កុំទុកដីសល់ទំនេរងាកមកដាំដំណាំទាំងនេះ ជួយឲ្យអាហារឆ្ងាញ់ និងសុខភាពល្អ

ដំណាំ​ទាំងនេះ​ងាយ​ស្រួល​ដាំ​ក្បែរ​ផ្ទះ តែ​មាន​អត្ថប្រយោជន៍​មហាសាល​មិន​គួរ​មើល​រំលង។ តោះ! ចង់​ដឹង​ថា តើ​ដំណាំ​ទាំងនោះ​ជា​អ្វី ហើយ​វា​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ និង​គួរ​ដាំ​វា​យ៉ាង​មិច​? កុំ​ភ្លេច​អាន​អត្ថបទ​នេះ​ពី​ដើម​ដល់​ចប់​ណា!

១.ស្លឹកគ្រៃ

ស្លឹកគ្រៃ គឺ​ជា​គ្រឿង​ទេស​មួយ​ដែល​ម្ហូប​ភាគ​ច្រើន​មិន​អាច​ខ្វះ​បាន​ ជា​ពិសេស​នោះ​គឺ​សម្ល។ បើ​និយាយ​ទៅ​អ្នកណា​ក៏​ស្គាល់​ស្លឹកគ្រៃ ប៉ុន្តែ​ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​ដែល​មើល​មិន​ដឹង​ថា​វា​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ខ្លះ​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង។ ថ្ងៃ​នេះ AMS ​នឹង​លើក​យក​អត្ថប្រយោជន៍​សំខាន់​ៗ​មួយ​ចំនួន​ពី​ស្លឹកគ្រៃ​ឲ្យ​ប្រិយមិត្ត​អ្នក​អាន​បាន​ដឹង។

អត្ថប្រយោជន៍៖

  • អាច​បំបាត់​ការ​ឈឺ​ចុកចាប់ តាម​ផ្លូវ​រំលាយ​អាហារ​
  • បំបាត់​ការ​ឈឺ​ពោះ​
  • បន្ថយ​សម្ពាធ​ឈាម​
  • ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​
  • បំបាត់​ការ​វិល​មុខ និង​ចង្អោរ​
  • បំបាត់​ការ​ក្អក​
  • ព្យាបាល​ជំងឺ​រលាក​សន្លាក់​
  • បំបាត់​គ្រុន​ក្ដៅ និង​ផ្ដាសាយ​
  • សម្លាប់​មេរោគ​។

​វីធី​ដាំ​ងាយ​ៗ៖

  • បំបែក​គល់​ស្លឹកគ្រៃ​ពី​គុម្ព រួច​យក​ទៅ​ដាំ​ឃ្លាត​ៗ​ពី​គ្នា ដោយ​ទុក​ឲ្យ​វា​លាស់​ចេញ​កូន​ច្រើន។ បន្ទាប់​ពី​ដាំ​រួច​ហើយ​ត្រូវ​ស្រោច​ទឹក​ជា​ប្រចាំ​កុំ​ឲ្យ​ស្ងួត​ដី និង​ត្រូវ​ថែម​ជី​ធម្មជាតិ​បន្តិចបន្តួច​ ដើម្បី​បន្ថែម​ជីវជាតិ​ឲ្យ​ដី។

២. ជីនាងវង

ជីនាងវង ជា​ជីរ​មួយ​បែប​អាច​ចាត់​ទុក​ថា​ជា​រុក្ខជាតិ​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ជា​គ្រឿង​ផ្សំ​ម្ហូប​អាហារ​ឲ្យ​មាន​ឱជារស​ឈ្ងុយឆ្ងាញ់ និង​មានអ្នក​ខ្លះ​ទៀត​យកជា​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ជំងឺ​ច្រើន​មុខ​ដែរ។

អត្ថប្រយោជន៍៖

  • ជួយ​ការពារ​សរសៃ​ឈាម​ពី​ការ​ខូចខាត
  • បង្ការ​ហានិភ័យ​ជំងឺ​មហារីក
  • ជួយ​បំបាត់​ការ​ឈឺចាប់
  • អាច​ព្យាបាល​ជំងឺ​សន្លាក់​ឆ្អឹង និង​ការ​ឡើង​ជាតិ​អាស៊ីត
  • ព្យាបាល​ជំងឺ​គ្រុនក្ដៅ
  • ជួយ​លាង​សម្អាត​សរសៃ​ឈាម
  • ជួយ​ព្យាបាល​ជំងឺ​រលាក​តម្រងនោម ទល់​លាមក​និង​រាគ​រុះ​ជា​ដើម។

វិធី​ដាំ​ងាយ​ៗ៖ សាប​គ្រាប់​ពូជ​ឲ្យ​ដុះ​ជា​មុន​សិន បន្ទាប់​មក​បំបែក​កូន​ដែល​ធំ​ៗ​ល្មម​យក​ទៅ​ដាំ រួច​ស្រោច​ទឹក និង​ដាក់​ជី​ធម្មជាតិ​ឲ្យ​មាន​សំណើម​ល្មម។

៣. ស្លឹកខ្ទឹម

បើ​​ត្រឹម​តែ​គិត​ទៅ​ដល់​ការ​ធ្វើ​ម្ហូប ក៏​យើង​យល់​ថា​ស្លឹកខ្ទឹម​គឺ​មាន​ក្លិន​ឆ្ងុយ និង​តែងតែ​ជួយ​បន្ថែម​រសជាតិ​ឲ្យ​ម្ហូប​ដែរ។ តោះ មក​មើល​ថា ក្រៅ​អំពី​រសជាតិ​ឆ្ងាញ់ ក្លិន​ឆ្ងុយ តើ​ស្លឹក​ខ្ទឹម​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?

អត្ថប្រយោជន៍៖

  • សុខភាព​ឆ្អឹង​រឹង​មាំ
  • ទប់ស្កាត់​ជំងឺ​មហារីក
  • បង្កើន​សុខភាព​ភ្នែក
  • កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម
  • សុខភាព​ស្បែក​ល្អ។

វិធី​ដាំ​ងាយ៖ បំបែក​គុម្ព​ធំ​ៗ ហើយ​យក​មួយ​ដើម​ៗដាំ​ឃ្លាតៗ​ពី​គ្នា រួច​ស្រោច​ទឹក​និង​ដាក់​ជី ពូន​គល់​ជា​ប្រចាំ។

៤.រំដេង

អត្ថប្រយោជន៍៖

  • សក្ដានុពល​ប្រឆាំង​នឹង​មហារីក ការ​ស្រាវជ្រាវ​ឆ្នាំ ២០១៤ ​បាន​បង្ហាញ​ពី​សក្ដានុពល​ប្រឆាំង​នឹង​ជំងឺ​មហារីក ប្រឆាំង​នឹង​កោសិកា​មហារីក និង​មហារីក​ក្រពះ។
  • ប្រឆាំង​នឹង​ការ​រលាក៖ ប្រហាក់ប្រហែល​នឹង​រមៀត និង​ខ្ញី​គ្រឿង​ទេស​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​កាត់​បន្ថយ​ស្ថានភាព​រលាក​រួមមាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ជំងឺ​រលាក​សន្លាក់​ឆ្អឹង ឈឺក្បាល រោគ​សញ្ញា​រលាក​ពោះវៀន និង​បញ្ហា​ទូទៅ​ផ្សេង​ទៀត។
  • ប្រព័ន្ធ​ភាព​ស៊ាំ៖ ជាមួយ​នឹង​បរិមាណ​ដ៏​ល្អ​នៃ​វីតាមីន​សេ​ដែល​ត្រូវ​បាន​ទុក​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ប្លែក​ៗ​ដូច​ជា Alpine និង Galangin ប្រព័ន្ធ​ភាព​ស៊ាំ​អាច​ទទួល​បាន​ការ​សម្រាក​សម​នឹង​ទទួល​បាន​ដែល​នឹង​កាត់​បន្ថយ​ការ​រលាក​ដែល​មិន​ចាំបាច់​នៅ​ជុំវិញ​រាង​កាយ។
  • ជំងឺ​រ៉ាំ​​រ៉ៃ៖ ជំងឺ​រ៉ាំរ៉ៃ​ច្រើន​តែ​ជា​លទ្ធផល​នៃ​ការ​រលាក​រ៉ាំរ៉ៃ និង​ឥទ្ធិពល​អវិជ្ជមាន​នៃ​រ៉ាឌីកាល់សេរី។
  • មុខងារ​ខួរ​ក្បាល៖ អត្ថប្រយោជន៍​មួយ​ទៀត​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​គឺ​ឥទ្ធិពល​របស់​វា​ទៅ​លើ​សុខភាព​ខួរក្បាល។
  • សុខភាព​បន្ត​ពូជ៖ ការ​សិក្សា​បាន​រក​ឃើញ​ថា​រំដេង​អាច​ជួយ​បង្កើន​កម្លាំង និង​ការ​ផលិត​មេ​ជីវិត​ឈ្មោល​ដែល​ល្អ​សម្រាប់​អ្នក​ដែល​បញ្ហា​ផ្លូវ​ភេទ។ 

វិធី​ដាំ​ងាយ​ៗ៖​ បំបែក​គល់ ឬ​យក​មើម​រំដេង​ទៅ​ដាំ​នៅ​កន្លែង​ណា​មួយ​ដែល​មាន​ដី​ផុស​ល្អ ឬ​មាន​ជីវជាតិ​រួច​ស្រោច​ទឹក​តិច​ៗ​ជា​ប្រចាំ​ប៉ុន្តែ​កុំ​ស្រោច​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ជោរ​ខ្លាំង​ពេក​ព្រោះ​វា​អាច​រលួយ​។ វិធី​មួយ​ទៀត​បើ​មិន​មាន​ដី​ត្រូវ​ប្រើប្រាស់​បាវ​ជំនួស ដោយ​មិន​ចាំបាច់​ត្រូវ​មើល​ថែ​ដិតដល់​ពេក​ក៏​បាន ឬ​ពាក្យ​ចាស់​គេ​ហៅ​ថា «ដាំ​ចោល​បាន​របស់​ហូប» ជា​ដើម៕