គ្រូបង្រៀនថ្នាក់បឋមជនជាតិចិនម្នាក់ ឈ្មោះ Xiao Yuan ទទួលបានការសរសើរជាច្រើនពីសំណាក់អាណាព្យាបាលសិស្ស និងសាធារណាជន ក្រោយពីប្រើប្រាស់បញ្ញាសិប្បនិម្មិតបង្កើតរូបភាពកូនសិស្សរបស់ខ្លួននៅក្នុងឈុតនៃអាជីពដែលពួកចង់ធ្វើនៅពេលអនាគត។

កាលពីដើមខែមករា កន្លងទៅនេះ អ្នកគ្រូ Xiao Yuan ដែលរស់នៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន បានបង្ហោះវីដេអូនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនអំពីសកម្មភាពក្នុងថ្នាក់ ដែលអ្នកគ្រូបានបង្កើតរូបភាពនាថ្ងៃអនាគតរបស់សិស្សៗដើម្បីផ្ដល់ជាកាដូក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នេះបើយោងតាមអត្ថបទចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
វីដេអូមួយនេះបានបង្ហាញពីអារម្មណ៍រំភើប និងស្នាមញញឹមរបស់ក្មេងៗក្រោយពីឃើញរូបភាពទៅតាមក្ដីប្រាថ្នារបស់ខ្លួន ដែលអ្នកខ្លះប៉ងថាធំឡើង គេនឹងធ្វើជាមេចុងភៅ ទាហាន គ្រូបង្រៀន អ្នកពន្លត់អគ្គីន័យ និងសូម្បីតែជា តារាក៏មាន។

ដ្បិតអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ថា អាជីពជាកីឡាករ e-sport និងតារា ជាអាជីពដែលមិនល្អក្ដី ក៏ប៉ុន្តែអ្នកគ្រូរូបនេះបានឆ្លើយតបដោយប្រើប្រាស់គំនិតផ្ទាល់ខ្លួនថា៖ “ការងារទាំងអស់សុទ្ធតែមានតម្លៃរៀងៗខ្លួន ក្នុងករណីថាការងារនេះមិនធ្វើឱ្យប៉ះពាល់សង្គម និងខុសច្បាប់។ ពិភពលោកនេះមានភាពចម្រុះ ក៏ព្រោះតែម្នាក់ៗមានក្ដីសុបិនខុសគ្នា”។
អ្នកគ្រូ Xiao Yuan បានចែករំលែកពីគោលបំណងក្នុងការធ្វើសកម្មភាពមួយនេះ ដោយរៀបរាប់ថា គាត់ធ្វើឡើងព្រោះតែចង់បំផុសគំនិតឱ្យក្មេងៗមានក្ដីសុបិនខ្ពស់ និងមានភាពក្លាហានក្នុងការឈោងចាប់អាជីពដែលខ្លួនប៉ងចង់ធ្វើ។

ដោយឡែក ឪពុកម្ដាយជាច្រើនរូបដែលមានកូនរៀនជាមួយនឹងអ្នកគ្រូរូបនេះ បានចេញមកបញ្ចេញមតិវិជ្ជមានទៅលើសកម្មភាពរបស់អ្នកគ្រូ ដោយអាណាព្យាបាលម្នាក់បាននិយាយថា៖ “អរគុណអ្នកគ្រូ Xiao សម្រាប់ការបណ្ដុះគ្រាប់ពូជនៃក្ដីសង្ឈឹមនៅក្នុងបេះដូងរបស់កូនខ្ញុំ។ វាពិតជាបានជួយដល់ពួកគេក្នុងការស្វះស្វែងដើម្បីក្លាយជាអ្វី ដែលពួកចង់ធ្វើ”។
អ្នកម្ដាយមួយរូបទៀត បានរៀបរាប់ពីពាក្យពេចន៍ដោយមោទកភាពជាមួយនឹងរូបក្នុងដៃ ដែលកូនរបស់ខ្លួននិយាយនៅពេលទៅដល់ផ្ទះថា៖ “ម៉ាក់ នេះជារូបភាពរបស់ខ្ញុំ នៅពេលដែលខ្ញុំធំឡើង”។
ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដញទំនាក់ទំនងសង្គមមិនតិចអ្នកទេដែលយល់ស្របនឹងទង្វើរបស់អ្នកគ្រូ។ ម្នាក់ក្នុងចំណោមអ្នកដទៃទៀត បានសរសើរទៅលើគំនិតច្នៃប្រតិដ្ឋរបស់អ្នកគ្រូ Xiao Yuan ថា៖ “នេះជាអត្ថន័យពិតប្រាកដនៃការប្រើប្រាស់ AI។ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងចំពោះសំណើចដ៏រីករាយរបស់ក្មេងៗ និងទឹកចិត្តដ៏ល្អរបស់អ្នកគ្រូ”៕


























Account
Security
Favourite Content