ពិតតាមអ្វីដែលធ្លាប់បានលើកឡើង លោកគ្រូតា សាន គីមស៊ាន ជាសាស្ត្រាចារ្យក្រមាមាស បានដឹកនាំក្រុមល្បុក្កតោជាច្រើនរូបទៅសម្តែងផ្ទាល់ក្នុងនាម យុទ្ធនាការ «តស់ ហាត់ល្បុក្កតោនៅរោងកុន» នៅបរិវេណរោងភាពយន្តទំនើប ២ កន្លែង គឺ Prime Samai Square និង Legen Cinema Eden Garden កាលពីថ្ងៃ ១៦ ខែមីនា កន្លងទៅនេះ។
កម្មវិធីពញ្ញាក់អារម្មណ៍នេះ ធ្វើឡើងក្នុងបំណងបញ្ជ្រាបការយល់ដឹងពីសារៈសំខាន់នៃគុនល្បុក្កតោ សម្រាប់វប្បធម៌ជាតិ និងសុខភាពសាធារណជន។ មួយវិញទៀត លោកគ្រូតាក៏ចង់ទាញចំណាប់អារម្មណ៍បន្ថែមដល់ភាពយន្តខ្មែរខ្នាតវែងរឿង «ព្រលឹងល្បុក្កតោ» ដែលត្រូវកំពុងចាក់បញ្ចាំងតាមបណ្តារោងភាពផងដែរ។
ទាក់ទងការៀបចំកម្មវិធីនេះ លោកគ្រូតា សាន គឺមស៊ាន មានប្រសាសន៍ថា៖ «ល្បុក្កតោ» មានប្រយោជន៍មិនមែន សម្រាប់តែប្រយុទ្ធឬការពារខ្លួនទេ តែក៏ជួយឱ្យរាងកាយយើងមានសុខភាពល្អដែរ។ ដូច្នេះ ខ្ញុំសូមយកឱកាសចាក់រឿង «ព្រលឹងល្បុក្កតោ» ថ្ងៃដំបូង មកបង្ហាញទេពកោសល្យក្បាច់គុនរបស់កូនសិស្សខ្ញុំជំនាន់ក្រោយ ដល់ទស្សនិកជន តាមរោងភាពយន្ត ដូចនៅទីនេះផ្ទាល់»។
បន្ទាប់ពីទស្សនាចប់ទស្សនិកជនរោងភាពយន្ត និងអតិថិជនផ្សារនានា បានសុំថតរូប យ៉ាងសស្រាក់សស្រាំជាមួយ បងប្អូនអ្នកសម្តែងគុនល្បុក្កតោ និងលោកគ្រូតា ហើយអ្នកខ្លះក៏បានហាត់តាមក្បាច់មូលដ្ឋានខ្លះដូចដែលគ្រោងទុកមែន។ តាមការរាយការណ៍របស់ក្រុមកាងារសម្តែង មានបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយកន្លែង នឹងនាំក្រុមការងាររបស់ ខ្លួនមកទស្សនារឿង «ព្រលឹងល្បុក្កតោ» ក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ដែរថា «ព្រលឹងល្បុក្កតោ» កំពុងចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែមីនា នេះតទៅ។! ចូលរួម ទស្សនា «ព្រលឹងល្បុក្កតា» ដើម្បីរក្សាកេរដំណែលដូនតា និងវប្បធម៌ ជាតិខ្មែរ៕





















































Account
Security
Favourite Content