ការដែលក្មេងចេះអរគុណ សុំទោស និយាយជាមួយចាស់ទុំដោយភាពគោរព សូម្បីតែពេលមិនពេញចិត្ត ក៏គេនៅតែចេះគ្រប់គ្រងសម្តីរបស់ខ្លួន មិនមែនកើតឡើងត្រឹមតែដោយសារឪពុកម្ដាយបង្គាប់បញ្ជាឱ្យកូននិយាយពីរោះនោះទេ ប៉ុន្តែវាកើតចេញពីអ្វីដែលឪពុកម្ដាយបង្រៀនឱ្យឃើញ និងអនុវត្តម្តងហើយម្តងទៀតតាំងពីកូនៗនៅតូច។ ប៉ុន្មានចំណុចខាងក្រោមនេះនឹងបង្ហាញពីមេរៀនខ្លះៗសម្រាប់ឪពុកម្ដាយក្នុងការបង្រៀនកូនឱ្យមានសុជីវធម៌៖

១. ឪពុកម្ដាយនិយាយជាមួយកូនបែបណាកូននឹងរៀនវិធីនិយាយពីយើងបែបនោះ ប្រសិនបើប៉ាម៉ាក់ប្រើប្រាស់ពាក្យសម្ដីសុភាព ទោះបីជាកំពុងខឹងក៏ដោយ កូននឹងបានរៀនថា ការមិនពេញចិត្តមិនចាំបាច់ត្រូវភ្ជាប់មកជាមួយពាក្យអសុរសនោះទេ។
២. បង្រៀនកូនឱ្យចេះនិយាយពាក្យថា អរគុណ សុំទោស និងសុំការអនុញ្ញាតរហូតក្លាយជាទម្លាប់ មិនមែនបង្រៀនតែពេលមានភ្ញៀវ ឬនៅចំពោះមុខចាស់ទុំនោះទេ ប៉ុន្តែត្រូវប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃជាមួយមនុស្សគ្រប់គ្នា រួមទាំងមនុស្សក្នុងគ្រួសារផងដែរ។
៣. មិនបណ្តោយឱ្យកូននិយាយស្តីមើលងាយអ្នកដទៃដោយយកលេសថាជាក្មេងមិនដឹងអី នៅពេលដែលកូននិយាយខ្លាំងៗ ឬប្រើប្រាស់ពាក្យសម្តីធ្វើបាបអ្នកដទៃ ប៉ាម៉ាក់គួរតែតឿនរំលឹក និងបង្រៀនឱ្យចេះកែតម្រូវ មិនមែនសើចសប្បាយរីករាយ ឬប្រាប់ថាជាក្មេងគឺបែបហ្នឹងទេ។
៤. បង្រៀនឱ្យចេះគោរពអ្នកដទៃ មិនមែនតែមនុស្សដែលមានអាយុច្រើនជាងប៉ុណ្ណោះទេ កូនគួរតែនិយាយស្តីបានល្អទាំងជាមួយចាស់ទុំ មិត្តភក្តិ អ្នកដែលមានអាយុតិចជាង និងអ្នកធ្វើការងារផ្នែកបំរើសេវាកម្ម ព្រោះសុជីវធម៌ពិតប្រាកដ គឺឆ្លុះបញ្ចាំងតាមរយៈរបៀបដែលយើងប្រព្រឹត្តចំពោះអ្នកដទៃ ដោយមិនគិតថាអ្នកនោះជាមនុស្សដែលយើងត្រូវផ្តល់ការគោរព ឬអត់នោះទេ។
៥. មិនកុហក និយាយពាក្យអសុរស ឬជេរប្រមាថកូនជាទម្លាប់ ប្រសិនបើប៉ាម៉ាក់ចង់ឱ្យកូននិយាយស្តីបានល្អ យើងត្រូវប្រុងប្រយ័ត្នចំពោះពាក្យសម្តីរបស់ខ្លួនឯងផងដែរ ព្រោះកូនអាចនឹងយកតម្រាប់តាមវិធីប្រាស្រ័យទាក់ទងដែលឃើញនៅក្នុងផ្ទះដោយមិនដឹងខ្លួន។
៦. ឱ្យតម្លៃលើសីលធម៌ជាជាងការសម្ដែងយកមុខ កុំបង្រៀនកូនឱ្យនិយាយស្តីល្អតែចំពោះមុខអ្នកដទៃ ប៉ុន្តែបែរជានិយាយស្តីកោងកាចដាក់អ្នកក្នុងផ្ទះ ព្រោះថាសីលធម៌ពិតប្រាកដត្រូវតែជាប់តាមខ្លួនកូនទៅគ្រប់ទីកន្លែង ទោះបីជាគ្មាននរណាម្នាក់ចាំមើលក៏ដោយ។
រឿងសំខាន់បំផុតគឺ ឪពុកម្ដាយត្រូវតែធ្វើជាគំរូដល់កូនឱ្យបានឃើញរាល់ថ្ងៃ។ យើងមិនអាចបង្រៀនកូនឱ្យនិយាយស្តីពិរោះបានទាំងស្រុងនោះទេ ប្រសិនបើខ្លួនយើងផ្ទាល់ប្រើប្រាស់ពាក្យសម្តីអាក្រក់ដាក់មនុស្សក្នុងគ្រួសារជានិច្ច។
កូនអាចនឹងចាំមិនអស់ទេថាប៉ាម៉ាក់ធ្លាប់បង្រៀនអ្វីខ្លះ ប៉ុន្តែគេនឹងបានជ្រួតជ្រាបចូលបន្តិចម្តងៗថា មនុស្សយើងគួរតែនិយាយជាមួយគ្នាបែបណា តាមរយៈអ្វីដែលកើតឡើងនៅក្នុងផ្ទះ។
ព្រោះថានៅទីបំផុត ការចិញ្ចឹមកូនឱ្យក្លាយជាមនុស្សគួរឱ្យស្រឡាញ់ គឺមិនមែនស្ថិតនៅលើការដែលកូននិយាយពីរោះជាមួយចាស់ទុំប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការដែលកូនចេះឱ្យតម្លៃដល់អ្នកដទៃ សូម្បីតែក្នុងថ្ងៃដែលគេមិនសប្បាយចិត្តក៏ដោយ ៕



















































Account
Security
Favourite Content