ប្រទេសជប៉ុន បានបំបែកកំណត់ត្រា ជាមួយនឹងល្បឿនអ៊ីនធឺណិតថ្មី ក្នុងកម្រិត ១.០២ Petabit ក្នុងមួយវិនាទី ដែល្បឿននេះ លឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមរបស់សហរដ្ឋអាមេរិក ដល់ទៅ ៣.៥លានដង។

យោងតាមការចុះផ្សាយរបស់កាសែត Hindustan Times កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ វិទ្យាស្ថានជាតិបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ជប៉ុន ហៅកាត់ថា NICT បានប្រកាសឱ្យដឹងថា បច្ចុប្បន្នប្រទេសជប៉ុនមានល្បឿនអ៊ីនធឺណិតដល់ទៅ ១.០២ Petabit ក្នុងមួយវិនាទី ល្មមអាចទាញយករឿងទាំងអស់នៅលើ Netflix និងអត្ថបទជាភាសាអង់គ្លេសនៅលើ Wikipedia ទាំងមូល ដោយចំណាយពេលត្រឹម ១វិនាទីប៉ុណ្ណោះ។
ល្បឿនអ៊ីនធឺណិតនេះ គឺជាល្បឿនមួយដែលឈានមុខគេនាពេលបច្ចុប្បន្ន បើប្រៀបធៀបនឹងប្រទេសជាច្រើនជុំវិញពិភពលោក។ ជាក់ស្ដែងល្បឿននេះ គឺមានសន្ទុះលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមរបស់សហរដ្ឋអាមេរិក ដល់ទៅ ៣.៥លានដង ឬលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមរបស់ប្រទេសឥណ្ឌាដល់ទៅ ១៦លានដង ក្នុងកម្រិត ៦៣.៥៥ Megabit ក្នុងមួយវិនាទី។
គួរឱ្យដឹងផងដែរថា គម្រោងនេះគឺជាកិច្ចសហការរវាង NICT ក្រុមហ៊ុន Sumitomo Electric និងអ្នកស្រាវជ្រាវអឺរ៉ុប ដោយមានគោលបំណងចង់បង្ហាញថា អ៊ីនធឺណិតល្បឿនលឿនកម្រិតនេះ គឺអាចដាក់ឱ្យប្រើប្រាស់ក្នុងរយៈចម្ងាយឆ្ងាយបាន តាមរយៈហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតដែលកំពុងប្រើប្រាស់ស្រាប់ក្នុងពេលបច្ចុប្បន្ន៕


























Account
Security
Favourite Content