US Fish and Wildlife Service (FWS) បានស្នើឱ្យដាក់បញ្ចូលពូជ “មេអំបៅស្ដេច ឬ Monarch Butterfly” ក្នុងបញ្ជីសត្វជិតផុតពូជ ក្នុងគោលបំណងការពារការបាត់បង់ពូជសត្វល្អិតមួយនេះ ក្រោយចំនួនកាន់តែធ្លាក់ចុះគួរឱ្យកង្វល់។

នៅរៀងរាល់រដូវត្រជាក់ Monarch Butterfly ពូជមេអំបៅដែលមានស្លាបពណ៌ទឹកក្រូចបែកលឿងលាយខ្មៅ រាប់លានក្បាលមានទម្លាប់ផ្លាស់ប្ដូរទីលំនៅក្នុងរយៈចម្ងាយប្រមាណ ៤៨០០គីឡូម៉ែត្រ ឆ្លងពីសហរដ្ឋអាមេរិក ទៅកាន់ទីជម្រកព្រៃភ្នំដែលមានភូមិសាស្រ្តនៅផ្នែកកណ្ដាលនៃប្រទេសម៉ិកស៊ិកកូ។ ដោយឡែក ប៉ុន្មានឆ្នាំចុងក្រោយនេះចំនួនមេអំបៅមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ មន្ត្រីកាន់កាប់ផ្នែកសត្វព្រៃរបស់សហរដ្ឋអាមេរិកបានឱ្យដឹង ចាប់តាំងពីឆ្នាំ ១៩៨០ មក មេអំបៅដែលមានប្រភពមកពីភាគខាងកើតរបស់អាមេរិកខាងមានការធ្លាក់ចុះរហូតដល់ទៅ ៨០ភាគរយ ស្របពេលដែលនៅខាងលិចវិញ គឺធ្លាក់ចុះរហូតដល់ទៅ ៩៥ភាគរយ។
ដើមហេតុសំខាន់នេះការបាត់បង់នេះ បណ្ដាលមកពីការបាត់បង់ជម្រកធម្មជាតិដោយសារតែការកាប់ព្រៃឈើដោយខុសច្បាប់ សារធាតុពុលដែលមានប្រភពចេញពីថ្នាំសម្លាប់សត្វល្អិត និងការប្រែប្រួលរបស់ពិភពលោកដែលមានអាកាសធាតុកាន់តែក្ដៅទៅៗជារៀងរាល់ឆ្នាំ។

ក្រោមហេតុផលនេះហើយ ទើប FWS ស្នើឱ្យមានវិធានការដោះស្រាយទៅលើបញ្ហាមួយនេះ ក្នុងគោលបំណងចង់ឱ្យមានច្បាប់គ្រប់គ្រង និងបង្ការពីការគំរាមកំហែងទៅលើពូជមេអំបៅខាងលើ ដែលមាននិន្នាការធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ ឬអាចឈានដល់ការឈុតពូជនៅក្នុងថ្ងៃអនាគតដ៏ខ្លី។ នេះបើយោងតាមសារព័ត៌មាន CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ធ្នូនេះ។
មេអំបៅស្ដេច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាជីវចម្រុះនៃប្រព័ន្ធអេកូឡូស៊ី តាមរយៈការចូលរួមផ្សំកេសររបស់រុក្ខជាតិ និងជាប្រភពអាហារសម្រាប់សត្វដទៃទៀត។ The Matter បានឱ្យដឹងថា ការបាត់បង់មេអំបៅស្ដេច មិនមែនគ្រាន់តែការបាត់បង់ពូជសត្វតែមួយមុខទេ តែទន្ទឹមគ្នានេះ វាក៏អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល និងអ្នកដែលរស់នៅអាស្រ័យទៅលើមេអំបៅ ដូចជាអ្នកប្រកបអាជីពជាកសិករជាដើម៕



























Account
Security
Favourite Content