏បានរីកសាយជុំវិញពិភពលោកដែរ។ ក្រៅពីអាជីពជាតារាចម្រៀង នាងក៏ជាអ្នកនិពន្ធបទចម្រៀងដ៏ឆ្នើម និងតារាសម្ដែងដ៏លេចធ្លោម្នាក់។ នាងធ្លាប់បង្ហាញខ្លួនក្នុងរឿងភាគល្បីៗដូចជា Dream High, Scarlet Heart និង Hotel DeLuna ជាដើម។ មែនទែនទៅ IU ត្រូវបានមហាជនចាត់ទុកជាតារាចម្រៀងស្រីកូរ៉េដ៏មានឥទ្ធិពលម្នាក់ព្រមទាំងមានភាពល្បីល្បាញខ្លាំងទាំងក្នុងស្រុក និងក្រៅស្រុក។ តោះមកដឹងពីមូលហេតុដែលតារាស្រីវ័យ ២៩ ឆ្នាំរូបនេះ ទទួលបានការស្រឡាញ់គាំទ្រច្រើន និងមានភាពល្បីល្បាញអស់ជិត ១៥ ឆ្នាំ៖
១.ប្រវត្ដិដ៏រំជួលចិត្ត និងការតស៊ូ
IU មានឈ្មោះពិតថា Lee Ji Eun នាងកើតនៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ១៩៩៣ នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នាង និងប្អូនប្រុសត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយលោកយាយ ដោយសារឳពុកម្ដាយរបស់នាងមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ នាងមានចំណាប់អារម្មណ៍លើការច្រៀង និងការសម្ដែងតាំងតែពីនៅវ័យក្មេង ព្រមទាំងបានចូលថ្នាក់ហ្វឹកហាត់រៀនចម្រៀង និងសម្ដែង។ មុនមានឈ្មោះល្បីដូចសព្វថ្ងៃនាងធ្លាប់ដាក់ពាក្យចូលហ្វឹកហាត់ក្នុងផលិតកម្មដល់ទៅ ២០ ប៉ុន្ដែជាលទ្ធផលនាងមិនបានជាប់សូម្បីតែមួយ និងត្រូវផលិតកម្មខ្លះបោះពាក្យសម្ដីថា សមត្ថភាពរបស់នាងមិនទាន់គ្រប់គ្រាន់អាចធ្វើជាតារាឡើយ។ កាន់តែគួរឱ្យអាណិតនោះ នាងថែមទាំងបានត្រូវជនបោកប្រាស់បោកអស់ប្រាក់ជាច្រើនផងដែរ ដោយសារតែស្រឡាញ់សិល្បៈនាងបានទៅប្រឡងចូលផលិតកម្មមួយ ដើម្បីជាថ្នូរដោះដូរបានចូលហ្វឹកហាត់ខាងផលិតកម្មតម្រូវឱ្យនាងបង់ប្រាក់មួយចំនួនហើយចុងក្រោយពួកគេគ្រាន់តែជាជនបោកប្រាស់ដោយបង្កើតឈ្មោះផលិតកម្មក្លែងក្លាយប៉ុណ្ណោះ។ ហើយប្រាក់ទាំងអស់នោះគឺជាប្រាក់ដែលលោកយាយរបស់នាងបានសន្សំ និងលក់នូវគ្រឿងអលង្ការមួយចំនួនផងដែរទម្រាំប្រមូលបានមួយចំនួនទៅបង់ជូនខាងផលិតកម្ម។


បើទោះជាត្រូវគេបោកប្រាស់ និងជីវភាពមិនសូវធូរធារតែនាងមិនបោះបង់ចោល និងបន្ដខិតខំប្រឹងប្រែង រហូតដល់ក្រោយមកនាងបានចុះកុងត្រាជាមួយផលិតកម្ម LOEN Entertaintment និងហ្វឹកហាត់បានក្លាយជាតារាចម្រៀងទោលក្នុងឆ្នាំ ២០០៨។ នាងចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយបញ្ចេញបទចម្រៀងមានចំណងជើងថា “Good Day” ក្នុងឆ្នាំ ២០១០ ហើយបទចម្រៀងមួយនេះនៅតែមានភាពល្បីល្បាញមកដល់សព្វថ្ងៃ។ ក្នុងឆ្នាំដដែលនាងក៏បានបង្ហាញខ្លួនក្នុងរឿងភាគល្បី “Dream High” ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងឡើងស្រើតៗ ចាប់តាំងពីពេលនោះមក។ គិតមកទល់ពេលនេះ នាងឈ្នះពានរង្វាន់ធំៗ ប្រមាណ ១៣១ ពាន។
២.បទចម្រៀងគុណភាព និងអត្ថន័យលើកទឹកចិត្ត
ជាការពិតណាស់ មូលហេតុចម្បងនៅពីក្រោយភាពជោគជ័យរបស់ IU គឺដោយសារតែបទចម្រៀងដ៏អស្ចារ្យ និងមិនចេះសាំរបស់នាង។ នាងជាតារាស្រីដែលមានសំឡេងពីរោះស្រទន់ខ្លាំង និងថែមទាំងអាចបត់បែនច្រៀងបែបកម្សត់ និងកន្ដ្រាក់អារម្មណ៍បានយ៉ាងល្អ ឬអាចនិយាយបានថានាងអាចប្រើប្រាស់សំឡេងរបស់ខ្លួនបានគ្រប់ទម្រង់ដែលវាជាចំណុចពិសេសមួយរបស់នាង។ នាងមានសមត្ថភាពអាចនិពន្ធទំនុកច្រៀង និងផលិតបទចម្រៀងផ្ទាល់ខ្លួនផងដែរ អាល់ប៊ុមចម្រៀងរបស់នាងទាំងអស់សុទ្ធតែមានចំណែកចូលរួមសរសេរ និងបង្កើតដោយរូបនាងផ្ទាល់។ មួយវិញទៀត បទចម្រៀងរបស់នាងជាប្រភេទចម្រៀងដែលត្រូវគ្រប់ស្រទាប់ទាំងក្មេង និងចាស់សុទ្ធតែអាចស្ដាប់បទចម្រៀងរបស់នាងបានដោយសប្បាយរីករាយ។ បទចម្រៀងរបស់នាងជាច្រើនក៏បានបង្កប់នូវអត្ថន័យអប់រំ និងលើកទឹកចិត្តផងដែរ។ បទចម្រៀងល្បីៗ របស់នាង Good Day. Celebrity, You and I, Eight, BBIBBI, Blueming, Palette សុទ្ធតែឈរលើកំពូលតារាងរបស់ប្រទេសកូរ៉េខាងត្បូង និងមានអ្នកចូលស្ដាប់រាប់លាននាក់ទៀតផង។ សម្រាប់បទចម្រៀងមានចំណងជើងថា Eight ត្រូវបានមហាជនជឿថា ជាចម្រៀងដែលនាងសរសេរជូនចំពោះមិត្តសម្លាញ់ទាំងពីររបស់នាងគឺ Sulli និង Jonghyun ដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺបាក់ទឹកចិត្ត។

៣.នាងបន្ដខិតខំប្រឹងប្រែងបើទោះជាមានភាពល្បីល្បាញខ្លាំង
បើទោះជានាងមានភាពល្បីល្បាញ និងមានអ្នកគាំទ្រជាច្រើនលាននាក់ជុំវិញពិភពលោកតែនាងមិនឆ្មើងឆ្មៃនៅតែបន្ដប្រឹងប្រែង និងសាកអ្វីដែលថ្មីៗជានិច្ច។ រយៈពេលជិត ១៥ ឆ្នាំដែលនាងមិនដែលទុកពេលវេលាឱ្យដើរហួសទៅដោយទទេរៗ ឡើយ មិនត្រឹមតែមានបទពិសោធន៍ផ្នែកចម្រៀង និងអាចនិពន្ធចម្រៀងដោយខ្លួនឯង។ នាងក៏ប៉ិនប្រសប់ក្នុងការសម្ដែង និងឆ្លៀតរៀនសូត្របន្ដព្រមទាំងទទួលសម្ដែងរឿងផ្សេងៗ។ មកទល់ពេលនេះ នាងបានបង្ហាញខ្លួនក្នុងភាពយន្ដ និងរឿងភាគប្រមាណ ១៥ រឿងដែលក្នុងនោះស្នាដៃដែលលេចធ្លោខ្លាំងជាងគេគឺ Dream High, The Producer, Scarlet Heart, Broker និង Hotel Deluna។ រឿងដែលធ្វើឱ្យអ្នកគាំទ្រ និងមហាជនសរសើរខ្លាំងពីថ្វីដៃសម្ដែងរបស់នាងគឺរឿង Scarlet Heart និង Hotel Deluna ដោយមនុស្សមិនតិចនាក់ទេយំតាមការសម្ដែងរបស់នាង។
៤.អត្ដចរិតល្អ និងចេះលើកទឹកចិត្តអ្នកជុំវិញ
តារាល្បីៗជាច្រើនសុទ្ធតែធ្លាប់សរសើរ និងអះអាងថា IU ជាតារាស្រីម្នាក់ដែលឆ្លាត ប៉ិនប្រសប់ និងចេះបត់បែន ដូច្នេះអ្នករួមការងារជាមួយនាងសុទ្ធមានអារម្មណ៍សប្បាយរីករាយ។ មិនតែប៉ុណ្ណោះ តារាជាច្រើនក្នុងវិស័យខេប៉ុបក៏សុទ្ធតែជាអ្នកគាំទ្រនាង។ សិល្បករល្បីៗ ដូចជាក្រុមចម្រៀង Epik High, Zico និង Cha Tae Hyun សុទ្ធតែបានចំណាយពេលទៅគាំទ្រដល់ IU ស្ទើររាល់ពេលដែលនាងធ្វើការប្រគំតន្ដ្រី។
អត្ដចរិតល្អក៏ជាចំណុចធ្វើឱ្យមិត្តប្រុសបច្ចុប្បន្នរបស់នាងតារាប្រុស Lee JongSuk និយាយសរសើរមិនដាច់ពីមាត់ និងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងដែរ។ ដោយតារាប្រុស Lee JongSuk ធ្លាប់បានលើកឡើងថា IU ជានារីម្នាក់ដែលតែងលើកទឹកចិត្តដល់រូបលោក និងតែងតែធ្វើឱ្យលោកមានអារម្មណ៍សុវត្ថិភាពកក់ក្ដៅ នាងជានារីម្នាក់ដែលមិនងាយរកបាន។
៥.នាងជាបុគ្គលតែងធ្វើអំពើសប្បុរស
បើនិយាយដល់ការធ្វើអំពើល្អជួយដល់សង្គម IU ជាតារាស្រីកូរ៉េម្នាក់ដែលមហាជនតែងនឹកដល់ជានិច្ច។ នាងក៏ជាតារាម្នាក់ដែលតែងចំណាយប្រាក់ផ្ទាល់ខ្លួនជាច្រើនលើក ជាច្រើនសារដើម្បីបរិច្ចាគជួយដល់អ្នកត្រូវការជំនួយ។ រហូតមកដល់ពេលនេះ ប្រាក់របស់នាងបានបរិច្ចាគជួយដល់កុមារកំព្រា គ្រួសារដែលមានប្រាក់ចំណូលទាប ស្ដ្រីម៉េម៉ាយដែលគ្មានលទ្ធភាពរកប្រាក់ជាច្រើន ក៏ដូចជាគាំទ្រយុទ្ធនាការស្តារឡើងវិញសម្រាប់ភ្លើងឆេះព្រៃ ទឹកជំនន់ និងការខូចខាតនានាបណ្ដាលមកពីវិបត្ដិកូវីដ-១៩។ បើគិតជាប្រាក់ការបរិច្ចាគរបស់នាងគឺច្រើនជាង ៣.២ លានដុល្លារអាមេរិកហើយមកទល់បច្ចុប្បន្ន។
មកទល់បច្ចុប្បន្ន ភាពជោគជ័យរបស់ IU ស្ទើរតែគ្មានតារាចម្រៀងស្រីទោលណាម្នាក់អាចធ្វើបានឡើយក្នុងប្រទេសកូរ៉េខាងត្បូង ខណៈទ្រព្យសម្បត្ដិរបស់នាងត្រូវបានគេរំពឹងថាមានប្រមាណ ៤៥ លានដុល្លារអាមេរិកគិតត្រឹមចុងឆ្នាំ ២០២២។ ហើយភាគជោគជ័យទាំងនោះបានមកពីការខិតខំប្រឹងប្រែងតស៊ូ ទឹកចិត្ដល្អប្រពៃ និងការបន្ដរៀនសូត្រអភិវឌ្ឍន៍ខ្លួនជាបន្ដបន្ទាប់មិននៅមួយកន្លែង៕
























































Account
Security
Favourite Content