ក្រុមចម្រៀងកូរ៉េ SEVENTEEN បន្តបំបែកកំណត់ត្រាលក់អាល់ប៊ុមក្នុងកំឡុងពេល Preorder បានច្រើនបំផុតជាថ្មីជាមួយអាល់ប៊ុមចុងក្រោយរបស់ពួកគេ។
កាលពីថ្ងៃទី២៣ ខែតុលា ក្រុមចម្រៀង SEVENTEEN បានធ្វើការ Comeback ជាមួយអាល់ប៊ុម “SEVENTEENTH HEAVEN” ព្រមទាំងបានបង្ហាញវីដេអូចម្រៀងបទ “God of Music” ដែលជាបទនាំមុខក្នុងអាល់ប៊ុម។ អាល់ប៊ុមថ្មីនេះរួមមានបទចម្រៀងចំនួន ៨បទដូចជាបទ “Back 2 Back”, “Monster” និង “Yawn” រួមទាំងបទជាភាសាអង់គ្លេស “SOS” ខណៈបទ “God of Music” ដែលជាបទសំខាន់ត្រូវបាននិពន្ធទំនុកច្រៀងនិងបទភ្លេងដោយសមាជិកក្រុម Woozi មេក្រុម S.Coups និង Vernon រួមជាមួយផលិតករ BUMZU ដែលបានធ្វើការជាមួយពួកគេជាយូរមកហើយ។
គួរបញ្ជាក់ថា ក្រុមចម្រៀងបុរសដែលមានសមាជិក ១៣នាក់មួយនេះបច្ចុប្បន្នកំពុងទទួលបានជោគជ័យនិងបំបែកកំណត់ត្រាការលក់កាន់តែច្រើនឡើងៗសម្រាប់អាល់ប៊ុមទាំងពីររបស់ពួកគេដែលចេញក្នុងឆ្នាំនេះ។ ក្នុងនោះ ការបញ្ជាទិញទុកមុនសម្រាប់អាល់ប៊ុម “SEVENTEENTH HEAVEN” បានកើនឡើងដល់ ៥,២លានបន្ទះ ដែលបានបំបែកកំណត់ត្រាអាល់ប៊ុមចម្រៀងខេប៉ុបមានការ Preorder ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ខណៈអ្នកកាន់កាប់កំណត់ត្រានេះពីមុនក៏ជាពួកគេដែរ នៅពេលដែលអាល់ប៊ុម “FLM” អាចលក់បាន ៤,៤លានបន្ទះក្នុងកំឡុងពេល Pre-order។
កាលពីថ្ងៃទី១៩ ខែតុលា ផលិតកម្មរបស់ពួកគេគឺ Pledis Entertainment បានប្រកាសថា សមាជិក S.Coups នឹងមិនបានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយអាល់ប៊ុមថ្មីនេះជាមួយក្រុមនោះទេ បន្ទាប់ពីមានរបួសដាច់សរសៃជង្គង់ខាងឆ្វេង និងត្រូវវះកាត់តសរសៃកាលពីខែសីហា ៕
























Account
Security
Favourite Content