ក្នុងចំណោមគូស្នេហ៍កូរ៉េល្បីៗ ជាច្រើន Kim WooBin និង Shin MinAh ជាគូស្នេហ៍មួយគូដែលអ្នកគាំទ្រ និងមហាជនជាច្រើន ចង់ឃើញពួកគេចាប់ដៃគ្នាចូលរោងមង្គលសាងអនាគតរួមគ្នា។ បន្ទាប់ពីប្រកាសពីទំនាក់ទំនងស្នេហាជាផ្លូវការក្នុងឆ្នាំ ២០១៥ ទំនាក់ទំនងរបស់អ្នកទាំងពីរនៅតែស្អិតល្មួត និងកាន់រឹងមាំផងដែរ។



អ្នកទាំងពីរត្រូវបានគេចាត់ទុកថាជាគូស្នេហ៍មួយគូដែលកម្សត់កម្រជាមួយគ្នាខ្លាំង ដោយសារតែកាលពីឆ្នាំ ២០១៧ តារាប្រុស Kim WooBin បានប្រកាសថាខ្លួនមានជំងឺមហារីកបំពង់កផ្នែកខាងលើ។ កំឡុងពេលដែលលោកធ្លាក់ខ្លួនឈឺ និងអស់សង្ឃឹមក្នុងជីវិតគឺមិត្ដស្រីរបស់ Shin MinAh ព្រមទាំងក្រុមគ្រួសារជាអ្នកកំដរ មើលថែ លើកទឹកចិត្ដដល់រូបលោក។
ថ្មីៗ នេះ តារាប្រុស Kim WooBin បានចូលរួមក្នុងកម្មវិធី Star Date និងបាននិយាយពីរឿងជីវិតគូអនាគត។ លោកបានទម្លាយពីអាយុដែលលោកមានគម្រោងចង់រៀបការ គឺលោកចង់រៀបការនៅអាយុ ៣៥ ឆ្នាំ។ តារាប្រុស Kim WooBin ក៏បាននិយាយទៀតថា៖ នៅពេលអនាគត លោកចង់ធ្វើជាស្វាមីម្នាក់ដែលប្រៀបដូចជាមិត្ដភ័ក្ដិ និងជាឪពុកម្នាក់ដែលដូចជាមិត្ដភ័ក្ដិដូចគ្នា។ ឳពុកម្ដាយរបស់លោកគឺបែបនេះ ទើបគ្រួសារមានការយល់ចិត្ដគ្នា។




មែនទែនទៅ ពាក្យសម្ដីរបស់លោកធ្វើឲ្យអ្នកគាំទ្រ និងមហាជន ជឿថា លោកកំពុងតែបង្ហើបពីដំណឹងល្អរបស់ខ្លួនអាចចូលរោងមង្គលឆាប់ៗ ជាមួយមិត្ដស្រី ដោយសារតែនៅខែ កក្កដា ឆ្នាំ ២០២៤ លោកនឹងមានអាយុ ៣៥ ឆ្នាំហើយ។




គួរបញ្ជាក់ថា ក្រោយប្រកាសពីទំនាក់ទំនងស្នេហា អ្នកទាំងពីរមិនដែលខ្លាចក្នុងការបង្ហាញភាពផ្អែមល្ហែមឡើយ។ ជារឿយៗ ពេលទំនេរពីការងារអ្នកទាំងពីរក៏បានដើរកម្សាន្ដជាមួយគ្នាដូចគូស្នេហ៍ទូទៅ កាលពីខែ សីហា ឆ្នាំ ២០២៣ អ្នកទាំងពីរក៏បានបណ្ដើរគ្នាចូលកម្មវិធីរៀបមង្គលការរបស់មិត្ដភ័ក្ដិដែរ ៕




















































Account
Security
Favourite Content