គ្មាននរណាម្នាក់ដែលសប្បាយចិត្តនឹងកើតមុននោះទេមិនថាលើផ្ទៃមុខ ឬដងខ្លួនដោយសារវាអាចធ្វើឱ្យយើងឡើងស្នាមអុជខ្មៅ និងមុខស្រអាប់មិនស្អាតថែមទាំងបាត់បង់នូវទំនុកចិត្តក៏ដូចជាភាពជឿជាក់ទៀតផង។ ជាពិសេសមុននៅលើខ្នងដែលភាគច្រើននឹងកើតពេលយើងឈានចូលវ័យជំទង់។ ដូច្នេះសម្រាប់អ្នកចង់បំបាត់មុនខ្នងអាចសាកល្បង ៥ វិធីដូចខាងក្រោមនេះបាន៖
១. ប្រើផលិតផលសម្អាតស្បែក

ជាទូទៅយើងតែងតែសម្អាតជាមួយសាប៊ូដុសខ្លូនដើម្បីកម្ចាត់មេរោគ និងជាតិកខ្វក់ចេញពីស្បែកពិតមែន។ ប៉ុន្តែសម្រាប់អ្នកមានបញ្ហាឡើងមុនខ្នងគឺត្រូវបានគេណែនាំឱ្យប្រើប្រាស់ផលិតផលដែលផ្សំពីរូបមន្ដសំខាន់ៗដើម្បីកម្ចាត់មុនលើស្បែក។ លើសពីនេះទៀត ការប្រើប្រាស់ផលិតផលដែលមានរូបមន្ដបែបនេះមិនត្រឹមតែជួយកាត់បន្ថយការឡើងមុនខ្នងនោះទេ វាថែមទាំងមានមុខងារប្រឆាំងនឹងការកើតមុនផងដែរ។
២. សាកល្បងប្រើផលិតផលដែលមានសារធាតុ Retinoid

សារធាតុ Retinoid ភាគច្រើនត្រូវបានគេប្រើប្រាស់នៅក្នុងផលិតផលថែរក្សាស្បែកមុខ ជាពិសេសសម្រាប់អ្នកមានបញ្ហាមុខមុន។ ប៉ុន្តែសារធាតុមួយនេះក៏អាចយកទៅប្រើនៅលើដងខ្លួនបានដែរ។ សារធាតុ Retinoid មានតួនាទីក្នុងការព្យាបាលមុនដោយគ្រប់គ្រងការផ្លាស់ប្ដូរកោសិកាស្បែក ជួយកាត់បន្ថយការរលាកយ៉ាងជ្រៅក្នុងស្បែក ព្រមទាំងអាចជួយការពារការឡើងមុនថ្មីទៀតផង។ សម្រាប់អ្នកដែលមិនទាន់យល់ច្បាស់ពីប្រើប្រាស់សារធាតុមួយនេះអាចទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន។
៣. ប្រើផលិតផលការពារកម្ដៅថ្ងៃ

មនុស្សភាគច្រើននឹងប្រើប្រាស់ឡេការពារកម្ដៅថ្ងៃនៅលើមុខ និងដៃជើងប៉ុណ្ណោះ។ ភាគច្រើនយើងអាចនឹងមិនសូវបានចាប់អារម្មណ៍ទៅលើការការពារស្បែកខ្នងពីពន្លឺព្រះអាទិត្យប៉ុន្មាននោះទេ ឬអាងថាយើងបានពាក់អាវជិតហើយ។ ប៉ុន្តែស្បែកខ្នងរបស់យើងក៏អាចរងផលប៉ះពាល់ពីកាំរស្មី UV ផងដែរហើយវាធ្វើឱ្យឆាប់ជ្រីវជ្រួញ និងកើតមុនផងដែរ។ ដូច្នេះការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃទៅលើស្បែកខ្នងក៏ជារឿងដែលយើងមិនត្រូវភ្លេចឡើយ។
៤. ប្ដូរខោអាវភ្លាមបន្ទាប់ពីហាត់ប្រាណរួច

លំហាត់ប្រាណ ឬការធ្វើពលកម្មឱ្យចេញគឺជារឿងល្អ។ ប៉ុន្តែក្រោយពេលហាត់ប្រាណហើយ យើងមិនគួរត្រាំខ្លួនជាមួយញើសយូរនោះទេ។ ដោយសារបាក់តេរីរួមផ្សំជាមួយញើសដែលស្អិតជាប់អាវនោះនឹងកកើតទៅជាមុនតែម្ដង។ ដូច្នេះហើយក្រោយពេលហាត់ប្រាណហើយ ជាការប្រសើរបើសិនយើងប្រញាប់ទៅលាងសម្អាតខ្លួន និងផ្លាស់ប្ដូរសម្លៀកបំពាក់។
៥. ព្យាយាមកុំកេះ និងញេចមុនខ្នង

មិនថាតែផ្ទៃមុខទេ សូម្បីតែមុននៅលើខ្នងក៏យើងមិនគួរកេះ ឬញេចវាឡើយព្រោះវាប្រៀបដូចជាមុខរបួសដែលងាយឆ្លងមេរោគ និងនាំឱ្យកើតមុនកាន់ច្រើន។ លើសពីនេះទៀត សម្រាប់អ្នកមានបញ្ហាឡើងមុនខ្នងក៏មិនគួរប្រើផលិតផលដែលមានជាតិកាត់ខ្លាំងនោះទេដោយសារវានឹងធ្វើឱ្យស្បែកយើងកាន់តែធ្ងន់ធ្ងរបន្ថែមទៀតប៉ុណ្ណោះ៕























Account
Security
Favourite Content