ធម្មតាមនុស្សយើងក្រោយពីស្រវឹងស្រាពីយប់ហើយ ព្រឹកឡើងមិនទាន់ស្វាងបានភ្លាមៗនោះទេ។ យើងនឹងអស់កម្លាំង ចង់ក្អួតចង្អោរ ឈឺក្បាល វិលមុខ និងអាការៈផ្សេងៗទៀត។ ស្របពេលនេះដែរ ក៏មានមនុស្សមួយចំនួនជ្រើសយកការទទួលទានភេសជ្ជៈផ្សេងៗមកបន្សាបជាតិស្រវឹង។ ប៉ុន្តែក្រៅពីភេសជ្ជៈ អាហារ ផ្លែឈើ ៦ មុខខាងក្រោមនេះក៏អាចជួយបន្សាបជាតិស្រវឹងក្នុងខ្លួនយើងបានដែរ៖
១. ផ្លែចេក
ជាតិអាល់កុលនឹងធ្វើឱ្យរាងកាយយើងបាត់ជាតិទឹក ក៏ដូចជាអេឡិចត្រូលីតដូចជាប៉ូតាស្យូម និងសូដ្យូម។ ប៉ុន្តែផ្លែចេកគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយប៉ូតាស្យូមដែលកាត់បន្ថយការបាត់បង់ជាតិទឹកក្នុងរាងកាយបានយ៉ាងល្អ។
២. ផ្លែឪឡឹក
ការបាត់បង់ជាតិទឹកដោយសារគ្រឿងស្រវឹងនឹងធ្វើឱ្យយើងមានឈឺក្បាលយូរផងដែរព្រោះវាបានរំខាន និងប៉ះពាល់ដល់លំហូរឈាមទៅខួរក្បាល។ ដូចនេះផ្លែឪឡឹកក៏អាចដើរតួជាអ្នកដោះស្រាយបញ្ហានេះបានដែរព្រោះវាសម្បូរដោយ L-citrulline ជាសារធាតុដែលអាចបង្កើនលំហូរឈាម។ លើសពីនេះទៀត ផ្លែឪឡឹកក៏ជាផ្លែឈើដែលមានជាតិទឹកខ្ពស់ផងដែរ។
៣. មើមដំឡូងជ្វា
ដំឡូងគឺជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន A ម៉ាញ៉េស្យូម និងប៉ូតាស្យូមជាដើម។ ជាពិសេសវីតាមីន A អាចជួយប្រឆាំងនឹងការរលាកបណ្ដាលមកជាតិអាល់កុល ខណៈពេលម៉ាញេស្យូម និងប៉ូតាស្យូមជាអ្នកចូលទៅបំពេញអ្វីដែលរាងកាយបានបាត់បង់ក្រោយពេលទទួលទានគ្រឿងស្រវឹង។
៤. ស៊ុត
ស៊ុតសម្បូរទៅដោយសារធាតុ cysteine ជាអាស៊ីតអាមីណូដែលរាងកាយប្រើប្រាស់ដើម្បីបង្កើតសារធាតុប្រឆាំងអុកស៊ីតកម្ម glutathione ។ ការទទួលទានគ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់ការរក្សាទុក ឬអាចបំផ្លាញជាតិ Glutathione ដែលជាហេតុរាងកាយមិនអាចបន្សាបជាតិស្រវឹងបាន។ ដូច្នេះការទទួលទានស៊ុតដែលមានសារធាតុ cysteine ក៏ជាវិធីជួយសម្រួលដល់អាការៈក្រោយស្រវឹងស្រាផងដែរ។
៥. តែបៃតង
តែបៃតងក៏អាចដើរតួជាភ្នាក់ងារប្រឆាំងនឹងជាតិអាល់កុលបានដែរដោយសារសមាសធាតុដែលនៅក្នុងតែបៃតងនឹងចូលទៅជួយកាត់បន្ថយការប្រមូលជាតិអាល់កុលក្នុងឈាម។ ស្របពេលដែលវាក៏មានគុណសម្បត្តិក្នុងការកាត់បន្ថយអាការៈក្រោយស្រវឹងដែលជះផលប៉ះពាល់ដល់រាងកាយ។
៦. ទឹកប៉េងប៉ោះស្រស់
ទឹកប៉េងប៉ោះស្រស់ក៏មានគុណសម្បត្តិមិនចាញ់តែបៃតងដែរ។ តាមការស្រាវជ្រាវបានបង្ហាញផ្លែប៉េងប៉ោះមានផ្ទុកនូវសារធាតុដែលអាចជួយការពាររបួសថ្លើមផងដែរ។ ហើយការទទួលទានគ្រឿងស្រវឹងច្រើននាំឱ្យថ្លើមរងផលប៉ះពាល់យ៉ាងខ្លាំង។ ដូច្នេះតាមទ្រឹស្ដី និងការសិក្សាទើបគេអាចសន្និដ្ឋានបានថាប៉េងប៉ោះអាចជួយកាត់បន្ថយឥទ្ធិពលនៃគ្រឿងស្រវឹងបាន៕

























Account
Security
Favourite Content