ក្រោយបេក្ខភាព Miss Planet International ២០២៥ បានមកជួបជុំគ្នានាទឹកដីកម្ពុជា ដែលជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតរួចមកនោះ អ្នករៀបចំកម្មវិធីបានដឹកនាំបវរកញ្ញាមកពីគ្រប់ទិសទីទៅទស្សនកិច្ច និងចូលរួមកម្មវិធីផ្សេងៗបណ្ដើរៗហើយ។

ក្នុងនោះដែរកាលពីថ្ងៃអាទិត្យ ទី ៨ ខែមីនា ឆ្នាំ ២០២៦ ម្សិលមិញនេះថ្នាក់ដឹកនាំកម្មវិធីបាន បេក្ខភាពបវរកញ្ញាភពផែនដីអន្តរជាតិ លើកទី ៥ ឆ្នាំ ២០២៥ ទាំង ៣២ ប្រទេសជុំវិញពិភពលោក ទស្សនារូបគំនូរសិល្បៈដើម្បីសន្តិភាព ដែលស្ថិតនៅសួនច្បារមុខវត្តបុទុមវត្តី បានមើលឃើញពីឈឺចាប់របស់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារ ដែលរងការឈ្លានពានពីសំណាក់ប្រទេសជិតខាង កាលពីអំឡុងចុងឆ្នាំ ២០២៥។
បេក្ខភាពតំណាងប្រទេសកម្ពុជាកញ្ញា Sydney Marith មានអារម្មណ៍ក្ដុកក្ដួលពេលស្ដាប់ឮ មើលឃើញការឈឺចាប់ រងរបួសរបស់ពលរដ្ឋខ្មែរក្នុងកំឡុងពេលជម្លោះព្រំដែនរវាងខ្មែរ និងសៀម។ នាងបានបង្ហូរទឹកភ្នែក ព្រោះតែរូបភាពខ្លោចផ្សានៃជនជាតិខ្មែរ ដែលមិនបានដឹងអ្វីសោះ តែបែរជាព្រាត់ប្រាសផ្ទះសម្បែង ដែលធ្លាប់តែជ្រកកោន ហើយអ្នកខ្លះទៀតត្រូវបែកបាក់ពីសាច់ញាតិយ៉ាងកម្សត់កម្រ។ ចំណែកឯបេក្ខនារីដទៃទៀត ពេលបានឃើញការឈឺចាប់បង្ហាញលើផ្ទាំងគំនូរ ក៏បានបង្ហាញទឹកមុខក្រៀមក្រំដែលកម្ពុជាបានជួបរឿងយ៉ាងអកុសលបែបនោះ។

ផ្ទាំងគំនូរសិល្បៈ ដែលត្រូវបានគូរដោយវិចិត្រករខ្មែរ ក៏ជាការបង្ហាញថាប្រជាជនកម្ពុជាយល់ច្បាស់ពីគុណតម្លៃនៃសុខសន្តិភាព ហើយកម្ពុជាគាំទ្រការដោះស្រាយដោយសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនេះ មិនត្រឹមតែជាស្នាដៃសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជារូបគំនូរសិល្បៈ ដែលបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលប្រជាពលរដ្ឋកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក ជាពិសេសក្នុងបរិបទជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាង។
ក្រៅពីទៅទស្សនារូបគំនូរសិល្បៈ ដើម្បីសន្តិភាព Miss Planet International 2025 ទាំង ៣២ ប្រទេស ក៏បានទៅទស្សនកិច្ចនៅសាកលវិទ្យាល័យប៊ែលធី ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងជំរុញទឹកចិត្តដល់អ្នកដឹកនាំជំនាន់ក្រោយ។ គួរបញ្ជាក់ផងដែរថា Miss Planet International 2025 កាលពីយប់មិញក៏បានរៀបចំកម្មវិធីបំពាក់ឆៀងដល់បេក្ខភាពទាំង ៣២ រូប យ៉ាងឱឡារិកថែមទៀតផង៕





















រូបភាព៖ BELTEI International University























Account
Security
Favourite Content