ប្រទេសចិនប្រកាសយកពន្ធអាករលើតម្លៃបន្ថែម (VAT) ១៣ ភាគរយលើស្រោមអនាម័យ និងថ្នាំពន្យារកំណើត ក្នុងគោលបំណងបង្កើនអត្រាកំណើត និងធ្វើទំនើបកម្មច្បាប់ស្តីពីសារពើពន្ធ។ នេះបើយោងតាមសារព័ត៌មាន The Guardian។

ក្រោយពីលើកលែងពន្ធអស់ពេលជាង ៣០ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ១៩៩៣ ប្រទេសចិននឹងចាប់ផ្ដើមយកពន្ធអាករលើតម្លៃបន្ថែម (VAT) ១៣ ភាគរយលើស្រោមអនាម័យ និងថ្នាំពន្យារកំណើតចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៦ តទៅ។ សេចក្ដីប្រកាសនេះបានបង្កើតជាការជជែកវែកញែក និងរិះគន់យ៉ាងទូលាយនៅលើបណ្ដាញសង្គមចិន ខណៈប្រជាជនចិនមួយចំនួនបានចោទសួរទាក់ទាងនឹងវិធានការខ្លាំងៗដែលរដ្ឋាភិបាលបានដាក់សម្ពោធឱ្យពួកគេយកកូន។
ដោយស្រោមអនាម័យជាធម្មតាមានតម្លៃប្រមាណ ៥ ទៅ ៩ដុល្លារក្នុងមួយប្រអប់ ស្របពេលដែលថ្នាំពន្យារកំណើតមួយបន្ទះដែលអាចប្រើប្រាស់បានរយៈពេល ១ខែ មានតម្លៃប្រមាណ ៧ ទៅ ១៩ដុល្លារអាមេរិក លោក Yun Zhou សាស្ត្រាចារ្យរងផ្នែកសង្គមវិទ្យានៅសាកលវិទ្យាល័យ Michigan បានយល់ឃើញថា ការដំឡើងពន្ធនេះអាចនឹងមិនមានផលដល់ការសម្រេចចិត្តក្នុងការយកកូនរបស់ប្រជាជនទេ តែគឺជាការបញ្ជូនសារថា រដ្ឋាភិបាលមិនបានគាំទ្រដល់ការពន្យារកំណើតបន្តទៅទៀត។
យ៉ាងណាមិញ លោកបានប្រាប់ទៀតថា បើសិនប្រជាជនពិបាកក្នុងការពន្យារកំណើតជាងមុន ផលប៉ះពាល់អវិជ្ជមានភាគច្រើននឹងធ្លាក់ទៅលើស្ត្រី ជាពិសេសក្រុមដែលមានជីវភាពខ្វះខាត និងខ្វះលទ្ធភាពក្នុងការស្វែងរកធនធាន។

គួរឱ្យដឹងថា នៅចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៥ ប្រទេសចិនបានអនុវត្តគោលនយោបាយឱ្យប្រជាជនយកកូនតែម្នាក់ប៉ុណ្ណោះ រហូតនាំឱ្យចិនបានជួបប្រទះនឹងវិបត្តិប្រជាជនធ្លាក់ចុះ ៣ ឆ្នាំជាប់គ្នា ព្រោះបញ្ហាអត្រាកំណើតទាប ខណៈប្រទេសចិនបានឈានចូលក្នុងសង្គមមនុស្សចាស់។
ដើម្បីដោះស្រាយបញ្ហានេះ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ចិនបានបង្កើតវិធានការផ្សេងៗដើម្បីលើកទឹកចិត្តឱ្យប្រជាជនយកកូន ក្នុងគោលបំណងដោះស្រាយបញ្ហាអត្រាកំណើតទាប ដូចជា ការអនុញ្ញាតឱ្យប្ដីប្រពន្ធ ១គូអាចមានកូន ៣នាក់ ការបញ្ចុះតម្លៃលើសេវាកម្មបង្កកំណើតបែបវិទ្យាសាស្រ្ត IVF ហើយនៅឆ្នាំ ២០២៥ ចិនក៏បានចំណាយប្រាក់ជាង ៩០ប៊ីលានយ៉ន់ ប្រមាណ ១២.៧ពាន់លានដុល្លារអាមេរិក លើកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៣ ៦០០យ៉ន់ ឬប្រមាណ ៥១០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដល់កុមារដែលមានអាយុ ៣ឆ្នាំចុះក្រោមផងដែរ។

បន្ថែមពីនេះ វិធានការជាច្រើនទៀត រួមមានការអនុញ្ញាតឱ្យប្ដីប្រពន្ធថ្មីថ្មោងទទួលបានថ្ងៃឈប់សម្រាកបន្ថែម តែនៅតែទទួលបានប្រាក់ឈ្នួលដូចដើម ក៏បានរៀបចំឡើងដើម្បីលើកចិត្តឱ្យប្រជាជនរៀបអាពាហ៍ពិពាហ៍ច្រើនជាងមុនផងដែរ។ ក៏ប៉ុន្តែវិធានការទាំងនេះ ទទួលបានផលតិចតួច ខណៈកាលពីឆ្នាំ ២០២៤ អត្រាកំណើតរបស់ប្រទេសចិនមានចំនួន ៦,៧៧ នាក់ប៉ុណ្ណោះក្នុងចំណោមប្រជាជន ១០០០ នាក់។
នៅគ្រាដែលវិធានការលើកទឹកចិត្តមិនបានផល ក៏មានការព្រួយបារម្ភថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់វិធានការចាប់បង្ខំ ដើម្បីដោះស្រាយបញ្ហានេះ ព្រោះកន្លងមក ស្ត្រីមួយចំនួនក៏ធ្លាប់បានប្រាប់ថា ពួកគេធ្លាប់ត្រូវបានមន្ត្រី្កក្នុងតំបន់សាកសួរទាក់ទងនឹងថ្ងៃខែមករដូវផងដែរ៕


























Account
Security
Favourite Content