យោងតាមគេហទំព័រ divorce.com មូលហេតុនៃការលែងលះទូទាំងពិភពលោករួមមានភាពមិនស្មោះត្រង់ ការរៀបការក្នុងវ័យក្មេងពេក បញ្ហាហិរញ្ញវត្ថុ និងអំពើហិង្សាជាដើម។ ជាក់ស្ដែងបើតាមរបាយការណ៍គិតត្រឹមឆ្នាំ ២០២៤ អត្រាលែងលះនៅបណ្ដាប្រទេសនៅអាស៊ីបាននិងកំពុងផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។ ក្នុងនោះមានដូចជា៖
១. តៃវ៉ាន់

យោងតាមស្ថិតិគិតពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០២៣ អត្រាលែងលះនៃតៃវ៉ាន់មានចំនួន ២.២៧% ក្នុងចំនួនប្រជាជន ១០០០ នាក់។ ក្នុងកិច្ចការស្រាវជ្រាវជាច្រើនបានបង្ហាញថាការលែងលះមានទំនោរលើការធ្លាក់ចុះចំណង់រៀបអាពាហ៍ពិពាហ៍ មិនមានចំណង់រៀបការម្ដងទៀតក្រោយលែងលះ និងចូលចិត្តនៅលីវជាដើម។
២. ប្រទេសចិន
គិតមកដល់អត្រានៃការលែងលះថ្មីៗនៅប្រទេសចិនគឺកើនឡើងលើស ២% ក្នុងចំណោមប្រជាជន ១០០០ នាក់ ហើយអត្រានេះផងដែរក៏ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតដែរ។ នៅក្នុងការស្រាវជ្រាវបានបង្ហាញថាអំឡុងទសវត្សរ៍ថ្មីក្រោយៗនេះមូលហេតុជាទូទៅនៃការលែងលះគឺបណ្ដាលមកពីការផ្លាស់ប្ដូរមនោគមន៍វិជ្ជា និងទំនើបកម្មជាបន្ដបន្ទាប់ (ទាំងការអប់រំ និងសេដ្ឋកិច្ច)។ ជាមួយគ្នានេះ ហេតុផលផ្សេងពីនេះក៏បូកបញ្ចូលទាំងការមិនពេញចិត្តនឹងជីវិតអាពាហ៍ពិពាហ៍ និងអំពើផិតក្បត់ផងដែរ។
៣. ប្រទេសកូរ៉េខាងត្បូង

នៅឆ្នាំ ២០២៣ អត្រាលែងលះនៅប្រទេសកូរ៉េខាងត្បូងបានចំនួន ១.៨% ក្នុងចំណោមប្រជាជន ១០០០ នាក់ដែលមិនខុសគ្នាឆ្ងាយពីឆ្នាំមុនឡើយ។ ចំពោះមូលហេតុនៃការលែងលះរបស់ជនជាតិកូរ៉ដែលត្រូវបានលើកយកយកញឹកញាប់បំផុតគឺជម្លោះបុគ្គលិកលក្ខណៈ។ ជាមួយគ្នានេះក៏ដោយសារមនុស្សស្រីនៅទីនោះភាគច្រើនមានឯករាជ្យសេដ្ឋកិច្ចផ្ទាល់ខ្លួន និងមិនរំពឹងខ្លាំងទៅលើប្ដីនោះទេ។ ដូច្នេះពួកគេនឹងមិនអត់ធ្មត់រស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ដែលមិនមានភាពស្មោះត្រង់ និងស្ថិតក្នុងស្ថានការណ៍លំបាកឡើយ។ ជាងនេះទៅទៀត យោងតាមការស្រង់មតិពីស្រ្តីដែលបានលែងលះហើយគឺពួកគេមានអារម្មណ៍រីករាយបន្ទាប់ពីចែកផ្លូវគ្នា។
៤. ប្រទេសសិង្ហបុរី
សម្រាប់ប្រទេសសិង្ហបុរីក៏មានអត្រានៃការរំលាយអាពាហ៍ពិពាហ៍មិនចាញ់ប្រទេសកូរ៉េខាងត្បូងដែរគឺចំនួន ១.៧% ក្នុងចំណោមប្រជាជន ១០០០ នាក់។ ចំពោះមូលហេតុចម្បងនៃការលែងលះទីមួយគឺមកពីការទទួលយកមិនបាននូវអំពើផិតក្បត់ និងអាកប្បកិរិយាមិនសមរម្យយ៉ាងហោចរយៈពេល ២ ឆ្នាំ ទីពីរការយល់ព្រមរស់នៅបែកគ្នា ៣ ឆ្នាំ និងទីបីរស់នៅដាច់ពីគ្នារយៈពេល ៤ ឆ្នាំ។ ជាងនេះទៅទៀត ថ្មីៗនេះករណីអាយុរបស់គូស្វាមីភរិយាក៏កត្តាដ៏គួរព្រួយបារម្ភមួយផងដែរ។ ជាពិសេសការផិតក្បត់គឺជាមូលហេតុចម្បងនៃការលែងលះតែម្ដង ខណៈដែលគូស្វាមីភរិយាមួយចំនួនព្យាយាមដោះស្រាយដែរតែមិនទទួលបានលទ្ធផលឡើយ។
៥. ប្រទេសជប៉ុន

ខណៈប្រទេសជប៉ុនជាប្រទេសស្ងប់ស្ងាត់ ក៏អត្រានៃការលែងលះក្នុងប្រទេសជប៉ុនមានកម្រិត ១.២% ដែរ។ ស្របពេលដែលអត្រាលែងលះមានកម្រិតមិនទាបគឺដោយសារតែការដោះដូររវាងរវាងអាពាហ៍ពិពាហ៍ និងសមភាពយេនឌ័រ។ ការលើកយកមូលហេតុទាំងនេះគឺដើម្បីជួយជំរុញទៅរកភាពស្មើគ្នារវាងភេទទាំងពីរ កាត់បន្ថយភាពអាស្រ័យលើគ្នារវាងប្ដីប្រពន្ធ ការទូទាត់ការចំណាយ និងអត្ថប្រយោជន៍ក្នុងអាពាហ៍ពិពាហ៍ជាដើម៕




















































Account
Security
Favourite Content