មនុស្សគ្រប់រូបលើលោកនេះតែងយល់ថាថ្ងៃកំណើតរបស់ខ្លួន ជាថ្ងៃពិសេស និងខុសប្លែកពីគេ ប៉ុន្តែវាមិនពិតនោះទេ ដែលថ្ងៃកំណើតរបស់អ្នកពិតជាពិសេស និងកម្រមានមនុស្សកើតមែននោះ។ ក្នុងរយៈពេល ៣៦៥ថ្ងៃមានថ្ងៃតែមួយគត់ដែលកម្រ និងអត្រាចាប់កំណើតតិចបំផុតគឺថ្ងៃទី ២៩ កុម្ភៈ ឯក្រៅពីនោះសុទ្ធតែមានមនុស្សកើតច្រើន មិនមែនរយ មិនមែនពាន់ តែខ្ទង់លាននាក់។ យ៉ាងណាខាងក្រោមនេះជាទ្រឹស្ដីមួយដែលបង្ហាញថាតើមានមនុស្សប៉ុន្មានអ្នកដែលកើតក្នុងថ្ងៃដូចគ្នាជាមួយអ្នក។

បើយើងដកតែថ្ងៃ ២៩ កុម្ភៈ ចេញមួយ មិនថាកំណើតរបស់អ្នកនៅក្នុងថ្ងៃណានោះទេ តាមទ្រឹស្ដីអត្រាដែលមានអ្នកកើតថ្ងៃដូចគ្នានឹងអ្នកលើលោកនេះអាចមានចំនួន ១/៣៦៥នាក់នៃចំនួនប្រជាជនពិភពលោក ឬ ០.២៧៤ភាគរយ។ ហើយបើយើងគិតតាមចំនួនប្រជាជនពិភពលោកបច្ចុប្បន្ន ប្រមាណជាង ៧ពាន់លាននាក់ នោះមនុស្សដែលកើតក្នុងថ្ងៃដូចគ្នានឹងអ្នកអាចមានចំនួនជាង ២០លាននាក់។
ចំណែកមនុស្សដែលកើតនៅថ្ងៃបង្គ្រប់គឺថ្ងៃទី ២៩ ខែកុម្ភៈ អត្រាដែលមានអ្នកកើតថ្ងៃដូចគ្នានឹងអ្នកមានត្រឹមតែ ១/១៤៦១នាក់នៃចំនួនប្រជាជនពិភពលោក ឬស្មើនឹង ៤ឆ្នាំមានមនុស្សកើតក្នុងថ្ងៃដូចគ្នានឹងអ្នក ១នាក់ (៣៦៦ + ៣៦៦ + ៣៦៦ + ៣៦៦ ស្មើនឹង ១៤៦១)។
ដោយឡែកថ្ងៃកំណើតដែលពេញនិយម ឬអាចហៅថាអត្រាចាប់កំណើតខ្ពស់ គឺមានភាពខុសៗគ្នាទៅតាមវប្បធម៌ តំបន់ និងប្រទេស។ ជាឧទាហរណ៍តូចមួយនៅសហរដ្ឋអាមេរិក ប្រជាជនប្រទេសនេះនិយមរៀបអាពាហ៍ពិពាហ៍នៅក្នុងខែមិថុនា ជាហេតុដែលធ្វើឲ្យការចាប់កំណើតនៅចន្លោះខែកុម្ភៈ និងខែមីនា មានអត្រាខ្ពស់នៅក្នុងប្រទេសនេះ។ ក្រៅពីនេះ ក្រោយ ៩-១០ខែនៃពិធីបុណ្យសំខាន់ៗដូចជា បុណ្យនៃក្ដីស្រលាញ់ បុណ្យណូអែល ជាដើមសុទ្ធសឹងជាថ្ងៃដែលមានអត្រាចាប់កំណើតខ្ពស់។
បើយោងតាមការសិក្សាបែបវិទ្យាសាស្ត្រចាប់តាំងពីឆ្នាំ ១៩៩០ មកក៏បានបង្ហាញថាអត្រានៃការមានគភ៌ប្រែប្រួលទៅតាមរដូវកាលនៃតំបន់នីមួយៗ រួមទាំងកត្តាសំខាន់ៗមួយចំនួនទៀតដូចជាអាយុ ការអប់រំ ស្ថានភាពសេដ្ឋកិច្ចសង្គម និងអាពាហ៍ពិពាហ៍៕





















































Account
Security
Favourite Content