ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា មានតែមួយគត់ប្រចាំប្រទេសកម្ពុជា បានបើកទំព័រ រដូវកាលថ្មី លើកទី៤ ក្នុងឆ្នាំ២០២៤ ។ នេះបើតាមការឱ្យដឹងពីទំព័រហ្វេសប៊ុកផេកផ្លូវការ AIR & TECH កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២៤ នេះ។

តាមប្រភពខាងលើដដែលនេះ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗ កិច្ចប្រជុំដំបូងបំផុត នៃព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) បានធ្វើឡើងក្រោមវត្តមានថ្នាក់ដឹកនាំ នៃព្រឹត្តិការណ៍ដ៏ធំមួយនេះ ព្រមទាំងក្រុមការងារពាក់ព័ន្ធសំខាន់ៗ ដើម្បីត្រៀមវិលត្រឡប់មកសារជាថ្មី កាន់តែធំ កាន់តែអស្ចារ្យ និងកាន់តែពិសេសជាងមុនទ្វេដង។

កិច្ចប្រជុំបានប្រព្រឹត្តឡើងក្រោមវត្តមានលោក ឈី កុលបុត្រា ជាជំនួយការ ឯកឧត្ដមប្រធាន ឌី វិជ្ជា និងជាអ្នកគ្រប់គ្រងទូទៅ និងលោក អេង ប៊ុនថេង ជាប្រធានគ្រប់គ្រង និងប្រតិបត្តិ រួមទាំងប្រធានផ្នែកនីមួយៗ ដើម្បីបែងចែកភារកិច្ច និងទំនួលខុសត្រូវ ធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍មួយនេះ ប្រព្រឹត្តទៅដោយរលូន និងស័ក្ដិសមនឹងការទន្ទឹងរង់ចាំរបស់មហាជន ដែលតែងគាំទ្រព្រឹត្តិការណ៍ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា។ ក្នុងនោះដែរ ក្រុមការងារស្នូលរៀបចំកម្មវិធីដ៏ធំមួយនេះ បានបង្ហាញសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារគ្រប់ផ្នែកទាំងអស់នឹងរួមកម្លាំង ស្មារតី ព្រមជាមួយភាពច្នៃប្រឌិតថ្មីៗ ដើម្បីឱ្យព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) ឆ្នាំ២០២៤ នេះកាន់តែអស្ចារ្យលើសបណ្ដាឆ្នាំមុនៗ។

គួរឱ្យដឹងថា ព្រឹត្តិការណ៍ ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) បានធ្វើឡើងចំនួន ៣លើករួចមកហើយ ក្នុងឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២១ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន សិស្សានុសិស្ស យុវជន និងប្រជាជនកម្ពុជា៕


























































Account
Security
Favourite Content