«កំលោះស្រុកខ្មែរ» បើទោះជាចេញជាង ១ឆ្នាំក៏ពិតមែន តែនៅអាចទាក់ទាញអ្នកស្ដាប់បានមិនឈប់ឈរ ហើយមកទល់ពេលនេះ មានអ្នកចូលមើលក្នុង YouTube ដល់ទៅ ១០០ លានដងទៅហើយ។ ការចាប់ដៃគ្នាផលិតចម្រៀងលើកដំបូងនេះ ទទួលបានជោគជ័យខ្លាំង។



ក្រោយទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះហើយ ទាំង វណ្ណថាន និង វណ្ណដា បានបង្ហោះសារអបអរ ក៏ដូចជាអារម្មណ៍រំភើប ដែលបទដ៏ល្បីមិនថាក្នុង និងក្រៅប្រទេសមួយនេះ ពិតជាស័ក្ដិសមខ្លាំងណាស់ ហើយក៏ជាបទដែលទាក់ទាញចិត្តអ្នកស្ដាប់គ្រប់វ័យតែម្ដង។ វណ្ណថាន ក៏បានបង្ហោះ story ហ្វេសប៊ុកដូចគ្នានឹង វណ្ណដា ដែរ ព្រោះបទនោះ គឺជាសមិទ្ធផលរួមគ្នា។
បទ «កំលោះស្រុកខ្មែរ» ដែលមានបញ្ចូលទាំងភ្លេងបុរាណខ្មែរ ហើយការសម្ដែងទៀតសោតមានគឺជាបែបផែនខ្មែរសុទ្ធសាធ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរមិនឈប់។ តារាចម្រៀងក្នុងផលិតកម្មបារមី ទាំង ២ សុទ្ធសឹងតែមានសមត្ថភាពដូចគ្នាទាំងការតែងនិពន្ធ និងធ្វើភ្លេង ដូចនេះហើយបទនីមួយៗដែលបុរសសម្បុរខ្មែរអង្គរទាំងទ្វេ ល្អ និងមានអ្នកគាំទ្រច្រើន។

ក្រៅពី «កំលោះស្រុកខ្មែរ» វណ្ណថាន និង វណ្ណដា ក៏មានបទសហការគ្នាបន្ថែមទៀតដែរគឺបទ «មិនអាចវិលវិញ» ដែលចេញពីអំឡុងពេល ពិធីបុណ្យចូលឆ្នាំខ្មែរ ហើយក៏ល្បីដូចគ្នា ហើយចំនួនអ្នកមើលលើ YouTube សុទ្ធតែខ្ទង់លាននាក់ដូចគ្នា។ មិនត្រឹមជោគជ័យក្នុង MV ឡើយ វណ្ណថាន និង វណ្ណដា ក៏ត្រូវបានអញ្ជើញឲ្យទៅសម្ដែងរួមគ្នាជាច្រើនកម្មវិធីទៀតផង ទាំងនៅក្នុង និងក្រៅស្រុក៕

























Account
Security
Favourite Content