និយាយពីប្រវត្ដិស្នេហារបស់តារាខេប៉ុប Rain និងភរិយា Kim TaeHee វិញ គឺតែងធ្វើឲ្យមហាជនជាច្រើនលួចច្រណែន ដោយសារតែអ្នកទាំងពីរមានភាពផ្អែមល្ហែមខ្លាំង។ តែមិនទាន់អស់នៅឡើយ នៅមានរឿងចៃដន្យមួយផ្សេងទៀត ដែលជាហេតុធ្វើឲ្យតារាប្រុស Rain និងភរិយា ចាប់ផ្ដើមចំណងស្នេហារហូតដល់ការចាប់ដៃគ្នាសាងអនាគតរួមគ្នា។
ឆ្លៀតចូលក្នុងកម្មវិធី “Zzan Bro” ម្ចាស់បទ “la Song” អត់ទ្រាំមិនបានក៏និយាយរំឭកដល់ភរិយាសំណព្វសាជាថ្មីម្ដងទៀត និងទម្លាយពីភាពចៃដន្យមួយដែលលោកមិនដែលប្រាប់នរណា ហើយវាជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យលោក និង Kim TaeHee មានឱកាសបានសេពគប់មើលចិត្ដថ្លើមគ្នា។



Rain បានឲ្យដឹងថា អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយ លោក និងភរិយាគឺស្គាល់គ្នាអំឡុងពេលថតផ្សាយពាណិជ្ជកម្ម។ កាលនោះលោកមិនមានមិត្ដស្រីឡើយ នៅពេលដែលលោកចាប់អារម្មណ៍ភរិយា ដោយសារអត្ដចរិតល្អរបស់នាង តែនាងមិនបានចាប់អារម្មណ៍លោកឡើយ។ នៅពេលដែលលោកបានសុំនាងសេពគប់មើលចិត្ដថ្លើមគ្នា នាងបែរជាលើកឡើង លោកមិនមែនជាប្រភេទបុរសក្នុងក្ដីស្រមៃនាងឡើយ។
តារាប្រុសវ័យ ៤១ ឆ្នាំបានបន្ដទៀតថា ការបដិសេដរបស់ភរិយាគ្រានោះ មិនបានធ្វើឲ្យលោកអស់សង្ឃឹមទេ។ លោកបានសុំលេខទូរសព្ទនាង និងបានទាក់ទងទៅនាងម្ដងទៀត ដើម្បីទៅញ៉ាំអាហារជុំគ្នា។ តែលោកក៏ត្រូវ Taehee បដិសេធម្ដងទៀត។ មិនទាន់អស់សង្ឃឹម លោកក៏បានទាក់ទងទៅនាងម្ដងទៀត នៅពេលលោកជិតចូលបម្រើកងទ័ព លោកក៏បានសុំណាត់ជួបជាមួយតារាស្រី Kim Taehee តែក៏ត្រូវនាងបដិសេធមិនព្រមជួបដដែល។


លោកបន្ដទៀតថា៖ រហូតដល់មួយឆ្នាំក្រោយ រឿងដែលលោកនឹកស្មានមិនដល់គឺបានកើតឡើង។ មានថ្ងៃមួយលោកបានច្បាប់ឈប់សម្រាកពីការបម្រើកងទ័ព និងចង់ស្វែងរកមិត្ដភក្ដិទៅញ៉ាំអាហារ និងផឹកស្រាជុំគ្នា។ លោកមានបំណងផ្ញើសារទៅមិត្ដម្នាក់ដែលមានឈ្មោះ Kim TaeSoo តែបែរជាច្រឡំផ្ញើទៅកាន់Kim TaeHee ទៅវិញ។ តួប្រុសរឿង “បំណុលផ្ទះជំពាក់ស្នេហ៍” បានផ្ញើសារថា៖ “តោះទៅញ៉ាំអាហារជាមួយគ្នា ថ្ងៃនេះជាថ្ងៃខ្ញុំឈប់សម្រាក”។ ស្រាប់តែសារបានឆ្លើយតបមកវិញ និងបញ្ជាក់ថា លោកបានផ្ញើច្រឡំមនុស្សហើយ។ ក្រោយមកលោកបានដឹងថា ម្នាក់នោះជាតារាស្រី Kim TaeHee។
ម្ចាស់បទ “30 Sexy” បន្ថែមថា លោកប្រមូលក្ដីក្លាហាន និងសួរនាងម្ដងទៀត តើចង់ទៅញ៉ាំអាហារជាមួយគ្នាទេ ថ្ងៃនេះជាថ្ងៃលោកឈប់សម្រាក? ជាការឆ្លើយតប តារាស្រី Kim TaeHee ក៏បានយល់ព្រម។ នេះហើយជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងស្នេហារបស់អ្នកទាំង២។


គួរបញ្ជាក់ថា Rain និងតារាស្រី Kim TaeHee បានប្រកាសពីទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០១៣ និងប្រកាសរៀបការក្នុងឆ្នាំ ២០១៧។ មកទល់បច្ចុប្បន្ន អ្នកទាំង ២ នៅតែជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េខាងត្បូង អ្នកទាំងពីរមានចំណងដៃកូនស្រី ២ នាក់៕























Account
Security
Favourite Content