គូស្នេហ៍តារាកូរ៉េមិនតិចទេ ដែលប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួន តែមានមិនច្រើនឡើយដែលអាចសេពគប់គ្នាបានយូរអង្វែង និងហ៊ានបង្ហាញភាពផ្អែមល្ហែមជាសាធារណៈមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃ។ គូស្នេហ៍កូរ៉េ ៥ គូនេះ ត្រូវបានអ្នកគាំទ្រចាត់ទុកថា ជាគូស្នេហ៍ផ្អែមល្ហែមខ្លាំង និងធ្វើឲ្យអ្នកគាំទ្រច្រណែនខ្លាំងៗ តែម្ដង។
១. Lee Kwang-Soo និង Lee SunBin


មកដល់ពេលបច្ចុប្បន្ន គូស្នេហ៍មួយគូនេះបានសេពគប់គ្នាអស់រយៈពេល ៧ ឆ្នាំមកហើយ។ ជារឿយៗ អ្នកទាំងពីរតែងត្រូវគេប្រទះឃើញចេញដើរកម្សាន្ដជាមួយគ្នា។ អ្នកទាំងពីរធ្លាប់ទម្លាយក្នុងបទសម្ភាសថា រាល់ពេលទំនេរអ្នកទាំងពីរឧស្សាហ៍ចំណាយពេលរួមគ្នា ដូចជាមើលភាពយន្ដនៅផ្ទះជាដើម។ ថ្មីៗ នេះ Lee Kwang-Soo និង Lee SunBin ក៏ត្រូវបានអ្នកគាំទ្រប្រទះឃើញ ទៅដើរកម្សាន្ដនៅឯប្រទេសជប៉ុន និងបង្ហាញភាពផ្អែមល្ហែមនៅតាមដងផ្លូវថែមទៀត។ អ្នកទាំងពីរដើរកម្សាន្ដយ៉ាងរីករាយដូចជាគូស្នេហ៍ទូទៅដែរ។
២.Jung Kyung-Ho និង Choi SooYoung


ក្រឡេកមកមើលគូស្នេហ៍មួយគូនេះវិញ គឺសេពគ្នាជាង ១២ ឆ្នាំហើយ។ កាលពីខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ តារាស្រី SooYoung និងមិត្ដប្រុសលោក Jung Kyung Ho ត្រូវបានអ្នកគាំទ្រប្រទះឃើញដើរកម្សាន្ដជាមួយគ្នាយ៉ាងផ្អែមល្ហែមនៅឯសួនសត្វមួយកន្លែងនៅទីក្រុង Sydney ប្រទេសអូស្ដ្រាលី។ មិនសូវចេះរៀបរាប់ច្រើន តែតារាស្រី SooYoung និងមិត្ដប្រុស តែងចំណាយពេលវេលាជាមួយគ្នាយ៉ាងសាមញ្ញរីករាយ។ កំឡុងពេលដើរកម្សាន្ដនៅសួនសត្វ អ្នកទាំងពីរបានដើរនៅកន្លែងជាច្រើនក្នុងសួនសត្វ ទៅអង្គុយមើលត្រី មើលខ្លាឃ្មុំអូស្ដ្រាលី និងផ្សេងៗទៀត។
៣.Lee Do-Hyun និង Lim Ji-Yeon

Lee Do-Hyun និង Lim Ji-Yeon បានសម្ដែងក្នុងរឿងភាគល្បី “The Glory” ក្រោយមកក៏បានប្រកាសពីទំនាក់ទំនងស្នេហាដែលធ្វើឲ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល។ មួយគូនេះជាស្នេហាដែលខាងស្រីមានវ័យចំណាស់ជាងដល់ទៅ ៥ ឆ្នាំ ប៉ុន្ដែទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរនៅតែមានភាពស្អិតល្មួត។ បើទោះជាកំពុងបំពេញកាតព្វកិច្ចបម្រើកងទ័ព តែ Lee Do-Hyun ក៏មិនទុកមិត្ដស្រីចោល និងឆ្លៀតចំណាយពេលវេលាជាមួយគ្នា ដោយណាត់ជួបគ្នាបែបសាមញ្ញនៅហាងកាហ្វេ។
៤.Kim WooBin និង Shin MinAh

Kim WooBin និង Shin MinAh ជាគូស្នេហ៍ដែលអ្នកគាំទ្រតែងស្រមៃចង់ឲ្យដឹកដៃគ្នាចូលរោងមង្គល ដោយសារតែស្នេហាស្មោះស្ម័គ្ររបស់អ្នកទាំងពីរ។ Kim WooBin ធ្លាប់មានជំងឺមហារីកបំពង់ក តែទោះជាលំបាកយ៉ាងណាក្ដី តារាស្រី Shin MinAh មិនបោះបង់ចោលរូបលោក និងតាមមើលថែយ៉ាងយកចិត្ដទុកដាក់។ តារាប្រុស Kim WooBin ធ្លាប់បានលើកឡើងថា Shin MinAh ជាផ្នែកមួយធ្វើឲ្យលោកមានកម្លាំងចិត្ដ និងជាសះស្បើយ។ ជារឿយៗ អ្នកទាំងពីរក៏បានចេញដើរកម្សាន្ដជាមួយគ្នាយ៉ាងមានក្ដីសុខធ្វើឲ្យអ្នកគាំទ្រលួចច្រណែនតែម្ដង។ អ្នកទាំងពីរបានសេពគប់គ្នាអស់រយៈពេល ៨ ឆ្នាំ។
៥.Lee JongSuk និង IU

Lee JongSuk និង IU ជាគូស្នេហ៍មួយដែលធ្វើឲ្យមហាជនជាច្រើនរំជួលចិត្ដ ដោយសារខាងប្រុសសុខចិត្ដរង់ចាំខាងស្រីអស់រយៈពេលជាច្រើនឆ្នាំ ទើបមានឱកាសសេពគប់មើលចិត្ដថ្លើមគ្នា។ ដើម្បីជាការគាំទ្រដល់មិត្ដស្រី Lee JongSuk ក៏បានទៅមើលការប្រគំតន្ដ្រីទេសចរណ៍របស់ IU កាលពីថ្មីៗ ថែមទាំងកាន់ Lightstick គាំទ្រ យ៉ាងខ្លាំង។ បើតាមសម្ដីអ្នកអង្គុយនៅក្បែរៗ រូបលោក Lee JongSuk ពិតជាមានភាពសប្បាយរីករាយ និងអង្គុយមើលមិត្ដស្រីទាំងស្នាមញញឹម។ តារាប្រុសស្រីមួយគូនេះ បានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនកាលពីឆ្នាំ ២០២២៕




















































Account
Security
Favourite Content