បុរសជនជាតិចិនឈ្មោះ Shen Yuhao បានកែប្រែក្ដីសុបិនឱ្យក្លាយជាការពិត ដោយបានសាងសង់ផ្ទះមួយខ្នងដូចគ្នាបេះដាក់ទៅនឹងផ្ទះរបស់តុក្កតាល្បីឈ្មោះ Crayon Shin-chan ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រពីជុំវិញពិភពលោក។
តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន Record China បានឱ្យដឹង ផ្ទះមួយខ្នងនេះមានទីតាំងក្នុងកសិដ្ឋាន Yun Duo ក្នុងទីក្រុង Huzhou ប្រទេសចិន ដោយមានលោក Shen Yuhao ជាម្ចាស់ផ្ទះ។ យុវជនវ័យ២១ឆ្នាំរូបនេះបានប្រាប់ថា ការធ្វើផ្ទះនេះឡើង មិនមែនគ្រាន់តែដើម្បីបំពេញគោលបំណងរបស់ខ្លួនមួយមុខនោះទេ តែលោកក៏មានគោលដៅចង់ពង្រឹងវិស័យទេសចរណ៍ក្នុងតំបន់ផងដែរ។
ក្រោយបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ យុវជនរូបនេះបានត្រឡប់ទៅផ្ទះកំណើតវិញ ក្នុងគោលបំណងជួយមើលថែកសិដ្ឋានចៀមបន្តពីឪពុកម្ដាយ។ ក៏ប៉ុន្តែគំនិតនៃការសាងសង់ផ្ទះឈីងចាំងក្នុងជីវិតពិត ស្រាប់តែលេចឡើងនៅពេលដែលលោក និងក្រុមការងារនិយាយគ្នាលេង មុននឹងពួកលោកសម្រេចចិត្តធ្វើដំណើរទៅកាន់ទីភ្នាក់ងាររបស់ឈីងចាំងនៅឯទីក្រុងសៀងហៃដើម្បីសុំសិទ្ធិសាងសង់ពីម្ចាស់កម្មសិទ្ធិដោយផ្ទាល់។
ជាក់ស្ដែង ការសាងសង់ដោយគោរពតាមម្ចាស់កម្មសិទ្ធិបញ្ញានេះមានភាពលំបាកជាងការគិត ព្រោះវាទាមទារឱ្យមានភាពដូចគ្នាឱ្យបានច្រើនបំផុតទៅនឹងផ្ទះក្នុងរឿងតុក្កតា មិនថាផ្នែកខាងក្រៅ ផ្នែកខាងក្នុង និងគ្រឿងសង្ហារឹមនោះទេ។ ក្រោមហេតុនេះហើយ ការចំណាយនៃគម្រោងទាំងមូលក៏បានកើនឡើង ដែលតម្រូវឱ្យលោកត្រូវទៅខ្ចីលុយគេបន្ថែម ទោះបីមានការជួយជ្រោមជ្រែងពីម្ដាយរួចហើយក៏ពិតមែន។ ជាលទ្ធផល លោកបានចំណាយប្រាក់ ៣លានយន់ ឬប្រហែល ៤១ ម៉ឺនដុល្លារអាមេរិក លើសពីអ្វីដែលខ្លួនគ្រោង ដោយសង្ឃឹមថានឹងអាចរកដើមមកវិញបាន តាមរយៈការមកលេងរបស់ភ្ញៀវទេសចរ។
ដោយឡែក Shen Yuhao មិនមានគោលបំណងបញ្ចប់គម្រោងរបស់ខ្លួនត្រឹមនេះទេ ដោយនៅថ្ងៃអនាគត យុវជនរូបនេះលោកមានបំណងចង់សាងសង់ទីក្រុងដែលឈីងចាំងរស់នៅទាំងមូលតែម្ដង គឺទីក្រុង Kasukabe រួមគ្នានឹងសាលា Futaba Kindergarten ដើម្បីអាចទាក់ទាញភ្ញៀវទេសចរចូលមកតំបន់ខ្លួនឱ្យច្រើនជាងមុន៕