ការពិតពីក្រោយ​ការ​ស្លាប់​របស់ Sulli អាន​ហើយ​បាន​ដឹងវប្បធម៌ bully នៅកូរ៉េ​សាហាវកម្រិតណា

ក្មេងស្រីម្នាក់នេះបាន Debut នៅអាយុ ១៥ឆ្នាំ ក្លាយ​ជា​អាយដល​ក្នុង​ដួងចិត្ត​មនុស្ស​ជាច្រើន គឺជា​ទេពធីតា​របស់​អ្នក​លេងបណ្ដាញសង្គម និងជាក្មេង​តូច​ដែល​ជនជាតិ​កូរ៉េខាងត្បូង​កោតសរសើរ ប៉ុន្តែបែរជា​មានហេតុការណ៍​ដែល​នឹកស្មានមិនដល់ ធ្វើ​ឱ្យ​នាងសម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួន​ឯងនៅ​អាយុត្រឹម ២៥ឆ្នាំ។ តើហេតុផលអ្វីធ្វើ​ឱ្យ​នាង​ដើរ​ដល់​ផ្លូវទ័លបែបនេះ? ខាងក្រោមនេះ AMS សូម​បង្ហាញ​ពីរឿងរ៉ាវរបស់ Sulli តារាស្រីល្បីឈ្មោះរបស់កូរ៉ខាងត្បូង។

នៅ​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ អ្នកចាត់ការរបស់ Sulli បានទាក់ទង​ទៅ Sulli ដូចធម្មតា ប៉ុន្តែ​បែរ​ជា​មិនអាចទាក់ទងបាន ដូច្នេះហើយនាងក៏បានប្រញាប់ធ្វើដំណើរទៅ​កន្លែងស្នាក់នៅរបស់ Sulli នៅទីក្រុង Seongnam ខេត្ត Gyeonggi។ បន្ទាប់ពីដើរចូលទៅក្នុងផ្ទះ គេក៏បានប្រទះឃើញ Sulli ដែលស្ថិត​ក្នុងវ័យ ២៥ឆ្នាំលែងមានជីវិត​បាត់ទៅហើយ។ បន្ទាប់​ពីទទួល​បាន​ការ​រាយការណ៍ ប៉ូលីស​ក៏​បានប្រញាប់ប្រញាល់ទៅ​ទីកន្លែងកើតហេតុ។ តាម​រយៈ​ការ​ឆែកឆេ​ ពួក​គេ​បាន​រក​ឃើញថា នៅ​ក្នុង​ផ្ទះ​ពុំ​មាន​ស្លាកស្នាមចូលលុកលុយ​នោះ​ឡើយ ដូច្នេះគេក៏លែងសង្ស័យថា​នេះជាករណីឃាតកម្ម។ Sulli បានជ្រើសបញ្ចប់ជីវិត​ខ្លួន​ឯងក្នុង​វ័យ​ដែល​ជីវិត​កំពុង​រីករុងរឿង។ នាង​មាន​អាយុ​ត្រឹម​តែ ២៥ឆ្នាំ ជា​តារា​ស្រី​ល្បី​ឈ្មោះ​របស់​ប្រទេស​កូរ៉េ និងជា​អតីត​សមាជិក​ក្រុម f(x) ដែលជាក្រុម​នារី​ល្បីឈ្មោះ​មួយ​ផង​ដែរ។ កំពុង​មានអនាគត​ល្អ ជីវិត​និងការងារ​ក៏ទើប​តែ​ចាប់​ផ្ដើម តែហេតុអ្វីបាន​ជា​នាង​សុខចិត្តបោះបង់ជីវិត​ខ្លួន​ឯង?

ខ្សែ​ជីវិត​របស់ Sulli

នៅថ្ងៃទី​២៩ ខែមីនា ឆ្នាំ១៩៩៤ Sulli បាន​កើត​នៅក្រុង​ប៊ូសាន។ មុន​នឹង​បាន Debut ជាតារាខេប៉ុប នាង​ធ្លាប់​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត​ជាច្រើនរឿងក្នុងនាម​ជា​តារា​សម្ដែងកុមារប៉ុន្តែ​គ្រាន់តែ​ជា​តួរាយរង ឬ​តួដែលចេញមួយឈុតៗ​តែប៉ុណ្ណោះ។ នៅពេល​នោះ​ ក្រុមអ្នក​រក​តារា​របស់ SM Entertainment ក៏បាន​មកជួប Sulli នៅ​ទីតាំងថត ហើយ​ក៏​បបួល​នាង​ទៅធ្វើតេស្ត​នៅ​ក្រុមហ៊ុន។ ពេល​នោះ SM Entertainment គឺជា​ក្រុមហ៊ុន​កម្សាន្ត​ឈាន​មុខ​គេ​របស់កូរ៉េខាងត្បូង។ មនុស្សជាច្រើន​មាន​ក្ដីស្រមៃ​ចង់​ចូល​ផលិតកម្ម​នេះ។ នៅ​ឆ្នាំ២០០៥ ក្រោយ​ឆ្លង​កាត់​ការ​ជម្រុះ​ជា​ច្រើន​វគ្គ Sulli នៅ​អាយុ​ត្រឹម​តែ​១១ឆ្នាំក៏បាន​ចូលរួម​ជា Trainee របស់​ក្រុមហ៊ុន SM ជាផ្លូវការ។

នៅថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០០៩ Sulli ក៏បាន Debut ក្នុង​នាម​ជា​សមាជិក​ក្រុម f(x) ដែល​ជា​ក្រុម​នារី ដ៏ល្បីល្បាញ។ កាលនោះ​ ក្រុម​របស់​នាង​មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង​នៅកូរ៉េ​ខាងត្បូង ខណៈ​ដែលបង្ហាញ​មុខមិនបាន​ប៉ុន្មាន ពួក​គេ​ក៏​ទទួល​បាន​ពាន​រង្វាន់​សិល្បករ​ថ្មី​ឆ្នើម ហើយ​បន្ទាប់​ពី​នោះ​ក៏​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ទៀត ដូចជា​ពាន​រង្វាន់​ក្រុម​ចម្រៀង​ពេញនិយមក្នុងកម្មវិធី Korean Music Awards លើក​ទី​៨ និងពាន​រង្វាន់ Best Dance Performance សម្រាប់ក្រុមនារី ពីកម្មវិធី Mnet Asian Music Awards ឆ្នាំ២០១២ ជាដើម។

ពេលនោះ Sulli មានអ្នក​គាំទ្រ​ច្រើនខ្លាំង ដូច្នេះហើយ​ក្រុមហ៊ុន SM ក៏​បាន​ជំរុញ​នាងឱ្យ​បាន​ក្លាយ​ជាតារាសម្ដែង និងបាន​ក្លាយ​ជា​តួឯកស្រីក្នុងភាពយន្តជាច្រើន​រឿង។ សិស្សច្បង​ក្នុង​រង្វង់​សិល្បៈ​ក៏ស្រលាញ់​ចូលចិត្ត​នាង​ជាច្រើន។ រូបភាព​ដែល​គេ​ចងចាំ​អំពី Sulli គឺភាពទន់ភ្លន់ ​ក្មេងខ្ចី គួរ​ឱ្យស្រលាញ់ ស្បែកស និងទម្រង់​មុខ​ស្អាត។ នៅពេល Sulli មាន​ស្នាដៃចេញ​មក​កាន់តែច្រើន នាង​ក៏​បាន​ក្លាយ​ជាទេពធីតា​តូច​មួយ​រូបដែល​អ្នក​លេងបណ្ដាញសង្គមគ្រប់គ្នាស្រលាញ់​ចូលចិត្ត។

ចំណុចផ្លាស់ប្ដូរក្នុងជីវិត

រហូត​មក​ដល់​ខែកក្កដា ឆ្នាំ២០១៣ ចំណុចផ្លាស់ប្ដូរ​នៃ​ជីវិត​របស់ Sulli ក៏បានចាប់ផ្ដើម បន្ទាប់ពីរឿងរ៉ាវ​ស្នេហា​របស់​នាង​​ត្រូវ​បាន​លាតត្រដាង។ នៅ​ពេល​នោះ​ Sulli មាន​អាយុ ២០ឆ្នាំ ប៉ុន្តែ​នាង​បាន​ទាក់ទង​ជាមួយ​តារា​ចម្រៀង​ប្រុស Choiza ដែលមានអាយុ​ច្រើន​ជាង​នាង​ ១៤ឆ្នាំ។ នៅប្រទេស​កូរ៉េ​ខាងត្បូង ការ​ហាមប្រាម​មិន​ឱ្យ​អ្នក​ចម្រៀង​មានស្នេហាបាន​ក្លាយ​ជា​ច្បាប់ទូទៅ​ក្នុង​គ្រប់ផលិតកម្ម​ទៅហើយ។ ប្រសិន​បើ​មាន​តារា​ណាម្នាក់​ មានចេតនាលាក់បាំងជីវិត​ស្នេហា​ខ្លួន​ឯង ហើយ​ត្រូវ​គេ​លាតត្រដាង​នៅពេលក្រោយ​នោះ ផ្លូវជីវិត​របស់​តារា​ម្នាក់​នោះនឹង​មិនងាយស្រួល​នោះឡើយ។ នៅពេល​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​មាន​អារម្មណ៍​ថា​ពួក​គេ​ត្រូវ​បាន​បោកប្រាស់ ពួក​គេ​នឹង​ចាប់​ផ្ដើមបញ្ចេញមតិ​វាយប្រហារ ឬអាច​នឹង​ធ្វើ​រឿង​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅទៀត។

បើទោះបីជា​ខាងផលិតកម្មរបស់ Sulli បានប្រញាប់​ចេញ​មក​បំភ្លឺភ្លាម​ៗ​ថា Sulli និង Choiza គ្រាន់តែ​ជា​មិត្តនឹង​គ្នា ប៉ុន្តែ​នៅ​ខែ​សីហា ឆ្នាំ២០១៣ Sulli ក៏ចេញ​មុខ​ទទួលស្គាល់យ៉ាងបើក​ចំហរ​ថាខ្លួន​កំពុង​មានទំនាក់ទំនងស្នេហា​ជាមួយ Choiza។ បន្ទាប់​ពី​នោះ​ក៏មាន anti fan ចាប់ផ្ដើម​បញ្ចេញមតិលើអ៊ិនធិណិត​ដើម្បី​វាយប្រហារ Sulli។ នៅពេល​ដែល Sulli ទៅមន្ទីរពេទ្យ​ព្រោះមិនស្រួល​ខ្លួន anti fan ក៏​បង្កើត​ពាក្យចចាមអារ៉ាម​ថា Sulli ប្រើជីវិត​ភ្លើតភ្លើនរហូត​ដល់កើតរោគស្ត្រី។ នៅពេលដែល Sulli បណ្ដោយ​ខ្លួន​ញ៉ាំច្រើន anti fan ក៏​និយាយថា Sulli មានផ្ទៃពោះ ហើយ​កូន​ក្នុងពោះគឺជាកូនអ្នក​នេះ កូន​អ្នកនោះ។ នៅពេល​ដែល Sulli ឡើងយន្តហោះនិងមានអាការ​មិនសូវស្រួល ក៏មានពាក្យចចាមអារ៉ាម​ថា​នាង​បាន​សេពសារធាតុ​មិន​ល្អ ឬ​ផឹក​គ្រឿងស្រវឹង​ជាដើម។ សរុប​រួម​ៗ​គឺ​សុទ្ធ​តែជាពាក្យ​ចចាមអារ៉ាម​គ្មាន​ហេតុផល។

នៅអាយុត្រឹម​តែ ២០ឆ្នាំ Sulli ត្រូវប្រឈម​នឹង​សម្ពាធដ៏មហាសាល។ ហេតុផល​ដំបូង​គឺ​ដោយសារ​នាង​គឺ​ជាអ្នក​ដែល​បើក​ចំហរ​រឿងស្នេហា​ដោយ​ខ្លួន​ឯងរហូតដល់ផែនការស្ដារកេរ្តិ៍ឈ្មោះ​របស់ក្រុមហ៊ុន​ត្រូវ​បាន​បំផ្លាញ​ ដូច្នេះគេ​អាច​ដឹង​មុន​បាត់​ទៅហើយ​ថា​នឹង​មាន​ផល​បែបណាចំពោះ​វិថីអាជីព​របស់​នាង​នាពេលអនាគត។ ក្រៅពីឧបសគ្គ​រឿង​ការងារ មួយថ្ងៃៗ Sulli ត្រូវ​ប្រឈម​មុខ​ជាមួយ​ការ Bully លើអ៊ិនធឺណិត និងពាក្យ​ជេរត្មះតិះដៀល​ជាច្រើន​របស់​ហ្វេនៗ។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ ក្រុមហ៊ុន SM បាន​ចេញសេចក្ដីថ្លែងការណ៍ថាមួយរយៈចុង​ក្រោយ​នេះ មាន Comment ដែលបង្កប់ចេតនាមិនល្អ រួមទាំង​ព័ត៌មានចចាមអារ៉ាមដែលគ្មានការពិតចេញមកជាច្រើន ធ្វើ​ឱ្យ Sulli មានអាការ​ហត់នឿយទាំងផ្លូវកាយ​និង​ផ្លូវចិត្ត ដូច្នេះហើយ​ក្រុមហ៊ុន​សម្រេច​ចិត្តផ្អាកការ​ហាត់សម និងការងារ​សម្ដែងរបស់ Sulli មួយ​រយៈ។

នៅថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១៥ Sulli ក៏ចេញមក​ប្រកាស​ថានាង​នឹង​ផ្ដោតសំខាន់​លើ​ការងារ​សម្ដែង ដូច្នេះហើយ​នាង​បាន​សម្រេច​ចិត្ត​ចាកចេញ​ពីក្រុម f(x)។ បន្ទាប់​ពីនោះ Sulli ក៏​ហាក់​ដូចជា​ដកសម្ពាធធំ​មួយ​ចេញ​ខ្លួន និងបានចាប់ផ្ដើម​ជីវិត​រស់នៅតាមបែប​របស់ខ្លួន​ឯងយ៉ាងឯករាជ្យ។ នាង​តែងតែ​បង្ហោះ​រូបភាពខ្លួន​ឯងលើអ៊ិនស្តាក្រាម ដោយភាគច្រើន​គឺ​ជា​រូបភាព​ដែល​មើលទៅរាង​សិចស៊ី និងមានរូប​គូ​ជា​មួយមិត្តប្រុសក្នុងលក្ខណៈស្និទ្ធស្នាល​ថែមទៀតផង។ អាចនិយាយ​បាន​ថា​ជា​ការ​ផ្លាស់ប្ដូរ​ ៣៦០ដឺក្រេ។ ដំបូងៗ​ក្រុមអ្នក​គាំទ្រ​របស់​នាង​ជាច្រើន​​មិន​អាច​ទទួល​យក​បាន​នោះទេ ព្រោះរូបភាព​របស់ Sulli ក្នុង​កែវភ្នែក​របស់​គ្រប់គ្នាគឺជា​ក្មេងស្រីតូច​បរិសុទ្ធ ជាព្រះនាងរបស់មហាជន គួរ​ឱ្យ​ស្រលាញ់ ក្មេងខ្ចី ប៉ុន្តែ​សុខៗបែរ​ជា​ផ្លាស់ប្ដូរ​ស្ទីល​តែង​ខ្លួន​ភ្លាមៗមក​ជាបែប​សិចស៊ី ជា​មនុស្សធំពេញវ័យ ដែលនាំ​ឱ្យ​មាន​មតិ​ចម្រូងចម្រាសទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​លើ​បណ្ដាញសង្គមកូរ៉េខាងត្បូង។

ក្រៅពីនេះ Sulli ក៏ចាប់ផ្ដើម​ទទួល​ការងារ​ថត​ភាពយន្តខ្នាតធំ ហើយ​ក្រៅពីការងារ​សម្ដែងនាង​ក៏ឧស្សាហ៍ Live វីដេអូជាប្រចាំ។ រូបបែប Live របស់នាងគឺមើលទៅ​ធម្មជាតិ​ខ្លាំង ពោលគឺនាង​តែងតែនិយាយ​លេងជាមួយ​ហ្វេនៗ​ដោយ​មិន​ផាត់មុខ ហើយ​កំឡុងពេលដែល​នាង​ Live នោះ​ក៏តែងតែមាន​មនុស្ស​ចូល​មក​ជេរ និងវាយប្រហារ Sulli ដូចគ្នា ប៉ុន្តែ​នាង​នៅ​តែ​រក្សា​ជំហរ​រហូត​អាច​ឆ្លង​កាត់​មក​បាន។ ទោះ​ជា​រវល់ការងារខ្លាំង​ ប៉ុន្តែនៅពេល Live ម្ដងៗ Sulli មើល​ទៅ​មាន​ភាពស្រស់ស្រាយ និងមានស្នាមញញឹម​ជាប់​ជានិច្ច ជាមនុស្សស្រីមាឌ​តូច​ដែល​មើល​ទៅរឹងមាំ។

ចាប់ផ្ដើម​បាក់ទឹកចិត្ត

បើទោះបីជា Sulli អាច​ស៊ូទ្រាំ​ជាមួយ​សម្ពាធពី Comment ជាច្រើន​លើអ៊ិនធឺណិត ប៉ុន្តែ​សង្សារ​របស់​នាង​បែរជា​មិន​អាច​ទទួល​យកបាន ហើយ​នៅទីបំផុត ទំនាក់ទំនង​របស់​ពួក​គេ​ក៏ត្រូវ​បាន​បញ្ចប់។ នៅខែ​មីនា ឆ្នាំ២០១៧ Sulli ដែល​រងសម្ពាធពី​បញ្ហា​ផ្សេងៗ​ស្រាប់​ទៅហើយ ក៏មានអារម្មណ៍ថា​ទ្រាំ​លែង​បាន ហើយ​បន្ទាប់​ពី​បែក​បាក់ស្នេហា Sulli ធ្លាប់​បាន​និយាយ​ថា៖ “ខ្ញុំ​ត្រូវ​បាន​មនុស្ស​ជុំវិញ​ខ្លួន​ធ្វើបាបផ្លូវចិត្ត​ខ្លាំង ខ្ញុំ​ចាប់ផ្ដើម​មានអារម្មណ៍អសុវត្ថិភាព មិត្ត​ដែល​ធ្លាប់​តែ​ស្និទ្ធស្នាល​បំផុត​ក៏បោះបង់​ខ្ញុំ​ចោល ខណៈពេល​នោះខ្ញុំ​មាន​អារម្មណ៍​ថា​ជីវិត​ត្រូវរលាយ ខ្ញុំ​នឹង​លែង​បើក​ចិត្ត​ជាមួយ​អ្នកណា​ទៀត​ហើយ”។

នៅពេល​នោះ Sulli ទើបតែមានអាយុ ២៣ឆ្នាំ​ប៉ុណ្ណោះ។ នាងចូលចិត្ត​បង្ហោះ​រឿងរ៉ាវ​របស់​ខ្លួន​ឯង​លើ​បណ្ដាញសង្គមស្ទើរ​តែរៀងរាល់ថ្ងៃ។ កន្លងមក​នាង​ច្រើន​តែ​ផុស​និយាយ​ពី​សៀវភៅ​ដែល​នាងបាន​អាន ឬ​រឿង​រ៉ាវ​ដែល​នាង​កំពុង​ចាប់អារម្មណ៍​រៀនសូត្រ។ ប៉ុន្តែ​ក្រោយ​មកនាង​ក៏​បាន​បង្ហោះ​រូបថត​ដែលនាង​មិន​បាន​ពាក់អាវទ្រនាប់លើអ៊ិនស្តាក្រាម រហូត​នាំ​ឱ្យ​មាន​ការ​វិភាគ​និងរិះគន់​យ៉ាង​ខ្លាំង​។ មាន​មនុស្ស​ជាច្រើន​បាន​មក Comment វាយ​ប្រហារ​នាង។ Sulli ធ្លាប់​និយាយ​ក្នុង​កម្មវិធី​មួយ​ថាការ​ពាក់​អាវទ្រនាប់​គឺជាជម្រើស​របស់​មនុស្ស​ម្នាក់​ៗ។ នាង​គិត​ថា​គ្រោងដែក​របស់​អាវទ្រនាប់មិន​ល្អចំពោះ​សុខភាព​នោះ​ទេ ដូច្នេះហើយ​ទើបនាង​មិន​ពាក់​វា។ ក៏ប៉ុន្តែ​ពាក្យ​សម្ដី​ទាំង​នេះ​ក៏​មិន​បាន​ធ្វើ​ឱ្យ​ពាក្យ​រិះគន់លើអ៊ិនធឺណិត​ថមថយ​ឡើយ។

នៅពេល​ទៅ​ញ៉ាំបាយ​ជាមួយ​មិត្តភក្ដិ​ហើយ Sulli ចាប់ផ្ដើម Live ក៏មានអ្នក​លេងបណ្ដាញសង្គម​ជា​ច្រើនចូលមក Comment និង​តិះដៀលរឿង​ដែល​នាង​មិន​ពាក់អាវទ្រនាប់។ សរុប​មក មិន​ថា Sulli ផុសពីរឿង​អ្វីក៏ដោយ​នៅ​លើអ៊ិនស្តាក្រាម ឬនៅ​ពេល Live មិនថា​នាង​និយាយ​រឿង​អ្វី ក៏តែងតែមាន​មនុស្ស​តាម​​ជេរ និង bully នាងរហូត។ នៅលើបណ្ដាញសង្គមរបស់នាង គឺពោរពេញដោយពាក្យសម្ដីរិះគន់ជាន់ពន្លិច និងបំណងអាក្រក់។ យូរៗ​ទៅ សភាពផ្លូវចិត្ត​របស់ Sulli ក៏ចាប់ផ្ដើមទ្រុឌទ្រោម។ នាង​ត្រូវ​ទៅ​ទទួល​ការ​ព្យាបាល​រៀងរាល់សប្ដាហ៍ តែរឿង​នេះ​ទើបតែ​ត្រូវ​បាន​លាតត្រដាង​នៅពេលក្រោយ​ប៉ុណ្ណោះ ដោយសារ Sulli គឺជា​មនុស្ស​ដែលគោរពខ្លួន​ឯងខ្លាំង ទើប​ដំបូង​ៗ​នាង​មិន​ដែល​បើក​ចំហរ​ថា​នាង​មាន​ជំងឺ​បាក់ទឹកចិត្ត​នោះទេ។

Sulli ធ្លាប់ស្នើសុំ​ឱ្យ​ខាង​ក្រុមហ៊ុន​ជួយ​ចាត់ការចំពោះអ្នក comment ជាច្រើន​ដែល​មាន​ចេតនាអាក្រក់ ប៉ុន្តែ​ក្រុមហ៊ុន SM មិនបាន​ចាត់វិធានការ​អ្វី​ឡើយ ថែម​ទាំង​ព្រងើយកន្តើយ​យ៉ាងខ្លាំងចំពោះរឿងនេះ។ ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នៃ​ជីវិតរបស់ Sulli មនុស្ស​ជាច្រើន​អាច​មើល​ដឹង​ថានាង​មាន​អាការ​មិន​សូវ​ស្រួល​នោះ​ទេ នៅពេល Live ម្ដង​ៗ​ក៏​ហាក់​ដូចជា​មមើមមាយភាំងៗ។ ពេលខ្លះ​នៅ​សុខៗ​ក៏ចេញ​មក Live ទាំងកណ្ដាល​យប់​ហើយ​ក៏យំ​មុខ​កាមេរ៉ាដោយ​មិននិយាយ​ពាក្យ​អ្វី​មួយ​ម៉ាត់។ អ្នក​ដែល​បារម្ភ​ពី​នាង​មានអារម្មណ៍ខ្វល់ខ្វាយចំពោះអាកប្បកិរិយា​បែបនេះ​របស់​នាង។ នាង​ធ្លាប់​បង្ហោះរូបភាព​មួយ​លើអ៊ិនស្តាក្រាម​ជា​រូបភាពតុក្កតា​ដែល​ដាច់​ដៃដាច់​ជើង ហើយមានពេល​មួយ​នាង​បានបង្ហោះ​ឃ្លីប​អាំងសាច់អន្ទង់ និង​ធ្វើ​ជាបញ្ចូល​សំឡេង​ជា​អន្ទង់​ថា “ជួយ​ខ្ញុំ​ផង ជួយ​ខ្ញុំផង”។ និយាយ​ចប់​នាង​ក៏​សើច​ឮៗ។ អ្នក​លេង​បណ្ដាញសង្គម​ជា​ច្រើន​បាន​រិះគន់​ទង្វើ​របស់​នាងពេលនោះ។ អ្នក​ខ្លះ​និយាយ​ថា Sulli ដូចជាមាន​ជំងឺសរសៃប្រសាទ។

មានពេលមួយ Sulli និងមិត្តភ័ក្ដិ​កំពុង Live វីដេអូ ហើយ​មានបុរស​ម្នាក់​តាម​ថត​នាង​រហូត។ បុរស​ម្នាក់​នោះ​បាន​កាន់​ទូរស័ព្ទ​ហើយ​ដើរ​សំដៅ​មក​រក​ Sulli។ បើ​តាម​ធម្មតា ក្នុង​ស្ថានការណ៍​បែប​នេះ Sulli គ្រាន់​តែបដិសេធ​បុរស​នោះ​ត្រង់​ៗ​ក៏បាន ប៉ុន្តែ​អាកប្បកិរិយា​ដែល Sulli បង្ហាញ​ចេញ​នៅ​ពេល​នោះគឺ​នាង​បាន​ប្រើ​ដៃ​ទាំង​ពីរ​បាំង​មុខ ហើយ​ក៏​ឱន​ក្រាប​ចុះ​ក្នុង​តុតែម្ដង ធ្វើឱ្យមិត្ត​របស់​នាង​​ប្រញាប់​បិទ Live ភ្លាម។ រូបភាព​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា Sulli កំពុង​មាន​អាការ​ភ័យខ្លាច​ដល់​កម្រិត​កំពូល។ ការ bully ជាច្រើន​បាន​ធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​របស់​នាង​ទន់ខ្សោយ និងខ្ទេចខ្ទី​បន្តិច​ម្ដងៗ។ នេះ​អាច​ជា​សញ្ញា​គ្រោះថ្នាក់​ដែល​នាងព្យាយាម​ប្រាប់​ទៅ​ពិភពលោកខាង​ក្រៅ ប៉ុន្តែ​មហាជន​ក៏​មិន​បាន​ចាប់អារម្មណ៍​ត្រង់​ចំណុច​នេះ​ឡើយ។

នៅព្រឹក​ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០១៩ ឬរយៈពេល​មួយ​សប្ដាហ៍​មុន Sulli បាត់បង់ជីវិត នាង​បាន​និយាយ​ក្នុង​វីដេអូ Live ថា៖ “ខ្ញុំ​មិន​ចូល​ចិត្ត​ជេរដៀល​អ្នក​ណា​ទេ បើ​ពាក្យ​ជេរ​ទាំង​នោះ​ក្លាយ​ជា​តួ​អក្សរ វា​នឹងកាន់តែ​គួរ​ឱ្យ​ខ្លាច​ណាស់ បើសិន​ជា​អាច​គួរ​តែ​ប្រើ​ពាក្យ​សម្ដី​ស្រាល​ៗ​ទៅ​ក៏​ល្អ។ នាង​សង្ឃឹម​ថាអ្នក​គាំទ្រ​ និង​អ្នក​លេង​បណ្ដាញសង្គមនឹង​ប្រើ​ពាក្យ​សម្ដី​ដែល​មិន​ធ្ងន់ៗជាមួយ​នាង មិនមែនចាំ​តែ​ជេរ​ស្ដី និងមួលបង្កាច់​នាង។ នៅ​ចុង​វីដេអូ នាង​បាន​សម្លឹង​មើល​កាមេរ៉ា​ទាំង​ទឹក​ភ្នែក ដែលនេះ​អាច​ជា​សញ្ញា​ស្នើសុំ​ជំនួយ។ Sulli ក៏ធ្លាប់​ប្រាប់ដែរថា៖ “ខ្ញុំ​មិន​ដឹងថា​អនាគត​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ ខ្ញុំ​អស់​កម្លាំង​មែនទែនហើយ ប៉ុន្តែ​គ្មាន​អ្នក​ណា​ស្ដាប់​សំឡេង​ខ្ញុំ​សោះ។ បើ​ខ្ញុំ​និយាយ​ថា ពេល​នេះ​ខ្ញុំ​លំបាក​ណាស់ ក៏ប្រហែល​ជា​គ្មាន​អ្នក​ណា​យល់”។

ការ​វាយប្រហារ​ដោយ​ពាក្យ​សម្ដី និងការ bully តាមអ៊ិនធឺណិតធ្វើ​ឱ្យ​ផ្លូវ​ចិត្ត​របស់ Sulli ខ្សោយទៅៗរហូត​ដល់ចំណុចសូន្យ។ ការ​ស្នើសុំ​ជំនួយ​ដោយ​គ្មានការឆ្លើយតប ធ្វើ​ឱ្យ​នាង​ជ្រើសរើស​វិធីចុងក្រោយបំផុតគឺបញ្ចប់ជីវិតខ្លួនឯង ហើយ​​ក៏​មិន​បាន​បន្សល់​ទុក​សំបុត្រ​លាអ្វី​ដែរ។ តាម​រយៈ​សៀវភៅ​កំណត់ហេតុ​របស់​នាង ធ្វើ​ឱ្យ​មហាជន​អាច​ដឹង​ថា ពេលវេលា​ជីវិត​ចុង​ក្រោយ​របស់​នាងបាន​កន្លង​ទៅ​យ៉ាង​លំបាក។ ទំព័រ​ចុង​ក្រោយ​នៃ​សៀវភៅ​កំណត់ហេតុបាន​សសេរ​តែ​ពាក្យ​មួយ​ម៉ាត់គត់គឺពាក្យ “វេទនា”។

ដូចដែលយើងគ្រប់គ្នាដឹងស្រាប់ថាលើលោក​នេះគ្មាន​អ្នក​ណា​ជ្រើសរើស​បញ្ចប់​ជីវិត​ខ្លួន​ដោយ​គ្មាន​មូលហេតុ​នោះ​ទេ។ នាង​ប្រហែល​ជា​គិត​ថា​ការ​មាន​ជីវិត​រស់​នៅគឺពិត​ជា​លំបាកវេទនា​ពេកហើយ។

បន្ទាប់ពី Sulli បាត់បង់​ជីវិត ស្ថានីយទូរទស្សន៍កូរ៉េ SBS បាន​ផលិតកម្មវិធីពិសេស​មួយ​សម្រាប់ Sulli គឺកម្មវិធី “Unanswered Questions” ដើម្បី​ឱ្យ​ទស្សនិកជន​បាន​យល់​ពីរឿងរ៉ាវ​ពិត និង​ដើម្បី​មហាជន​អាច​យល់​ថា​ Sulli ត្រូវ​ប្រឈម​មុខ​នឹង​អ្វី​ខ្លះ ហើយ​អ្វី​ទៅ​ដែល​ធ្វើ​ឱ្យ​នាង​ដើរ​ដល់​ផ្លូវ​ទ័ល។ ក្រុមការងារ​កម្មវិធី​បាន​ទាក់ទង​ទៅ​កាន់​មនុស្ស​ជា​ច្រើនដែល​ធ្លាប់ Comment ជេរ Sulli និង​បាន​សម្ភាសពួក​គេ​បែប​សម្ងាត់ ធ្វើ​ឱ្យ​យើង​បាន​ឮ​ពាក្យ​សម្ដី​ដ៏ហួសចិត្តជាច្រើនដូចជា៖

អ្នក​លេងអ៊ិនធឺណិត A បាន​និយាយ​ថា៖ “Comment ដែល​ខ្ញុំ​ជេរ Sulli នោះបាន​កន្លង​ទៅ ១០០​សប្ដាហ៍​ហើយ។ បើខ្ញុំ​ទើប​តែ​សរសេរ​វាកំឡុង ១០​សប្ដាហ៍មុន Sulli បាត់បង់ជីវិត ខ្ញុំ​នឹង​សូមទោស។ ប៉ុន្តែ​ពេល​នេះ​វា​បាន​កន្លងផុត ១០​០សប្ដាហ៍​ហើយ អ្នក​ចង់​ឱ្យ​ខ្ញុំ​សុំទោសធ្វើអី​ទៀត?”

អ្នក​លេងអ៊ិនធឺណិត B និយាយថា៖ “ខ្ញុំគិតថាទោះបី Sulli ជាមនុស្ស​ស្រី ប៉ុន្តែ​នាង​មើល​ទៅ​រឹងមាំ​ជាង​មនុស្ស​ប្រុស​ទៅទៀត ដូច្នេះហើយការ​ដែល​ខ្ញុំជេរ​នាង ប្រហែលមិនធ្វើ​ឱ្យ​នាង​កើត​អី​នោះទេ នាងប្រាកដជា​ទទួល​យក​បាន ពាក្យ​សម្ដី​ទាំង​នោះ​មិន​អាច​ធ្វើ​អ្វី​នាង​បាន​ឡើយ”។

អ្នក​លេង​អ៊ិនធឺណិត C និយាយ​ថា៖ “ខ្ញុំ​មិន​បាន​ជេរ​ឱ្យ​នាង​ទៅ​ស្លាប់​ឯណា ខ្ញុំ​គិតថា​បើ​ជា​ការ​ជេរ​ឱ្យ​ទៅ​ស្លាប់ទើប​ជា​ Comment ដែល​មានផលអាក្រក់ ដូច្នេះហើយ​ដែល​ខ្ញុំ​ជេរ​នាង​ថារោគចិត្ត ឬ​អ្វី​ក៏​ដោយ ខ្ញុំ​គិត​ថា​ពាក្យ​សម្ដី​ទាំង​នេះ​មិន​បាន​បំផ្លាញ​នាង​ទេ”។

អ្នកលេងអ៊ិនធឺណិត D និយាយថា៖ “បើទទួលយក​រឿង​បែប​នេះ​មិន​បាន តើមក​ធ្វើ​ជា​អ្នក​សិល្បៈ​ធ្វើអី? ការ​ធ្វើ​ជា​បុគ្គល​សាធារណៈ គឺត្រូវ​ទទួល​យក​រឿង​ទាំងនេះ​ឱ្យ​បាន​ ត្រូវអត់? បើទទួល​យក​មិន​បាន គួរកុំ​បាច់​មកធ្វើ​អ្នក​សិល្បៈ​តាំង​ពី​ដំបូង”។

នៅមាន​ពាក្យ​សម្ដីជាច្រើន​ទៀត​ដែលមាន​ន័យ​ស្រដៀង​ៗ​នេះ។ អ្វី​ដែល​សំខាន់​នោះ​គឺ អ្នក​សរសេរ Comment ទាំងអស់​នេះមិនបាន​គិត​ថា​ខ្លួន​ឯង​មាន​បញ្ហា​ឡើយ ហើយ​គិត​ថា​បញ្ហា​គឺដោយសារ Sulli ខ្លួន​ឯង ដោយជឿថា Sulli គួរ​តែទទួល​យក​រឿង​ទាំង​អស់​នេះ​បាន។

ក្រៅពី​នេះ នៅ​មាន​សារព័ត៌មាន និងអ្នក​សរសេរព័ត៌មាន​ជាច្រើន​ដែល​បាន​ចុះផ្សាយ​ព័ត៌មាន​របស់ Sulli បែបអវិជ្ជមាន។ ស្ថានីយ SBS បានព្យាយាម​ស្វែងរក​អ្នក​សរសេរព័ត៌មាន​ទាំងនោះ ប៉ុន្តែ​លទ្ធផល​បង្ហាញ​ថា អ្នក​ដែល​សរសេរព័ត៌មាន​ទាំង​នោះសុទ្ធ​តែ​មិន​បាន​បញ្ចេញអត្តសញ្ញាណពិត​ប្រាកដ​របស់​ខ្លួន​ឯង ប៉ុន្តែ​ចេះ​តែ​សរសេរ​ប្រឌិត​ព័ត៌មានបញ្ចេញបញ្ចូល​សព្វសារពើដើម្បី​បាន Like & View។ អាជ្ញាធរ​នៅសមាគមអ្នកសារព័ត៌មាន​កូរ៉េខាងត្បូង​បាន​ឱ្យ​ដឹង​ថា អ្នក​ព័ត៌មានលាក់ឈ្មោះទាំងនេះ​សរសេរព័ត៌មាន​ដើម្បី​លុយដោយ​គ្មាន​ប្រភពភស្តុតាងយោងអ្វី​ឡើយ ពួក​គេ​ធ្វើ​ដើម្បី​ឱ្យ​បាន​ល្បី​ប៉ុណ្ណោះ​។ ចំណែក​ម្ចាស់​ស្ថាប័ន​ព័ត៌មាន​របស់​កូរ៉េ​ខាងត្បូងក៏​មិនដែលទាមទារ​មើល​ឯកសារយោង​ដូច​គ្នា ព្រោះពួក​គេ​ផ្ទាល់​ក៏​ត្រូវ​ការ​បង្កើត view ព្រោះ​បើ​ព័ត៌មាន​​ត្រូវ​បាន​ចែក​រំលែក​កាន់​តែទូលំទូលាយ ស្ថាប័ន​របស់​ពួក​គេ​ក៏​កាន់​តែ​ល្បីហើយ​នឹង​ទទួល​បាន​ថ្លៃ​ផ្សាយ​ពាណិជ្ជកម្ម​កាន់​តែ​ខ្ពស់។ ក្រោយ​ៗ​មក បើ​ទោះ​បីជា​ក្រុម​ការងារ​របស់​កម្មវិធីអាច​ទាក់ទង​ទៅ​អ្នក​ព័ត៌មាន​អនាមិក​មួយ​ចំនួន​បាន​តាម​ទូរស័ព្ទ ប៉ុន្តែ​ពួក​គេ​ក៏​មិន​បាន​គិត​ថា​ខ្លួន​បាន​បង្ក​បញ្ហា​ឡើយ ថែម​ទាំង​និយាយ​ទៀត​ថា បើ​ពួក​គេ​មិន​សរសេរ​ក៏​នៅ​មាន​អ្នក​ផ្សេង​សរសេរ ហើយ​គិត​ថា​រឿង​នេះ​ក៏​មិន​មែន​រឿង​ធំ​អ្វី ដោយ​មិន​បាន​ដឹង​ខ្លួន​ឡើយ​ថា Comment អាក្រក់​ៗ និង​ការ​ផ្សាយព័ត៌មាន​ទាំងអស់​នេះបាន​ទាញទម្លាក់ Sulli ចូល​នរក​ម្ដង​បន្តិចៗ។

ក្លាយ​ជាទេពធីតា​ម្ដង​ទៀត​ក្រោយ​ពេលស្លាប់

ការបាត់បង់​ជីវិត​របស់ Sulli បាន​បង្ក​ភាព​តក់​ស្លុត​នៅ​ទូទាំង​ប្រទេស​កូរ៉េខាងត្បូង។ គ្រួសារ​របស់​នាង​មិន​ចង់​ជឿ​ឡើយថានេះ​គឺ​ជា​ការ​ពិត ព្រោះ​បើ​ទោះ​ជា​ Sulli មាន​ជីវិត​លំបាក​យ៉ាង​ណា ប៉ុន្តែ​នាង​ក៏​មិន​ដែល​បង្ហាញ​ពី​ភាព​អស់​សង្ឃឹមឱ្យ​ក្រុម​គ្រួសារ​បាន​ឃើញ​ឡើយ។

មួយ​ខែ​មុន Sulli បាត់បង់​ជីវិត នាង​បាន​សរសេរ​ក្នុង​កំណត់ហេតុ​ថា៖ “ចង់ក្លាយ​ជា​មនុស្ស​ដែល​​អាចធ្វើ​ឱ្យ​គ្រប់គ្នា​មាន​អារម្មណ៍​កក់ក្ដៅ ចង់និយាយ​អរគុណ​ដល់​អ្នក​គ្រប់​គ្នា មិន​ថា​ក្នុង​អនាគតនឹង​ស្អប់គ្នា ឬស្រលាញ់​គ្នា គឺអាស្រ័យ​លើ​អ្នក​ទាំងអស់​គ្នា​ហើយ”។ សំណេរ​នេះ​អាច​ឱ្យ​យើង​យល់​បាន​ពី​អារម្មណ៍​របស់ Sulli ក្នុង​ពេល​នោះ។ បើ​ទោះ​បី​ជា​ត្រូវ​មហាជន​ជេរ​ស្ដី និង​មួល​បង្កាច់ ប៉ុន្តែ​នាង​នៅ​តែ​ព្យាយាម​ធ្វើ​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ដែល​គ្រប់​គ្នា​ចូលចិត្ត។

ដោយយល់ថា Sulli ត្រូវ​គេ​រិះគន់​យ៉ាងសាហាវ​កាល​នៅ​មាន​ជីវិត ដូច្នេះហើយ​បន្ទាប់​ពី Sulli ស្លាប់ មិត្តភ័ក្ដិ​និង​គ្រួសារបាន​រៀបចំ​ពិធី​បុណ្យ​សព​និង​កាន់​ទុក្ខ​យ៉ាង​ស្ងៀមស្ងាត់ ដោយសង្ឃឹម​ថា​នាង​នឹង​ចាកចេញ​ទៅ​ដោយ​ស្ងប់សុខ។

តែ​រឿង​ដែល​គួរ​ឱ្យ​អស់​សំណើច​នោះ​គឺ នៅ​ពេល​ដែល​ព័ត៌មាន​មរណភាព​របស់ Sulli ត្រូវ​បាន​ចុះផ្សាយ សិល្បករ និង​ស្ថាប័ន​ព័ត៌មាន​ធំ​ៗ​របស់​កូរ៉េខាងត្បូងបាន​ចូលរួម​បង្ហាញ​ការ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំចំពោះ​ការ​ចាកចេញ​របស់ Sulli។ ក្រុម​អ្នក​គាំទ្រ​ជា​ច្រើនបាន​រៀប​ចំ​កម្មវិធី​ផ្សេងៗ​ជា​ច្រើនដើម្បី​កាន់ទុក្ខនាង។ នៅ​លើអ៊ិនធឺណិត​មាន​តែ​ពាក្យ​កោតសរសើរ​ចំពោះ Sulli ចំណែក​ពាក្យ​ដៀលត្មះ និងមួលបង្កាច់​នាង​ក៏​ត្រូវ​បាន​កែប្រែ​ត្រលប់​ឱ្យ​គ្រប់​គ្នា​យល់ពី​នាង និងអភ័យទោស​ដល់​នាង។ កាល​មាន​ជីវិត​មាន​តែ​ពាក្យ​សម្ដី​បង្កប់​ពិស​ព្រួស​ដាក់​គ្នា ដល់​ពេល​នាង​ស្លាប់​បាត់​ទៅហើយ ទើបបែរ​មក​ធ្វើ​ល្អ និង​ផ្ដល់អំណោយ​ល្អៗ​បំផុតលើលោក​ឱ្យ​ទៅ​នាង ប៉ុន្តែ​នាង​លែង​ទទួល​ដឹង​អ្វី​ទៀត​ទៅហើយ។

បន្ទាប់​ពី Sulli ទទួល​មរណភាព វីដេអូ​សម្ភាស​មួយ​របស់​នាង​ត្រូវ​បាន​គេ​សើរើ​មក​ឡើងវិញ ដោយខណៈ​ដែល​នៅ​មាន​ជីវិត នាង​បាន​និយាយជាមួយ​ស្នាមញញឹមបង្កប់ទឹកភ្នែកថា៖ “បងៗ និងអ្នកសារព័ត៌មាន​អើយ ជួយ​អាណិត​ស្រលាញ់​ខ្ញុំ​បន្តិច​ទៅ ទស្សនិកជន​គ្រប់​គ្នា​ សូម​ជួយ​ស្រលាញ់​ខ្ញុំ​ផង”។

បន្ទាប់​ពី Sulli ស្លាប់ Goo Hara ដែលជាមិត្តជិតស្និទ្ធ​របស់​នាងធ្លាប់​បានយំ​ក្នុង​វីដេអូ Live និង​និយាយ​ថា នឹង​នាំ​យក​ដួងចិត្ត​និងវិញ្ញាណ​របស់ Sulli មកបន្តដើរទៅមុខ​ជាមួយ​នាង។ តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​នោះ​គឺ បន្ទាប់​ពី​នោះ​មិន​បាន​ប៉ុន្មាន នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ២០១៩ គេ​ក៏​ប្រទះ​ឃើញ Goo Hara ស្លាប់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន នៅ​វ័យ​ត្រឹម ២៨ឆ្នាំ។ មាន​ការ​សង្ស័យ​ថា ការ​ស្លាប់​បន្តបន្ទាប់​គ្នា​របស់ Sulli និង Goo Hara អាច​មាន​ពាក់ព័ន្ធ​នឹង​គ្រួសារ​អ្នក​មាន ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ គេ​មិន​បាន​រកឃើញ​ភស្តុតាង​អ្វីចំពោះ​រឿង​នេះ​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ​គឺ​បាន​ត្រឹម​តែ​សង្ស័យ។

តាម​រយៈ​ករណី​របស់ Sulli មេរៀនមួយដែលយើងគួររៀនសូត្រ​នោះគឺ ពាក្យ​សម្ដី​​មួយ​ប្រយោគៗ​នៅ​លើ​អ៊ិនធឺណិតអាច​ជួយ​ជីវិត​មនុស្ស​បាន ប៉ុន្តែ​ក៏​អាច​បំផ្លាញ​មនុស្ស​បាន​ដូច​គ្នា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង