គូស្វាមីភរិយាជនជាតិចិនមួយគូដែលបានរៀបការជាមួយគ្នានៅដើមឆ្នាំ២០២៥នេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមក្នុងស្រុក ក្រោយដឹងថា ពួកគេធ្លាប់ឡើងសម្ដែងធ្វើជារៀបការជាមួយគ្នានៅក្នុងកម្មវិធីជប់លៀង Gala តាំងតែពីរៀនថ្នាក់មត្តេយ្យ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Shandong Business News អាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានប្រារព្ធទៅកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ នៅឯទីក្រុង Chaozhou ខេត្តក្វាងតុង ភាគខាងត្បូងប្រទេសចិន។
ដោយឡែក អ្វីដែលធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមភ្ញាក់ផ្អើលនោះ គឺវីដេអូមួយដែលបានថតតាំងតែពីជាង ២ទសវត្សរ៍មុន ដែលបង្ហាញពីសកម្មភាពរបស់អ្នកទាំងពីរបានឡើងសម្ដែងធ្វើជាកូនក្រមុំកូនកំលោះ ដោយមានមិត្តរួមថ្នាក់ដទៃទៀតបានចូលរួមសម្ដែងធ្វើជាភ្ញៀវកត្តិយសតាំងតែរៀនថ្នាក់មត្តេយ្យមកម៉្លេះ មុននឹងពួកគេបែកគ្នានៅពេលចូលរៀននៅសាលាបឋមសិក្សាផ្សេងគ្នា។

ការជួបគ្នាម្ដងទៀតរបស់ប្ដីប្រពន្ធមួយគូនេះ ត្រូវត្រឡប់ទៅកាលពី៣ ឆ្នាំមុន។ ជាក់ស្ដែង នៅក្នុងឆ្នាំ២០២២ អតីតមិត្តរួមថ្នាក់របស់អ្នកទាំងពីរបានចែករំលែកវីដេអូតែមួយនេះនៅលើអ៊ីនធឺណិត។ ម្ដាយរបស់កូនកំលោះក៏បានឃើញវីដេអូនេះ។ ស្របពេលដែលកូនបុ្រសខ្លួនកំពុងតែនៅលីវនៅឡើយ គាត់បានស្នើឱ្យកូនប្រុសស្វែងរកនារីក្នុងវីដេអូដើម្បីឱ្យពួកគេធ្វើការណាត់ជួបគ្នា។ ដោយមានជំនួយពីគ្រូដែលធ្លាប់បង្រៀនអ្នកទាំងពីរកាលពីថ្នាក់មត្តេយ្យ អ្នកទាំងពីរក៏បានជួបគ្នាបានសម្រេច និងចាប់ផ្ដើមធ្លាក់ក្នុងអន្លង់ស្នេហ៍រៀងៗខ្លួន មុននឹងសម្រេចចិត្តរៀបការនៅដើមឆ្នាំ២០២៥ នេះ។
ក្រោយពីប្រវត្តិស្នេហារបស់គូស្វាមីភរិយាថ្មីថ្មោងមួយនេះ បានចែករំលែកនៅលើបណ្ដាញទំនាក់ទំនងសង្គម ប្រជាជនចិនបានចូលមើលពីរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលនេះរហូតដល់ទៅ ៧៦លានដង។ ម្ចាស់គណនី Douyin ម្នាក់បានបញ្ចេញមតិថា៖ “ពួកគេគួរតែជូនអាំងប៉ាវ ហើយដាក់លុយច្រើនៗដល់គ្រូ”។
អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់ទៀតបញ្ចេញមតិថា៖ “នេះពិតជារឿងវេទមន្ត! ពួកគេមានជោគវាសនាត្រូវរស់នៅជាមួយគ្នា”៕

























Account
Security
Favourite Content