បច្ចុប្បន្ននេះ Prop ឬសម្ភារដែលត្រូវបានប្រើប្រាស់ក្នុងឈុតឆាកភាពយន្តបានក្លាយជាទំនិញមួយប្រភេទដែលអាចលក់ដេញថ្លៃបានខ្ពស់សម្រាប់អ្នកចូលចិត្តប្រមូលវត្ថុបុរាណ និងអ្នកវិនិយោគផ្សេងៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក យើងសង្កេតឃើញ Prop ពីភាពយន្តជាច្រើនត្រូវបានលក់ដេញថ្លៃ ហើយថ្មីៗនេះក៏ដល់វេន Prop ពីរឿង Titanic ដែលត្រូវបានដាក់លក់ដេញថ្លៃនៅក្នុងកម្មវិធី Treasures from Planet Hollywood ក្នុងតម្លៃថ្លៃកប់ពពក។

ចំពោះទ្វារចូលបន្ទប់ទទួលភ្ញៀវនៅជាន់ទី ១ នៃកប៉ាល់ទីតានិក ប្រិយមិត្តជាច្រើនប្រហែលនៅចាំបានពីឈុតដែលតួឯកស្រី Rose ដេកនៅលើទ្វារនេះរហូតដល់នាងរួចជីវិតនៅចុងបញ្ចប់នៃរឿង។ ឈុតនេះក៏បានក្លាយជាចម្ងល់មួយក្នុងចិត្តអ្នកគាំទ្រអស់រយៈពេលជាយូរមកហើយថាហេតុអ្វីបានជា Rose មិនព្រមឱ្យ Jack ឡើងលើទ្វារឈើនេះជាមួយគ្នាដែរ។ យ៉ាងណាក្ដី ឥឡូវនេះទ្វារសង្គ្រោះជីវិតតួស្រីរបស់យើងត្រូវបានដាក់ដេញថ្លៃបានក្នុងតម្លៃ ៧១៨ ៧៥០ ដុល្លារអាមេរិក និងបានក្លាយជា Prop ថតកុនដែលអាចលក់បានថ្លៃខ្ពស់បំផុតពីការដេញថ្លៃកាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែមីនានោះ។

លើសពីនេះទៅទៀត រ៉ូបដែលតារាសម្ដែង Kate Winslet ឬតួអង្គ Rose ស្លៀកពេលថតឈុតចុងក្រោយក្នុងរឿង Titanic ក៏ត្រូវបានដាក់លក់ដេញថ្លៃដែរ និងអាចលក់បានក្នុងតម្លៃ ១២៥ ០០០ ដុល្លារ។

លើសពីនេះ សម្ភារពីភាពយន្តល្បីៗផ្សេងទៀត ក៏ត្រូវបាននាំយកមកក្នុងព្រឹត្តិការណ៍នេះដែរ ដូចជារំពាត់ពីភាពយន្ត Indiana Jones and Temple of Doom (ចេញឆ្នាំ១៩៨៤) អាចលក់ដេញថ្លៃបានក្នុងតម្លៃ ៥២៥ ០០០ ដុល្លារ, ប៊ូលីងផ្កាកុលាបពីភាពយន្ត Kingpin (ចេញឆ្នាំ១៩៩៦) អាចលក់ដេញថ្លៃបានក្នុងតម្លៃ ៣៥០ ០០០ ដុល្លារ ឈុតពីងពាងពណ៌ខ្មៅពីភាពយន្ត SPIDER-MAN 3 (ចេញឆ្នាំ២០០៧) អាចលក់ដេញថ្លៃបានក្នុងតម្លៃ ១២៥ ០០០ ដុល្លារ និងក្រែមកោរពុកមាត់ដែលប្រើសម្រាប់ដាក់អំប្រ៊ីយ៉ុងដាយណូស័រក្នុងភាពយន្ត Jurassic Park (ចេញឆ្នាំ១៩៩៣) អាចលក់ដេញថ្លៃបានក្នុងតម្លៃ ២៥០ ០០០ ដុល្លារអាមេរិក ៕






























Account
Security
Favourite Content