ក្រុមហ៊ុន Henan Mine ពីប្រទេសចិន បានតម្រៀបលុយចំនួន ៦០លានយន់ ឬប្រមាណ ៨លាន ២សែនដុល្លារអាមេរិកនៅលើតុ ដោយបុគ្គលិកម្នាក់មានពេល ១៥នាទីដើម្បីរាប់ប្រាក់ទាំងនោះ និងយកទុកជាប្រាក់រង្វាន់តែម្ដង។

តាមរយៈសារព័ត៌មាន Mothership ព្រឹត្តិការណ៍ខាងលើនេះបានកើតឡើងនៅក្នុងកម្មវិធីប្រជុំប្រចាំឆ្នាំ ដែលធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករាកន្លងទៅនេះ ជាផ្នែកមួយនៃការចែកប្រាក់រង្វាន់ដល់បុគ្គលិកដែលមានតម្លៃសរុបចំនួន ១០០លានយន់ ឬប្រមាណ ១៣លាន ៨សែនដុល្លារអាមេរិក។
សារព័ត៌មានជាភាសាចិន Dahecube បានរៀបរាប់ពីលក្ខន្តិកៈលម្អិតនៃការចែកប្រាក់រង្វាន់នេះថា បុគ្គលិកទាំងអស់តម្រូវឱ្យចាប់គ្នាជាក្រុមៗ មានចំនួនសមាជិកសរុបត្រឹម ៣០នាក់ និងត្រូវមូលមតិគ្នាដើម្បីជ្រើសរើសតំណាងចំនួន ២រូបឡើងទៅរាប់លុយដែលដាក់រាយលើតុ ប្រវែងប្រមាណ ៦០ទៅ ៧០ម៉ែត្រ។
ក្នុងរយៈពេល ១៥នាទី តំណាងទាំងពីររូបនោះ ត្រូវរាប់ប្រាក់ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន និងត្រឹមត្រូវទៅតាមចំនួនជាក់ស្ដែងដែលខ្លួនរាប់បាន។ ក្នុងករណី ដែលចំនួនប្រាក់ត្រឹមត្រូវ ប្រាក់ដែលរាប់បានទាំងប៉ុន្មាន នឹងត្រូវបានចែកទៅសមាជិកទាំង ៣០នាក់ស្មើៗគ្នា ហើយតំណាងទាំងពីររូបក៏ទទួលបានប្រាក់បន្ថែមម្នាក់ ១០០យន់ ឬ ១៣ដុល្លារអាមេរិកជារង្វាន់ផងដែរ។ ដោយឡែកក្នុងករណីដែលខុសវិញ ប្រាក់ដែលរាប់បានទាំងអស់នឹងត្រូវចាត់ទុកជាមោឃៈ។

ជាក់ស្ដែង ក្នុងរយៈពេល ១៥នាទី មានបុគ្គលិកចំនួនមួយរូបបានរាប់ប្រាក់បានរហូតទៅដល់ ១សែនយន់ ឬល្បាក់ ១៤០០០ដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមការរាយការណ៍របស់ Times Finance។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាឆ្នាំដំបូងទេ ដែលក្រុមហ៊ុន Henan Mine បានចែកប្រាក់រង្វាន់កម្រិតលានដុល្លារអាមេរិកដូច្នេះ។ ជាក់ស្ដែង កាលពីឆ្នាំ២០២៣ ក្រុមហ៊ុនដដែលនេះ បានធ្វើការចែកប្រាក់ដល់បុគ្គលិកសរុបប្រមាណ ១០លាន និង៣សែនដុល្លារអាមេរិក៕

























Account
Security
Favourite Content