ចាប់តាំងពីពិធីបើកព្រឹត្តិការណ៍ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ មកដល់ថ្ងៃចុងក្រោយនៃការប្រកួតប្រជែងកីឡាស៊ីហ្គេមលើក ទី៣២ កម្ពុជាដែលជាម្ចាស់ផ្ទះស្ថិតនៅលំដាប់ទី៤ ក្នុងចំណោម ១១ ប្រទេស និងដណ្តើមបានមេដាយសរុបចំនួន ២៨២ ក្នុងនោះ មេដាយមាសចំនួន ៨១ មេដាយប្រាក់ចំនួន ៧៤ និងមេដាយសំរឹទ្ធចំនួន ១២៧។
នាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៦៤ ឆ្នាំ កម្ពុជាសាងភាពអស្ចារ្យជាច្រើន រួមទាំងការបង្កើតកំណត់ត្រាថ្មី ឬការបំបែកកំណត់ត្រាខ្លួនឯងដោយទទួលបានមេដាយច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាឡើយ ពោលព្រឹត្តិការណ៍ស៊ីហ្គេមទាំងអស់ដែលកម្ពុជាចូលរួមមិនដែលឈ្នះមេដាយបានលើសពី ១០០ មេដាយឡើយ។

កាលពីស៊ីហ្គេមលើកទី៣១ នាប្រទេសវៀតណាម កម្ពុជាដណ្តើមបានមេដាយមាស ៩ គ្រឿង ប្រាក់ ១៣ គ្រឿង និង សំរឹទ្ធ ៤១ គ្រឿង សរុបចំនួន ៦៣ គ្រឿង ដែលគ្រានោះជាការបំណែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយ ច្រើនជាងពេលណាៗទាំងអស់។
ដោយឡែកសម្រាប់កំណត់ត្រាមេដាយមាស កម្ពុជាធ្លាប់បំបែកឯតទគ្គកម្មចុងក្រោយទទួលបានមេដាយមាសច្រើនបំផុតកាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ១៩៧១ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ គ្រានោះ កម្ពុជាទទួលបានមេដាយសរុប ៥២ គ្រឿងដោយទទួលបានមេដាយមាស១៧ ប្រាក់១៨ សំរឹទ្ធ១៨ (សរុប៥៣)។
៥២ ឆ្នាំក្រោយមក កម្ពុជាអាចសម្រេចគោលដៅដណ្តើមយកមេដាយមាសច្រើនបំផុតក្នុងប្រវត្តិសាស្ត្រជាថ្មីដោយការឈ្នះមេដាយមាសសរុប ៨១។
ជាការកត់សម្គាល់ អត្តពលិកកម្ពុជាបានបំបែកកំណត់ត្រាយកមេដាយមាសលើប្រភេទកីឡាដែលកម្ពុជាមិនធ្លាប់ឈ្នះជាច្រើនដូចជា ហែលទឹកជើងទាវិញ្ញាសារស្ត្រី, វិញ្ញាសារគុនខ្មែរ, អត្តពលិកម្ម វិញ្ញាសារត់ប្រណាំង និងវិញ្ញាសារមួយចំនួនទៀត។
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ម្ចាស់ជយលាភីមេដាយមាសបានទៅលើប្រទេសវៀតណាម បន្ទាប់ពីដណ្ដើមបានមេដាយមាស ១៣៦ គ្រឿង ថៃជាប់លេខ ២ ឥណ្ឌូណេស៊ី ជាប់លេខ ៣ និង ម្ចាស់ផ្ទះកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៤៕


























Account
Security
Favourite Content