ទីក្រុង Amsterdam ដែលជារដ្ឋធានីរបស់ប្រទេសហូឡង់ បានចាប់ផ្តើមយុទ្ធនាការទេសចរណ៍មួយ ជាមួយនឹងចេតនាជាក់លាក់គឺដើម្បីសុំឱ្យភ្ញៀវទេសចរមួយចំនួននៅឱ្យឆ្ងាយ និងកុំប្រាថ្នាទៅទស្សនាទីក្រុងរបស់ខ្លួន។ យុទ្ធនាការគឺមានគោលបំណង បំបាក់ទឹកចិត្តភ្ញៀវទេសចរណាដែលមានគម្រោងទៅទស្សនាគឺដើម្បីតែសកម្មភាពខុសទំនងមួយចំនួនធំ ដោយយុទ្ធនាការនេះចាប់ផ្តើមធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស និងបន្តទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត។
ទីក្រុង Amsterdam គឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរអង់គ្លេស ជាពិសេសយុវជនក្មេងៗ ដែលតាមធម្មតាទៅទស្សនាពីរ ឬបីថ្ងៃជាក្រុមធំ ផឹកស្រា ជក់កញ្ឆានៅតាមហាងកាហ្វេ និងចូលបារ បន្ទាប់មកទៅលេងតំបន់ភ្លើងក្រហម ហើយជាញឹកញាប់តែងចូលរួមសកម្មភាពប្រឆាំងនឹងសង្គមជាដើម។

យុទ្ធនាការគឺចង់ បំបាក់ទឹកចិត្តភ្ញៀវទេសចរប្រភេទទាំងនេះ ដោយទីក្រុង Amsterdam ខ្លួនឯងក៏មិនចង់ជាប់ឈ្មោះជាទីក្រុងស្នាក់ការសម្រាប់ជប់លៀងតទៅទៀត ហើយក៏មិនចង់ល្បីខាងសេវាកម្មផ្លូវភេទ គ្រឿងញៀន និងតំបន់តន្ត្រី Rock and Roll ទៀតដែរ។ Amsterdam ចង់ផ្ដោតលើប្រវត្តិសាស្ត្រដ៏សម្បូរបែប ទិដ្ឋភាពអាហារសម្បូរបែប និងសិល្បៈជំនួសវិញ។
គួរជម្រាបថាទីក្រុង Amsterdam បានអនុញ្ញាតឱ្យស្ត្រីរកស៊ីផ្លូវភេទធ្វើការស្របច្បាប់នៅកណ្តាលទីក្រុងរបស់ខ្លួនអស់ជាច្រើនសតវត្សមកហើយ ប៉ុន្តែចាប់ពីខែមេសានេះ ទីក្រុងរបស់ប្រទេសហូឡង់មួយនេះនឹងរឹតបន្តឹងដោយបង្ខំឱ្យពួកគេជាច្រើនបិទត្រឹមម៉ោង ៣ ភ្លឺជំនួសឱ្យម៉ោង ៦ភ្លឺកាលពីមុន។ ចំណែកឯបារដែលកាលពីមុន អនុញ្ញាតឲ្យបើកទល់ភ្លឺត្រូវបានកាត់បន្ថយមកត្រឹមម៉ោង ២យប់។ ហើយចាប់ពីខែឧសភា តទៅការជក់បារីនៅតាមទីសាធារណៈនឹងត្រូវហាមឃាត់យ៉ាងតឹងរ៉ឹង។
ក្រៅពីនេះ Amsterdam ក៏កំពុងចាប់ផ្តើមយុទ្ធនាការមួយផ្សេងទៀតដែលមានឈ្មោះថា ‘How To Amsterdam’ ដែលជាយុទ្ធនាការណែនាំពលរដ្ឋក្នុងក្រុងពីអាកប្បកិរិយាណាដែលអាចទទួលយកបាន និងមិនអាចទទួលយកបាន (បត់ជើងតូចនៅទីសាធារណៈ ស្រវឹង គ្មានសណ្តាប់ធ្នាប់ បង្កឲ្យមានសំឡេងបំពង និងទិញថ្នាំញៀនពីអ្នកលក់ដូរតាមផ្លូវ)។
គួរបញ្ជាក់ថា ការផ្លាស់ប្តូររបស់ក្រុមប្រឹក្សាក្រុង Amsterdam បានធ្វើឡើងក្រោយពេលដែលទីក្រុងជាច្រើនផ្សេងទៀតនៅអឺរ៉ុបកំពុងស្វែងរក ការបង្កើនទេសចរណ៍ប្រកបដោយនិរន្តរភាព (ទេសចរណ៍គុណភាព) ក៏ដូចជាការពារប្រជាជនក្នុងតំបន់ និងការគិតគូរអំពីបរិស្ថាន៕





























Account
Security
Favourite Content