រាល់ពេលដែលពិធីបុណ្យណូអែលជិតមកដល់ យើងតែងសង្កេតឃើញមានដើមណូអែល កាដូ និងភ្លើងពណ៌តែងប្រដាប់តុបតែងនៅទីនានា ហើយអ្វីដែលមកទន្ទឹមគ្នានេះ គឺគេតែងនឹកដល់បុរសវ័យចំណាស់រាងធាត់មានពុកមាត់ពណ៌សស្ថិតក្នុងឈុតពណ៌ក្រហម ដែលគេស្គាល់ថាជា “Santa Claus” ឬប្រជានខ្មែរតែងនិយមហៅថា “តាណូអែល” នោះឯង។ ក៏ប៉ុន្តែ អ្នកដែលដឹងទេថា តាណូអែលជាបុគ្គលដែលមានពិតប្រាកដនៅក្នុងប្រវត្តិសាស្រ្ត? ហើយរូបភាពរបស់តាណូអែលក្នុងឈុតក្រហមដែលអ្នកឃើញនៅក្នុងពេលសព្វថ្ងៃនេះ គ្រាន់តែជារូបភាពដែលកើតចេញពីពាណិជ្ជកម្មរបស់ភេសជ្ជៈកូកា-កូឡាតែប៉ុណ្ណោះ?

ជាក់ស្ដែង បុគ្គលក្នុងប្រវត្តិសាស្រ្ត និងសាសនាដែលមនុស្សជាទូទៅគិតថាជាតាណូអែលអាចនឹងមានច្រើន។ ទន្ទឹមគ្នានោះ ក៏មិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់បាន១០០ភាគរយទេថា នរណាជាតាណូអែល ឬ Santa Claus ឱ្យពិតប្រាកដ។ ក្នុងន័យសង្ខេប និងទ្រឹស្ដីដែលមានអ្នកជឿច្រើនបំផុត Santa Claus អាចនឹងជាបុគ្គលដែលកើតពីការស្រមើស្រមៃ ក៏ប៉ុន្តែបានទទួលរងការបំផុសគំនិតចេញពីមនុស្សពិតក្នុងប្រវត្តិសាស្រ្ត នោះគឺ Saint Nicolas ដែលជាបុព្វជិតសាសនាគ្រឹស្តម្នាក់ស្នាក់នៅក្នុងប្រទេសតួកគី។

ដោយមានទឹកចិត្តប្រពៃ តែងជួយយកអាសា និងតែងផ្ដល់អំណោយឱ្យក្មេងៗ ជនជាតិអឺរ៉ុបជាច្រើនតែងគោរពដល់បុព្វជិតរូបនេះ។ ជនជនហូឡង់ក៏មិនខុសគ្នានឹងជនជាតិអឺរ៉ុបទាំងនោះដែរ ទាស់ត្រង់ថាពួកគេតែងនិយមហៅអ្នកបុណ្យរូបតែមួយនោះថា “Sinterklaas”។ លុះចំណេរក្រោយមក នៅពេលដែលជនជាតិហូឡង់បានផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិក ពួកគេក៏បាននាំយកជំនឿ និងវប្បធម៌ទៅជាមួយគ្នាផងដែរ ហើយប្រាកដជនជាតិហូឡង់ទាំងនោះក៏បានពាំនាំយកពិធីបុណ្យដែលរគោរពដល់ Sinterklaas មកកាន់ទឹកដីថ្មីផងដែរ។ មូលហេតុនេះហើយ បានជាជំនឿលើ Sinterklaas ចាប់ផ្ដើមរីកសុសសាយនៅក្នុងសហរដ្ឋអាមេរិក មុននឹងពាក្យមួយនេះសន្សឹមៗក្លាយមកជាពាក្យថា “Santa Claus” រហូតមកដល់ពេលបច្ចុប្បន្ន។
នៅក្នុងគ្រាដំបូងៗ តាណូអែលមិនមានរូបរាងច្បាស់ណាស់ណាមួយនៅឡើយនោះទេ ដោយគំនូរទាក់ទងនឹងតាណូអែលអាចនឹងមានភាពខុសគ្នាទៅតាមការស្រមើស្រម៉ៃរបស់មនុស្សម្នាក់ៗ។ ជាក់ស្ដែង អ្នកខ្លះគូររូបបុគ្គលតែមួយនេះក្នុងរូបភាពជាមនុស្សចាស់រាងស្គម ឬជារូបភាពមនុស្សប្រុសកំលោះម្នាក់ ក្នុងឈុតពណ៌បៃតង ស្វាយ ឬលឿងក៏មាន។



រហូតដល់ឆ្នាំ ១៨២៣ លោក Clement Clarke Moore បាននិពន្ធកំណាព្យមួយទាក់ទងជាមួយនឹងលោកតាណូអែលក្រោមចំណងជាងថា “A Visit from St. Nicholas” ឬ “Twas the Night Before Christmas” ។ នៅក្នុងវគ្គមួយដែលរៀបរាប់ពីរូបរាងរបស់តាណូអែល កវីនិពន្ធរូបនេះបានលើកឡើងថា Santa Claus ស្លៀកឈុតរោមសត្វពណ៌ក្រហមមួយតួខ្លួន មានថ្ពាល់ពណ៌ផ្កាឈូក រួមទាំងមានពុកមាត់ដែលមានពណ៌សប្រៀបបានទៅនឹងព្រិល។ តាមរយៈកំណាព្យមួយនេះ រូបរាង និងមុខមាត់ថ្មីរបស់ Santa Claus បានចាប់ផ្ដើមស្ថិតនៅក្នុងការចង់ចាំរបស់សាធារណជនទៅហើយ តែជាក់ស្ដែងមនុស្សទូទៅនៅតែមិនទាន់ចាប់អារម្មណ៍នឹងឈុតពណ៌ក្រហមរបស់ Santa Claus នៅឡើយទេ។
លុះមកដល់ឆ្នាំ ១៨៦៣ ក្នុងគ្រាដែលសហរដ្ឋអាមេរិកកំពុងមានសង្គ្រាម ទស្សនាវដ្ដី Harper’s Weekly បានទៅជួលជាងគំនូរម្នាក់ដែលមានឈ្មោះថា Thomas Nast មកគូររូប Santa Claus ភ្ជាប់ជាមួយនឹងកំណត់បញ្ជាឱ្យជាងគំនូរនោះ គូររូប Santa Claus ដើម្បីចូលរួមលើកទឹកចិត្តដល់ទាហានដែលកំពុងតែតស៊ូក្នុងភ្លើងសង្គ្រាមនាជំនាន់នោះ។ ជាលទ្ធផល Thomas Nast ក៏បានគូររូប Santa Claus ក្នុងឈុតឆ្នូតលាយផ្កាយ ស្រដៀងគ្នាទៅនឹងទង់ជាតិរបស់អាមេរិក ហើយរូបមួយនេះក៏ចាប់ផ្ដើមទទួលបានការពេញនិយមរហូតផ្ដល់ឱកាសឱ្យវិចិត្រកររូបនេះបានទទួលការងារគូររូបលោកតាណូអែលជាច្រើនឆ្នាំបន្ទាប់ពីនេះ ក៏ប៉ុន្តែតាណូអែលនៅមិនទាន់និយមពាក់ឈុតពណ៌ក្រហមនៅឡើយនោះទេ។

នៅទីបំផុត ក្នុងឆ្នាំ ១៨៨១ រូបតាណូអែលក្នុងឈុតពណ៌ក្រហមដូចគ្នានឹងអ្វីដែលយើងឃើញនៅក្នុងពេលសព្វថ្ងៃនេះក៏ចាប់ផ្ដើមកើតឡើង ដោយគំនូរមួយសន្លឹកនោះឈ្មោះថា “Merry Old Santa”។ មកដល់គ្រានេះ ប្រជាប្រិយភាពរបស់តាណូអែលក្នុងឈុតក្រហមក៏កាន់តែកើនឡើងជាបន្តបន្ទាប់ បើទោះបីជារូបភាពរបស់តាណូអែលស្លៀកឈុតពណ៌បៃតងនៅតែមានអ្នកគូរជារឿយៗក៏ដោយចុះ។
ចូលមកដល់ទសវត្សរ៍ឆ្នាំ ១៩៣០ ពេលនេះជាវេលាមួយដែលមនុស្សទូទៅចាប់ផ្ដើមផ្លាស់ប្ដូរការចងចាំរូបភាពចាស់ៗរបស់ Santa Claus។ បូកផ្ស៊ំនឹងយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនកូកា-កូឡាដែលមានប្រើប្រាស់់តួអង្គលោកតារូបនេះទៀតនោះ ពិភាពក៏ចាប់ផ្ដើមលែងចាប់អារម្មណ៍នឹងឈុតចាស់ៗរបស់តាណូអែលទាំងស្រុងតែម្ដង។

ជាក់ស្ដែង នៅក្នុងឆ្នាំ ១៩៣១ កូកា-កូឡាបានបង្កើតយុទ្ធនាការមួយក្នុងគោលបំណងផ្សព្វផ្សាយថា ផលិតផលរបស់ខ្លួនជាភេសជ្ជៈដែលអាចបរិភោគបានគ្រប់ពេលវេលាមិនមែនគ្រាន់តែនៅក្នុងរដូវក្ដៅនោះទេ ព្រោះកន្លងមកអ្នកបរិភោគទាំងអស់តែងទទួលទានភេសជ្ជៈក្ដៅៗក្នុងរដូវរងា ហើយកូកា-កូឡាមិនទទួលបានការពេញនិយមនៅក្នុងរដូវនេះឡើយ។ នៅគ្រានោះ Sundblom ជាជាងគំនូរដែលទទួលបន្ទុកលើការងារនេះ ដោយបានយកគំរូរបស់តួអង្គតាណូអែលទៅតាមអ្វីដែលធ្លាប់បានរៀបរាប់នៅក្នុងកំណាព្យ “A Visit from St. Nicholas” និងទទួលបានលទ្ធផលជាតាណូអែលក្នុងឈុតពណ៌ក្រហម ជាពណ៌តែមួយនឹងម៉ាកយីហោមួយនេះ។
ទាំងនេះហើយជាដំណើរវិវឌ្ឍន៍របស់ឈុត “Santa Claus” ឬ “តាណូអែល” ដែលចំណាយពេលរាប់រយឆ្នាំទម្រាំតែទទួលបានរូបភាពដូចអ្វីដែលយើងបានស្គាល់ និងឃើញនៅក្នុងពេលបច្ចុប្បន្ននេះ។ ចុះអ្នកវិញ? បើសិនជាមានឱកាសតុបតែងឈុតឱ្យតាណូអែល តើអ្នកនឹងតុបតែងឱ្យលោកតាស្លៀកឈុតបែបណាវិញ?

























Account
Security
Favourite Content