ក្រោយសិក្សាទៅលើអាចម៍ផ្កាយរបស់ភពអង្គារដែលធ្លាក់មកលើកផែនដីតាំងតែពីឆ្នាំ២០១១ អ្នកវិទ្យាសាស្រ្តបានសន្និដ្ឋានថា កាលពី ៤៤៥០លានឆ្នាំមុន ភពអង្គារអាចជាភពមួយដែលធ្លាប់មានទឹក និងជីវិតរស់នៅ។

តាមរយៈលទ្ធផលសិក្សាដែលបានចុះផ្សាយនៅលើ Science Advances កាលពីថ្ងៃទី២២ ខែវិច្ឆិកាកន្លងទៅ ការសិក្សាទៅលើរ៉ែ Zircon ដែលបានប្រទះឃើញនៅក្នុងអាចម៌ផ្កាយដែលមានឈ្មោះថា Black Beauty អ្នកវិទ្យាសាស្រ្តបានចង្អុលបង្ហាញថា ក្នុងរយៈពេលប្រមាណ ១០០លានឆ្នាំក្រោយពីការកកើតភព ប្រវត្តិសាស្រ្តរបស់ភពអង្គារអាចនឹងធ្លាប់មានវត្តមានទឹកនៅលើនោះ ដែលជាលក្ខខណ្ឌអំណោយផលសម្រាប់ការទ្រទ្រង់ជីវិតរបស់ភាវៈក្នុងគ្រាអតីតកាល។
អ្នកដឹកនាំការស្រាវជ្រាវ លោក Jack Gillespie បាននិយាយថា៖ “ការសិក្សារបស់យើងបានបញ្ជាក់ថា វត្តមានទឹកនៅលើសម្បករបស់ភពអង្គារ គឺមានពេលវេលាស្រដៀងគ្នានឹងភស្តុតាងដែលបង្ហាញពីវត្តមានទឹកនៅលើសំបករបស់ភពផែនដីគឺ កាលពី ៤.៤ ពាន់លានឆ្នាំមុន។ ការរកឃើញនេះ គឺជាឱកាសមួយទៀតដែលអាចឱ្យយល់ដឹងពីការវិវត្តនៃភព និងភាពអាចទៅរួចដែលបញ្ជាក់ថា ភពនេះធ្លាប់មានជីវិតរស់នៅពីមុនមក”។
លទ្ធផលនេះ ជាភស្តុតាងថ្មីមួយបន្ថែមទៀត ទៅលើការអះអាងរបស់អ្នកវិទ្យាសាស្រ្តក្នុងពេលកន្លង ក្រោយលើកឡើងថា ភពមួយនេះអាចនឹងធ្លាប់មានទឹករាវ បើយោងទៅតាមស្ថានភាពស្រកនៃភព ដែលមានសណ្ឋានដូចគ្នាទៅនឹងប្រព័ន្ធបឹងបួរ ទន្លេ និងសមុទ្រដូចគ្នានឹងភពផែនដីដែរ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត Aaron Cavosie អ្នកស្រាវជ្រាវម្នាក់មកពីសាកលវិទ្យាល័យ Curtin ប្រទេសអូស្ត្រាលី បានប្រាប់ថា លទ្ធផលនៃការសិក្សានេះក៏ជាជំនួយមួយទៀត ដែលអាចជួយអ្នកវិទ្យាសាស្រ្តយល់ពីភពអង្គារក្នុងពេលកកើតដំបូងបានច្រើនជាងមុន និងមានអត្ថប្រយោជន៍សម្រាប់ការសិក្សាពីលំហអវកាសនៅក្នុងថ្ងៃអនាគត។
“ការរកឃើញនេះជាការបើកឱកាសថ្មីៗ ដើម្បីសិក្សាពីប្រព័ន្ធកម្ដៅស្ថិតនៅស្រទាប់ក្រោមរបស់ភពអង្គារ ហើយវាក៏មានជាប់ពាក់ព័ន្ធនឹងកម្អែលភ្នំភ្លើង និងជីវិតរស់នៅលើភពអង្គារកាលពីអតីតផងដែរ” លោកបានបន្ថែមដូច្នេះ។
គួរបញ្ជាក់ផងដែរថា អាចម៌ផ្កាយដែលមានប្រភពមកពីភពអង្ការ Black Beauty ឬ Northwest Africa 7034 (NWA 7034) បានធ្លាក់លើវាលខ្សាច់សាហារ៉ាកាលពីឆ្នាំ ២០១១ ជាមួយនឹងទម្ងន់ដែលនៅសល់ប្រមាណ ៣២០ក្រាមប៉ុណ្ណោះ៕


























Account
Security
Favourite Content