បុរសម្នាក់នៅកោះតៃវ៉ាន់បានលួចចូលទៅក្នុងគណនី Facebook ប្រពន្ធរបស់ខ្លួន ដោយសារតែចង់ឱ្យភរិយាត្រលប់មករកខ្លួនវិញ ក្រោយមានជម្លោះតឹងសរសៃកនៅក្នុងគ្រួសារ តែផ្ទុយទៅវិញបែរជាត្រូវជាប់គុករហូតដល់ ៣ខែ។
បើតាមកាសែត Taipei Times បានរាយការណ៍ថា បុរសរូបនេះមានឈ្មោះថា Hou និងមានភរិយាឈ្មោះ អ្នកស្រី Yu ដោយពួកគេទាំង ២ មានជម្លោះតាំងតែពីខែឧសភា ឆ្នាំ២០២២ មកម្ល៉េះ។

បន្ទាប់ពីជម្លោះឆ្នាំ ២០២២ មក អ្នកស្រី Yu បានចាកចេញពីផ្ទះដែលគាត់បានរួមរស់ជាមួយលោក Hou នៅទីក្រុង Chiayi ដោយយកកូនស្រីរបស់ពួកគេទៅជាមួយ និងមិនដែលលើកទូរស័ព្ទរបស់លោក Hou ឡើយ។
ដូច្នេះហើយ លោក Hou បានលួចចូលទៅក្នុងគណនី Facebook របស់អ្នកស្រី Yu ជំនួសវិញនៅថ្ងៃទី ៣១ ឧសភា និងថ្ងៃទី ១ ខែមិថុនា ដើម្បីផ្ញើសារទៅកាន់កូនស្រី និងម្តាយក្មេករបស់ខ្លួន។
ដោយប្រើគណនីហ្វេសប៊ុករបស់ប្រពន្ធ លោក Hou បានប្រាប់កូនស្រី និងម្តាយក្មេកថា គាត់មានការសោកស្តាយចំពោះអ្វីដែលបានកើតឡើងរវាងគាត់ និងអ្នកស្រី Yu ហើយសុំឱ្យពួកគេជួយលួងលោមឱ្យអ្នកស្រី Yu និយាយជាមួយខ្លួនវិញ។
អ្វីៗមិនដូចការគិត នៅពេលអ្នកស្រី Yu ដឹងថាលោក Hou បានរំលោភសិទ្ធិឯកជនរបស់ខ្លួន អ្នកស្រី Yuស្រាប់តែបានដាក់ពាក្យបណ្តឹងទៅប៉ូលីស និងចោទប្រកាន់បទព្រហ្មទណ្ឌលើលោក Hou ។
ក្នុងសប្តាហ៍នេះ តុលាការបានចេញសេចក្តីសម្រេចមួយដោយគាំទ្រលើការប្តឹងរបស់អ្នកស្រី Yu។ តុលាការថែមទាំងបានបញ្ជាក់ថា បុគ្គលគ្រប់រូបមិនត្រូវបាត់បង់សិទ្ធិឯកជនភាពរបស់ខ្លួនឡើយ បើទោះបីជារៀបការរួចទៅហើយក្តី។
ចំពោះការបំពានសិទ្ធិឯកជន តុលាការតៃវ៉ាន់បានកាត់ទោសបុរសឱ្យ លោក Hou ជាប់ពន្ធនាគាររយៈពេលបីខែ តែអាចកាត់កងបានតាមរយៈការផាកពិន័យចំនួន ១ ០០០ ដុល្លារតៃវ៉ាន់ ឬ ៣១ដុល្លារអាមេរិក ក្នុងមួយថ្ងៃ៕

























Account
Security
Favourite Content