អ្នកប្រើស្មាតហ្វូនទូទាំងពិភពលោកកំពុងនាំគ្នាសម្រុកទាញយកកម្មវិធីបណ្ដាញសង្គមថ្មី “Threads” ដែលជាកម្មវិធីស្រដៀង Twitter រហូតធ្វើឱ្យកម្មវិធីនេះកំពុងទទួលបានចំណាត់ថ្នាក់កំពូលនៅលើ App Store។

នៅថ្ងៃនេះ Threads កម្មវិធីថ្មីពី Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram ត្រូវបានដាក់ឱ្យទាញយកបាននៅក្នុងប្រទេសជាង ១០០ ជុំវិញពិភពលោក លើកលែងតែនៅក្នុងសហភាពអឺរ៉ុប ដោយក្នុងរយៈពេលត្រឹម ២ម៉ោងដំបូង ក៏មានអ្នក Sign Up ជាង ៥លាននាក់ និងកំពុងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង App store ផ្នែកបណ្តាញសង្គម។ នេះបើផ្អែកតាមការឱ្យដឹងពីមេ Facebook លោក Mark Zuckerberg។
តើកម្មវិធីបណ្ដាញសង្គមថ្មីនេះ គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណា?
Threads គឺជាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអាចប្រើការបានសម្រាប់តែអ្នកមានគណនី Instagram ប៉ុណ្ណោះ និងត្រូវបានចាត់ទុកថាជាកម្មវិធីដែលបង្កើតឡើងមកដើម្បីជាគូប្រកួតប្រជែងជាមួយ Twitter របស់ Elon Musk ព្រោះមានមុខងារស្រដៀងគ្នាដូចជា៖
– ផ្ដោតលើការបង្ហោះសារជាអក្សរ ដោយការបង្ហោះមួយៗអាចបានច្រើនបំផុត ៥០០ តួអក្សរ ខណៈ Twitter អនុញ្ញាតច្រើនបំផុត ២៨០ តួអក្សរ។
– អាចបង្ហោះរូបភាពបាន និងវីដេអូដែលមានប្រវែងវែងបំផុត ៥នាទី។
– Post ពី Threads អាចត្រូវបានចែករំលែកយ៉ាងងាយស្រួលទៅកាន់ Instagram Stories។

ទោះយ៉ាងណា Threads មិនមានប្រព័ន្ធ # (hashtag) ដែលជាមុខងារសំខាន់របស់ Twitter ទេ ដែលមុខងារ hashtag នេះគឺសម្រាប់ប្រាប់ពីប្រធានបទ និងការពិភាក្សាដែលកំពុងពេញនិយមបំផុត (Trend) ក្នុងខណៈពេលនេះ។
អ្នកវិភាគជាច្រើនយល់ឃើញថា ការដែល Threads ជ្រើសរើសដាក់ដំណើរការនៅពេលនេះ អាចដោយសារតែ Twitter កំពុងមានបញ្ហា បន្ទាប់ពីការផ្លាស់ប្តូរច្បាប់ជាច្រើន ដូចជាការកំណត់ការមើលឃើញសម្រាប់អ្នកមិនបង់ប្រាក់ប្រចាំខែអាចមើលឃើញត្រឹម ៦០០ផុសក្នុងមួយថ្ងៃ ហើយអ្នកមិនមានគណនី Twitter គឺមិនអាចមើលឃើញផុសលើ Twitter តែម្ដង ធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនខឹង មិនពេញចិត្ត និងកំពុងស្វែងរក App ថ្មីដើម្បីប្រើជំនួសវិញ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺបច្ចុប្បន្ន Instagram មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ២,៣៥ ពាន់លាននាក់ ខណៈដែល Twitter មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន ៤៥០ លាននាក់។ នេះមានន័យថា បើអ្នកប្រើប្រាស់ Instagram ត្រឹម ២០% ទាញយក Threads នោះក៏ធ្វើឱ្យចំនួនអ្នកប្រើប្រាស់ App ថ្មីនេះមានច្រើនជាង Twitter បាត់ទៅហើយ ៕


























Account
Security
Favourite Content