នៅក្នុងផ្នែកខ្លះត្រូវបានគេសន្មត់ថាអ្នកមានកម្ពស់ខ្ពស់ច្រើនមានសុខភាពល្អដោយសម្អាងទៅលើហ្សែន និងតំណពូជ។ បន្ថែមពីលើនេះ ការទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់តាំងពីក្នុងផ្ទៃរហូតដល់ធំពេញវ័យក៏ជាចំណែកមួយដែលជួយពន្លឿនការលូតកម្ពស់ផងដែរ។
ប៉ុន្តែស្របពេលនេះក៏មានការសិក្សាជាច្រើនបានលើកឡើងថាមនុស្សខ្ពស់ភាគច្រើនគឺមានហានិភ័យដែលប្រឈមនឹងការស្លាប់លឿនជាងអ្នកមានកម្ពស់ទាប។ ដោយយោងតាមលទ្ធផលផ្លូវការនៃការសិក្សាស្រាវជ្រាវមួយពីគេហទំព័រ PLOS ONE ទៅលើអតីតកីឡាករបាល់បោះកាលពីឆ្នាំ ២០១៧ ដែលបានបង្ហាញថាទំហំរាងកាយកាន់តែធំ អាយុនឹងកាន់តែកាត់បន្ថយ។
ចំពោះការសិក្សាវិភាគនេះផងដែរត្រូវបានធ្វើឡើងចន្លោះឆ្នាំ ១៩៤៦ ដល់ ២០១០ ទៅលើអតីតកីឡាករបាល់បោះទាំងនៅរស់ និងបាត់បង់ជីវិតចំនួន ៣៩០១ នាក់ដែលមានកម្ពស់ជាមធ្យម ១.៩៧ សង់ទីម៉ែត្រ។
ជាងនេះទៅទៀត យោងតាមគេហទំព័រ Healthline ប្រភេទហ្សែន FOX03 ក៏ត្រូវបានបូករួមជាចំណែកមួយដែលភ្ជាប់ជាមួយទំហំរាងកាយដែរ។ នៅក្នុងការសិក្សាដដែលបានបង្ហាញថាមនុស្សដែលមានកម្ពស់ ១.៦០ សង់ទីម៉ែត្រទំនងមានទម្រង់ការពារប្រភេទហ្សែនមួយនេះល្អជាងមនុស្សខ្ពស់។ មិនតែប៉ុណ្ណោះ ពួកគេក៏មានភាគរយក្នុងការប្រឈមនឹងការកើតជំងឺមហារីក និងមានកម្រិតអាំងស៊ុតលីនទាបផងដែរ។
ក្រៅពីការសិក្សាខាងលើនេះហើយ បច្ចុប្បន្នក៏នៅមានទ្រឹស្ដីមួយចំនួនដែលទាក់ទងជាមួយបញ្ហានេះដែរដូចជា៖
១. កម្រិតកាឡូរី៖ ការទទួលកម្រិតកាឡូរីចូលក្នុងរាងកាយគឺបានមកម្ហូបអាហារ នំចំណី និងភេសជ្ជៈដែលយើងញ៉ាំប្រចាំថ្ងៃ។ ដូច្នេះកម្រិតកាឡូរីក្នុងរាងកាយក៏ត្រូវបានគេចាត់ជាកត្តាមួយដែលអំណោយផងដល់អ្នកមានកម្ពស់ទាបដែរព្រោះអ្នកមានកម្ពស់ភាគច្រើនមែនទែនត្រូវការបរិមាណកាឡូរីច្រើនដើម្បីជួយជំរុញដល់ដំណើរការរាងកាយ។
២. កោសិកា៖ ជាមួយគ្នានេះ នៅក្នុងរាងកាយមនុស្សខ្ពស់គឺមានផ្ទុកកោសិកាច្រើនជាងអ្នកមានកម្ពស់ទាប។ មានន័យថាកោសិកាច្រើនអាចនឹងមានផលប៉ះពាល់កាន់តែច្រើនពីរ៉ាឌីកាល់សេរី និងសារធាតុបង្កមហារីកផ្សេងទៀតផងដែរ។ មិនតែប៉ុណ្ណោះ កោសិកាកាន់តែច្រើនមានន័យថាការចម្លងកោសិកាក៏កាន់តែច្រើនដូចគ្នា ដូច្នេះនៅពេលមនុស្សកាន់តែចាស់នឹងលែងមានកោសិកាជំនួសសម្រាប់ជួយជួសជុលជាលិកា និងការខូចខាតសរីរាង្គផ្សេងទៀតហើយ៕






















Account
Security
Favourite Content