របាំតោ ឬប្រជាជនខ្មែរយើងនិយមហៅថាម៉ុងសាយ គឺជារបាំដ៏សំខាន់បំផុតក្នុងវប្បធម៌ចិនសម្រាប់ឱកាសចូលឆ្នាំ។ ម៉ុងសាយជារបាំដែលគេតែងសម្ដែងនៅក្នុងពិធីបុណ្យធំៗ និងពិធីបុណ្យចូលឆ្នាំដើម្បីនាំយកសំណាងល្អសម្រាប់ឆ្នាំថ្មី ក៏ដូចជាបណ្ដេញឧបទ្រពចង្រៃ។ ម្យ៉ាងម៉ុងសាយក៏ជាវិធីមួយដែលគេសម្ដែងដើម្បីឲ្យពិធីបុណ្យណាមួយមានភាពឧឡារិក និងនាំយកសុភមង្គលចូលក្រុមគ្រួសារ។

នៅក្នុងវប្បធម៌បុរាណចិន សត្វតោ ដូចទៅនឹងនាគអ៊ីចឹងដែលមាននៅក្នុងតែទេវកថាប៉ុណ្ណោះ មិនមានតោពិតប្រាកដទេក្នុងប្រទេសចិននោះទេ។ មុនរាជវង្សហាន (២០២ មុនគ.ស.–២២០ គ.ស.) គេតំណាងថាមានតោតែប៉ុន្មានក្បាលប៉ុណ្ណោះដែលអាចចូលទៅដល់វាលទំនាបកណ្ដាលពីតំបន់ភាគខាងលិចនៃប្រទេសចិនបុរាណ (បច្ចុប្បន្នទីក្រុង Xinjiang) ដោយសារតែពាណិជ្ជកម្មផ្លូវសូត្ររបស់ពួកគេ។
នៅពេលនោះ ប្រជាជនបាននាំគ្នាធ្វើត្រាប់តាមរូបរាង ដំណើរ និងកាយវិការរបស់សត្វតោរហូតវិវត្តក្លាយទៅជាការសម្ដែងក្នុងសម័យសាមកុក ឬនគរទាំង៣។ ក្រោយមកទៀតម៉ុងសាយចាប់ផ្តើមពេញនិយមកាន់តែខ្លាំងគ្រាដែលសាសនាព្រះពុទ្ធរីកចម្រើនខ្លាំងនៅក្នុងសករាជរាជវង្សខាងជើង និងខាងត្បូង។ មកដល់សម័យរាជវង្សតាំង របាំតោ ឬម៉ុងសាយនេះបានបន្តក្លាយទៅជារបាំមួយនៅក្នុងសាល។
ម៉ុងសាយ បន្តពេញនិយមខ្លាំងឡើងៗក្នុងចំណោមប្រជាជនចិន សម្ដែងដើម្បីបួងសួង នាំយកសំណាងល្អអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ និងក្នុងឱកាសផ្សេងៗ។ មកទល់បច្ចុប្បន្ន ម៉ុងសាយបានសាយភាយ ពាសពេញពិភពលោកចាប់តាំងពីតំបន់អាស៊ីអាគ្នេយ៍តួយ៉ាងដូចជានៅកម្ពុជា និងថៃជាដើម ដែលប្រជាជនមានឈាមជ័រកាត់សែស្រឡាយចិននៅក្នុងប្រទេសទាំងពីរនេះគេនិយមធ្វើ ឬជួលក្រុមសមាគមន៍ចិនមកសម្តែង។ ចំណែកឯតំបន់ផ្សេងទៀតដូចជាអឺរ៉ុបក៏មានវត្តមានម៉ុងសាយក្នុងឱកាសចូលឆ្នាំចិនផងដែរពោលគឺតាមរយៈប្រជាជនចំណាកស្រុករបស់ចិននាំយកវប្បធម៌នេះទៅបន្តផ្សព្វផ្សាយនៅទីនោះ៕


























Account
Security
Favourite Content