ត្បិតជាវីដេអូមនុស្សពាក់មួករាំប្រវែងត្រឹម ២៧វិនាទីក្ដី តែលោក Duncan McCabe បានចំណាយពេលរត់រហូតដល់ទៅ ១០ខែ ជាមួយការរត់លើចម្ងាយដីសរុប ១១២៦គីឡូម៉ែត្រ ដោយប្រើប្រាស់កម្មវិធី Strava ជាអ្នកកត់ត្រារូបភាព មុននឹងក្លាយជាវីដេអូដ៏ល្បីល្បាញមួយនេះ។
បុរសវ័យ ៣២ឆ្នាំខាងលើ បានចាប់ផ្ដើមបេសកម្មរបស់ខ្លួនតាំងតែពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រហូតមិត្តរួមការងាររបស់លោកនឹកស្មានថា លោកកំពុងតែហ្វឹកហាត់សមសម្រាប់ការប្រកួតរត់ម៉ារ៉ាតុងទៅហើយ។ តែការពិតគណនេយ្យកររូបនេះបានចំណាយពេលរាប់ម៉ោងក្នុងមួយសប្ដាហ៍ គ្រាន់តែដើម្បីធ្វើវីដេអូគំនូរជីវចលខ្លី ដោយគ្មានគោលបំណងថានឹងទៅប្រកួតប្រជែងនៅទីណាបន្តិចឡើយ។
កន្លងមកកម្មវិធី Strava ដែលមានមុខងារជួយកត់ចំណាំផ្លូវដែលអ្នកបានឆ្លងកាត់ ធ្លាប់ទាក់ទាញអ្នកប្រើប្រាស់ជាច្រើនរូបរួចមកហើយ ឱ្យរត់ហាត់ប្រាណ និងបង្កើតជារូបភាពនានាជាសន្លឹក។ ដោយឡែកសម្រាប់ Duncan McCabe លោកចង់ធ្វើអ្វីដែលលើសពីនេះ ដោយព្យាយាមសន្សំរូបភាពដែលខ្លួនរត់ម្ដងមួយៗរហូតអាចផ្គុំគ្នាបានជាវីដេអូមនុស្សពាក់មួក រាំបទ Purple Hat របស់ Sofi Tukker បានយ៉ាងជោគជ័យ។


ត្បិតជាវីដេអូខ្លីក៏ពិតមែន តែវាទាមទារឱ្យ Duncan McCabe មានការតាំងចិត្ត និងរៀបចំគម្រោងទុកមុខច្រើន ទើបអាចផលិតវីដេអូមួយនេះចេញមកបាន។ លោកបានប្រាប់សារព័ត៌មាន CTV News Toront ថា បើទោះបីជាមេឃភ្លៀង ឬអាកាសធាតុមិនសូវល្អក្ដី ក៏លោកមិនអាចបញ្ឈប់ការរត់របស់ខ្លួនបានដែរ ព្រោះលោកចង់ឱ្យគម្រោងនេះជោគជ័យដូចអ្វីដែលខ្លួនបានប៉ង។
ត្រឹមវីដេអូ ២៧វិនាទី តែ Duncan McCabe បានរត់មិនក្រោម ១២០ដងនោះទេ ហើយពេល១វិនាទីៗដែលអ្នកទស្សនាបានឃើញ គឺលោកត្រូវចំណាយកម្លាំងមិនតិចប៉ុន្មាននោះទេ។ លោកបានរៀបរាប់ថា ៖ “បើអ្នកពិនិត្យវីដេអូនេះទៅ មួយវិនាទីគឺមានរូបភាពមនុស្សចំនួន ៥សន្លឹក។ មានន័យថា ដើម្បីធ្វើវីដេអូបានមួយវិនាទី ខ្ញុំត្រូវរត់ប្រមាណ ៥០ ទៅ ៦០គីឡូម៉ែត្រ វាឆ្ងាយជាងការរត់ប្រណាំងម៉ារ៉ាតុងទៅទៀត”។

បច្ចុប្បន្ន Sofi Tukker ម្ចាស់ចម្រៀងដែល Duncan McCabe បានប្រើប្រាស់ក្នុងវីដេអូដ៏ល្បីល្បាញខាងលើ បានដឹងពីដំណឹងមួយនេះហើយ។ មិនត្រឹមតែប៉ុណ្ណេះទេ អ្នកចម្រៀង duo រូបនេះក៏បានលើសំណើរគួរឱ្យចាប់អារម្មណ៍ទៅកាន់កម្មវិធី Strava ផងដែរថា៖ “Strava តើនឹងមានអ្វីកើតឡើង បើសិនជារឿងហៅអ្នករត់គ្រប់រូបមករួមគ្នា ហើយផលិតជាវីដេអូចម្រៀងតាមរយៈរូបភាពផ្លូវដែលពួកគេបានរត់… កីឡាករ… តើអ្នកនឹងចូលរួមទេ?”។
ក្រោយសំណើនេះបានលើកឡើងភ្លាម អ្នករត់ជាច្រើនរូបកំពុងតែរំជើបរំជួលពីគម្រោងមួយនេះ ដោយគេគិតថា វាអាចជាការចាប់ផ្ដើមបង្កើតស្នាដៃសិល្បៈថ្មីមួយ កើតចេញពីការរត់ហាត់ប្រាណ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាវីដេអូទី ១របស់ Duncan McCabe ទេ។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣ លោកបានធ្វើវីដេអូប្រភេទតែមួយនេះ ចេញជាសកម្មភាពរបស់សត្វនានា៕


























Account
Security
Favourite Content