នៅតំបន់អាស៊ីអាគ្នេយ៍ ការយកពន្ធទៅលើគ្រឿងស្រវឹងគឺមានគម្លាតខុសគ្នាខ្លាំងដោយសារកត្តារួមផ្សំជាច្រើនដូចជាសាសនា បញ្ហាសុខភាពសាធារណៈ និងយុទ្ធសាស្រ្តហិរញ្ញវត្ថុសាធារណៈជាដើម។ យោងតាមសន្ទស្សន៍តម្លៃក្នុងតំបន់ពីធនាគារពិភពលោក World Bank និងរចនាសម្ព័ន្ធពន្ធពិសេសដែលចងក្រងដោយអង្គការសុខភាពពិភពលោក (WHO) ប្រទេសចំនួន ៥ ដែលមានបន្ទុកពន្ធលើគ្រឿងស្រវឹងខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន៖

១. ប្រទេសសិង្ហបុរី
ប្រទេសសិង្ហបុរីបានផ្ដល់អាទិភាពខ្ពស់បំផុតទៅលើសណ្តាប់ធ្នាប់សាធារណៈ និងគំរូ ពន្ធលើទំនិញដែលបង្កគ្រោះថ្នាក់ដល់សង្គម ឬ Sin Tax Model។ ផ្អែកតាមគេហទ័ព័រ Vino Joy News ប្រទេសសិង្ហបុរីបានចាត់ទុកគ្រឿងស្រវឹងទៅក្នុងលក្ខណៈស្រដៀងគ្នាទៅនឹងផលិតផលថ្នាំជក់ និងយានយន្ត។ គេចាត់ចំណាត់ថ្នាក់វាចូលជាទំនិញប្រណិត និងជាភេសជ្ជៈមួយដែលបង្កងាយគ្រោះថ្នាក់ដល់សង្គម។ ជំនួសឱ្យការយកពន្ធផ្អែកលើតម្លៃនៃដបផលិតផល ប្រទេសសិង្ហបុរីអនុវត្តប្រព័ន្ធពន្ធជាក់លាក់មួយដោយផ្អែកលើបរិមាណអេតាណុលដោយគិតពន្ធក្នុងអត្រា ៨៨ ដុល្លារសិង្ហបុរី (ប្រហែលជិត ៧០ ដុល្លារ) ក្នុងមួយលីត្រនៃជាតិអាល់កុលសុទ្ធ។ នេះមានន័យថាភេសជ្ជៈដែលមានជាតិអាល់កុលខ្លាំងនឹងត្រូវទទួលរងបន្ទុកចំណាយខ្ពស់បំផុត។
សម្រាប់ចេតនានៃការយកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹងគឺដើម្បីរក្សាតម្លៃលក់រាយឱ្យនៅខ្ពស់ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានតឹងរ៉ឹង ទប់ស្កាត់ការផឹកគ្រឿងស្រវឹងហួសកម្រិត និងធានាថាប្រជាជនដែលមានជីវភាពធូរធារត្រូវចំណាយប្រាក់បន្ថែមសម្រាប់ទំនិញដែលមិនមែនជាតម្រូវការចាំបាច់។

២. ប្រទេសម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ីបានផ្ដល់អាទិភាពខ្ពស់ក្នុងសមាសភាពនៃសាសនា ជាពិសេសគឺគោលនយោបាយសីលធម៌។ នៅប្រទេសម៉ាឡេស៊ីមានប្រជាជនជាង ៦០% ជាអ្នកកាន់សាសនាឥស្លាម ដូច្នេះការទទួលទានគ្រឿងស្រវឹងត្រូវបានចាត់ទុកថាជាការល្មើសទៅនឹងគោលការណ៍សាសនា។ រដ្ឋាភិបាលម៉ាឡេបានដាក់បន្ទុកពន្ធលើគ្រឿងស្រវឹងក្នុងអត្រាខ្ពស់បំផុតមួយនៅលើពិភពលោកដោយពន្ធទាំងនេះមានកម្រិតចាប់ពី ១៥០% ទៅ ២៥០% នៃតម្លៃផលិតផល អាស្រ័យលើកម្រិតជាតិអាល់កុលដែលមាននៅក្នុងនោះ។ ការដាក់ពន្ធក្នុងអត្រាខ្ពស់នេះដើរតួជាឧបសគ្គដ៏ល្អទាំងផ្នែកនយោបាយ និងសង្គមដែលធ្វើឱ្យគ្រឿងស្រវឹងមានតម្លៃថ្លៃ និងមិនត្រូវបានលើកទឹកចិត្តនៅក្នុងសង្គមសម្រាប់សាធារណជនទូទៅ ខណៈពេលដែលរដ្ឋអាចរកចំណូលបានពីប្រជាជនដែលមិនមែនជាអ្នកកាន់សាសនាឥស្លាម និងពីភ្ញៀវទេសចរ។ នេះយោងទៅតាម Sage Journals។

៣. ប្រទេសឥណ្ឌូនេស៊ី
ស្រដៀងគ្នានឹងប្រទេសម៉ាឡេស៊ីដែរ ប្រទេសឥណ្ឌូនេស៊ីបានប្រើប្រាស់គោលនយោបាយពន្ធខ្ពស់ជាឧបករណ៍ចម្បងដោយផ្អែកលើហេតុផលសង្គម និងសាសនា។ រដ្ឋាភិបាលឥណ្ឌូនេស៊ីអនុវត្តអត្រាពន្ធនាំចូលខ្ពស់ រួមជាមួយប្រព័ន្ធពន្ធពិសេស (excise tax) ពីរជាន់ ដែលដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើគ្រឿងស្រវឹងនាំចូលពីបរទេស។ តាមរយៈការដំឡើងថ្លៃលើគ្រឿងស្រវឹងនាំចូលប្រភេទថោក និងមានបរិមាណច្រើនរដ្ឋាភិបាលអាចកាត់បន្ថយការប្រើប្រាស់សរុបព្រមទាំងទប់ស្កាត់ការវាយលុក និងគ្របដណ្ដប់ទីផ្សារក្នុងស្រុកពីសំណាក់គ្រឿងស្រវឹងបរទេសផងដែរ។
៤. វៀតណាម
វៀតណាមគឺជាទីផ្សារស្រាបៀរធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលវិបត្តិសុខាភិបាលសាធារណៈដែលកំពុងកើនឡើងធ្ងន់ធ្ងរ។ យោងតាមរបាយការណ៍ពី World Bank Group ចាប់តាំងពីឆ្នាំ ១៩៩០ មកប្រទេសនេះបានជួបប្រទះនូវការកើនឡើងយ៉ាងគំហុកដល់ទៅ ៤៦០% នៃអត្រាមរណភាព និងជំងឺដែលពាក់ព័ន្ធនឹងការបរិភោគគ្រឿងស្រវឹង។ កត្តានេះត្រូវបានគេរកឃើញមូលហេតុធំបំផុតគឺបណ្តាលមកពីតម្លៃគ្រឿងស្រវឹងក្នុងស្រុកមានកម្រិតទាបខ្លាំង។ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះរដ្ឋសភាវៀតណាមបានអនុម័តផែនការដំឡើងពន្ធពិសេសលើការប្រើប្រាស់ (Special Consumption Tax) ពីអត្រាបច្ចុប្បន្ន ៦៥% ទៅដល់ ៩០% នៅត្រឹមឆ្នាំ ២០៣១។ គោលនយោបាយនេះមានគោលបំណងកាត់បន្ថយការបរិភោគគ្រឿងស្រវឹង ដើម្បីសម្រាលបន្ទុកយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធសុខាភិបាលជាតិ។

៥. ប្រទេសថៃ
យោងតាម World Customs Journal ប្រទេសថៃបានអនុវត្តប្រព័ន្ធពន្ធពិសេសដែលមានការកំណត់គោលដៅចំណាយច្បាស់លាស់ (Earmarked Tax)។ ថវិកាមួយផ្នែកដែលប្រមូលបានពីពន្ធគ្រឿងស្រវឹងត្រូវបានបង្វែរដោយផ្ទាល់ទៅកាន់អង្គការលើកកម្ពស់សុខភាពថៃ (ThaiHealth) ដើម្បីគាំទ្រយុទ្ធនាការកាត់បន្ថយការសេពគ្រឿងស្រវឹង ការលើកកម្ពស់កីឡានៅតាមមូលដ្ឋាន និងការស្រាវជ្រាវវេជ្ជសាស្ត្រ។ ទោះបីជាមានការដេញដោលផ្នែកនីតិប្បញ្ញត្តិថ្មីៗនេះ ក្នុងការកាត់បន្ថយរបាំងនាំចូលដើម្បីជំរុញវិស័យទេសចរណ៍យ៉ាងណាក៏ដោយ ក៏ប្រទេសថៃនៅតែបន្តរក្សាប្រព័ន្ធពន្ធចម្រុះដ៏ស្មុគស្មាញរួមមានពន្ធតាមតម្លៃទំនិញ (Ad Valorem Tax) និងពន្ធតាមបរិមាណ (Specific Tax) ដើម្បីកម្រិតការបរិភោគគ្រឿងស្រវឹងដែលមានកម្រិតអាល់កុលខ្ពស់ក្នុងចំណោមប្រជាពលរដ្ឋ។
ជារួមគោលនយោបាយដំឡើងពន្ធលើគ្រឿងស្រវឹងយ៉ាងខ្លាំងក្លារបស់ប្រទេសទាំង ៥ នេះ គឺជាវិធានការចាំបាច់ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានជាច្រើនកើតឡើងដោយសារការសេពគ្រឿងស្រវឹង។ វាមិនត្រឹមតែបំផ្លាញសុខភាពរាងកាយ បង្កជំងឺរ៉ាំរ៉ៃ គ្រោះថ្នាក់ចរាចរណ៍ និងអំពើហិង្សាក្នុងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួជាឧបសគ្គលាក់មុខ រារាំងដល់ការអភិវឌ្ឍប្រទេសជាតិតាមរយៈការកាត់បន្ថយផលិតភាពនៃកម្លាំងពលកម្ម បង្កើនបន្ទុកចំណាយរាប់លានដុល្លារលើប្រព័ន្ធសុខាភិបាលជាតិ និងប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះ ការដំឡើងពន្ធ និងប្រមូលពន្ធពិសេសស្របតាមបរិបទនយោបាយ សាសនា និងសុខាភិបាលរបស់ប្រទេសនីមួយៗគឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការការពារធនធានមនុស្ស កាត់បន្ថយការខាតបង់សេដ្ឋកិច្ច និងរុញច្រានការអភិវឌ្ឍជាតិឱ្យមានចីរភាព និងស្ថិរភាព ៕





















































Account
Security
Favourite Content