លោកយាយ Marilyn Wright និងលោកយាយ Madelyn Casper បានអបអរសាទរខួបកំណើតវ័យ ១០២ ឆ្នាំជាមួយគ្រួសារ និងកូនទាំង ១៣ នាក់ ព្រមទាំងបង្ហើបពីការថែរក្សាសុខភាពឱ្យមានអាយុវែងដោយមិនអស់ប្រាក់មួយរៀល។

ការណ៍ដែលបងប្អូនភ្លោះមកអាចមានជីវិតរស់នៅជុំគ្នារហូតដល់វ័យលើសពី ១០០ ឆ្នាំ មិនមែនជារឿងដែលអាចជួបប្រទះជាទូទៅនោះទេ។ កើតក្នុងឆ្នាំ 1922 ឯទីក្រុង Toledo រដ្ឋ Ohio សហរដ្ឋអាមេរិក បច្ចុប្បន្នលោកយាយទាំងពីរនៅតែ
ជិតស្និទ្ធនឹងគ្នា ព្រមទាំងមានចិត្តគំនិត និងការគិតគូរស៊ីគ្នាតាមលណ្ខណៈពិសេសពីធម្មជាតិរបស់កូនភ្លោះ បើទោះបីជារស់នៅក្នុងទីក្រុងផ្សេងគ្នាក៏ដោយចុះ។
ជាក់ស្ដែងនៅគ្រាមួយនោះ លោកយាយ Marilyn Wright បានឱ្យដឹងថា ខ្លួនបានធ្វើអាហារម៉្យាងដែលមានឈ្មោះថា Meatloaf ហើយនៅពេលទាក់ទងទៅប្អូនស្រី លោកយាយ Madelyn Casper បានឆ្លើយតបថាខ្លួនក៏ធ្វើម្ហូបមួយមុខនេះដូចគ្នាដែរ។
បន្ថែមពីនេះ លោកយាយ Marilyn Wright បានរៀបរាប់ពីទំនាក់ទំនងដ៏ស្អិតល្មួតរបស់ខ្លួនទៀតថា៖ “ពួកយើងនិយាយជាមួយគ្នារហូតដល់នាង (លោកយាយ Madelyn Casper ) ស្ដាប់លែងឮ។ ដូច្នេះហើយ ខ្ញុំធ្វើខ្លួនជាត្រចៀករបស់នាង ឯនាងធ្វើជាភ្នែករបស់ខ្ញុំ”។

នៅពេលដែលអ្នកសារព័ត៌មាន WTVG សាកសួរពីគន្លឹះសម្ងាត់ក្នុងការថែរក្សាសុខភាព លោកយាយ Marilyn បានចែករំលែកសារសំខាន់មួយថា៖ “យើងត្រូវតែប្រាប់អ្នករាល់គ្នាថា សូមធ្វើល្អជាមួយនឹងអ្នកជិតខាង”។ លោកយាយបន្ត៖ “សម្ដែងពីទឹកចិត្តល្អរបស់អ្នក ហើយកុំស្អប់នរណាម្នាក់អី។ ពាក្យថា ស្អប់ គួរតែលុបចេញពីវចនានុក្រម”។
ជាក់ស្ដែង កន្លងមកអ្នកវិទ្យាសាស្រ្តជាច្រើនរូបធ្លាប់បញ្ជាក់រួចមកហើយថា មនុស្សដែលមានទឹកចិត្តល្អ និងជួយអ្នកដទៃជាប្រចាំ តែងមានអាយុវែង។ តួយ៉ាង អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Basel ក្នុងប្រទេសស្វីស បានសិក្សាទៅលើសំណាកជាង ៥០០ នាក់ដែលមានអាយុចន្លោះពី ៧០ ទៅ ១០៣ ឆ្នាំ។ លទ្ធផលបានបង្ហាញថា មនុស្សដែលតែងតែជួយ និងមើលថែអ្នកដទៃ មិនត្រឹមតែធ្វើឱ្យខ្លួនមានសេចក្ដីសុខប៉ុណ្ណោះទេ តែថែមទាំងអាចពន្យាអាយុរស់នៅបានទៀតផង។
ការសិក្សាដដែលនេះបានរកឃើញទៀតថា ការធ្វើបែបនេះ អាចជួយកាត់បន្ថយហានិភ័យក្នុងការបាត់បង់ជីវិតបានជាង ២០ ភាគរយ រួមទាំងកាត់បន្ថយអាការៈបាក់ទឹកចិត្ត និងជួយសុខភាពឱ្យមាំទាំជាងមុនផងដែរ៕

























Account
Security
Favourite Content