ជឿជាក់ថា ប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រហែលជាធ្លាប់អូសកាត់រូបគំនូរមនុស្សស្រីសក់ទង់ដែង និងកូនទារកមុខមាំ ដែលជាម្ចាស់ប្រយោគ “Queen Never Cry” មិនតិចដងនោះទេ។ Meme ថ្មីល្បីពេញពិភពលោកមួយនេះ កំពុងតែទាក់ទាញសាធារណៈជនជាច្រើនរូបឱ្យបែរមកចាប់អារម្មណ៍នឹងខ្លួន ហើយសិល្បករ និងអ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនរូបក៏បាននាំគ្នាចេញមកតែងខ្លួនធ្វើត្រាប់តាម ផលិតជាមាតិការូបភាព និងវីដេអូពាសពេញបណ្ដាញទំនាក់ទំនងសង្គម។ ត្បិតល្បីល្បាញដូច្នេះក្ដី តែអ្នកមួយចំនួននៅមិនទាន់បានដឹងពីប្រភពដើមនៃរូបភាពកំប្លុកកំប្លែងនេះនៅឡើយទេ។

ជាក់ស្ដែង សំនួន “Queen Never Cry” ឬមានអត្ថន័យជាភាសាខ្មែរថា “ម្ចាស់ក្សត្រីមិនដែលយំ” ជាផ្នែកមួយនៃភាគទី ៣៤ របស់ប្រលោមលោករូបភាពនៅលើគេហទំព័រ Webtoon មានចំណងជើងថា The Ki Sisters ។ ដោយរូបភាពនេះ ជាឈុតឆាករបស់សមាជិកគ្រួសារត្រកូល Queen តួអង្គចិត្តអាក្រក់ប្រចាំរឿងកំពុងតែកើតកូននៅក្នុងមន្ទីរពេទ្យ។ គ្រាន់តែអ្នកគ្រូពេទ្យហុចទារកដែលទើបតែកើតថ្មីពេញដោយសម្រែកទឹកភ្នែកមកឱ្យខ្លួន អ្នកម្ដាយដៃថ្មីមិនបង្អង់យូរ ក៏ស្រាប់តែខ្សឹបដាក់ត្រចៀកកូនភ្លាមថា “Queen Never Cry”។

គ្រាន់តែឮប្រយោគនេះភ្លាម ក្មេងដែលទើបតែកើតសោះ ស្រាប់តែតាំងកត្រង់ ឱបដៃ ធ្វើមុខខ្មើត រហូតដល់គ្រូពេទ្យ និងគិលានុបដ្ឋាយិកាក្នុងបន្ទប់សម្រាលនាំគ្នាស្រឡាំងកាំងគ្រប់ៗគ្នា។ មិនបាច់ប្រាប់ក៏ដឹងដែរថា ខ្សែទាយាទត្រកូល Queen រូបនេះ ពិតជាទទួលបាន DNA ពីម្ដាយពេញៗតែម្ដង។
ទាំងនេះជាដើមចបនៃប្រជាប្រិយភាពរបស់ meme ខាងលើ ព្រោះគ្រាន់តែ Webtoon បានបញ្ចេញវគ្គថ្មីនេះមក អ្នកអាន និងអ្នកប្រើប្រាស់អ៊ីធឺណិតពីជុំវិញពិភពលោកបានបែរទៅចាប់អារម្មណ៍នឹងរូបភាពដ៏គូរឱ្យអស់សំណើចមួយនេះភ្លាម មុននឹងសន្សឹមៗក្លាយជា meme នៅលើបណ្ដាញទំនាក់ទំនងសង្គមនានាៗ។ មិនអាចប្រកែកបាន សូម្បីតែម្ចាស់បទ Small Girl នាង Yungji និង Sohee សមាជិក RIIZE ក៏ចេញមកធ្វើត្រាប់តាមឈុតឆាកមួយនេះដែរ ៕


























Account
Security
Favourite Content