កាលពីថ្ងៃទី៧ ខែកក្កដានេះ គណៈកម្មាធិការទទួលបន្ទុកផ្នែកអប់រំនៃរដ្ឋសភារបស់កូរ៉េខាងត្បូង បានស្នើវិសោធនកម្មច្បាប់ រឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃដទៃទៀត សម្រាប់សិស្សដែលសិក្សានៅក្នុងថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ។ នេះបើផ្អែកលើការចុះផ្សាយរបស់ The Korea Times។

ការអនុវត្តច្បាប់ថ្មីនេះ អាចនឹងចាប់ផ្ដើមធ្វើឡើងពីដើមខែមីនា ឆ្នាំ២០២៦ តទៅ ដោយហាមឃាត់ការប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍ឆ្លាតវៃដទៃទៀត នៅក្នុងម៉ោងសិក្សា និងសូម្បីតែក្រៅម៉ោងសិក្សា ឱ្យតែស្ថិតនៅក្នុងបរិវេណសាលា លើកលែងតែករណីប្រើប្រាស់ក្នុងគោលបំណងអប់រំ គ្រាអាសន្ន និងចំពោះសិស្សដែលមានពិការភាព ឬតម្រូវឱ្យប្រើប្រាស់ឧបករណ៍ទាំងនេះជាចាំបាច់ប៉ុណ្ណោះ។
ច្បាប់រឹតបន្ដឹងនេះបានផ្ដួចផ្ដើមឡើង ក្រោយពីអ្នកជំនាញ និងឪពុកម្តាយបានបង្ហាញការព្រួយបារម្ភទៅលើឥទ្ធិពលនៃឧបករណ៍បច្ចេកវិទ្យា ដែលអាចជះផលប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ និងលទ្ធផលសិក្សា។ ទន្ទឹមគ្នានេះ អ្នកគាំទ្រច្បាប់ខាងលើក៏បានអះអាងដែលថា ប្រព័ន្ធឌីជីថលក៏អាចមានផលប៉ះពាល់ទៅដល់ទំនាក់ទំនងនៅក្នុងសង្គមពិត និងរួមចំណែកឱ្យមានការប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធឺណិតទៀតផង។

គួរឱ្យដឹងផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ ក្រសួងអប់រំរបស់កូរ៉េខាងត្បូង ក៏ធ្លាប់បានណែនាំវិធានការស្រដៀងគ្នានេះដែរ ស្របពេលដែលវិសោធនកម្មច្បាប់នេះ ក៏ទទួលបានការចោទសួរពីការអនុវត្តជាក់ស្ដែង និងផលក្នុងរយៈពេលវែងដូចគ្នា។
សូមបញ្ជក់ថា បច្ចុប្បន្នច្បាប់ខាងលើ បានឆ្លងកាត់ការយល់ព្រមពីគណបក្សនយោបាយសំខាន់ៗទាំង ២របស់កូរ៉េខាងត្បូងហើយ ដោយរំពឹងថា នឹងទទួលបានការបោះឆ្នោតនៅក្នុងសភា នៅខែក្រោយនេះ។ ក្នុងករណីទទួលបានសំឡេងបោះឆ្នោតគាំទ្រភាគច្រើន ហើយគ្មានអ្វីប្រែប្រួលទេ ច្បាប់ហាមឃាត់ប្រើប្រាស់ទូរស័ព្ទ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៦ តទៅ៕


























Account
Security
Favourite Content