តារាចម្រៀង ហេង ពិទូ ទោះជាមួយរយៈនេះមិនសូវលេចមុខច្រើនក្នុងកម្មវិធីប្រគំតន្ត្រី និងកម្មវិធីទូរទស្សន៍ តែលោកនៅទទួលបានការស្រលាញ់ និងគាំទ្រ ហើយបន្តស្ដាប់បទពីមុនៗរហូត។

បើទោះជាតារាប្រុសសមាជិកក្រុមចម្រៀង MKS រូបនេះស្ងប់ស្ងាត់មិនសូវមានបទថ្មីបង្ហោះក៏ពិតមែន តែទីផ្សារនៅតែមានហូរហែ។ ដូចថ្ងៃនេះ ហេង ពិទូ ទើបត្រូវប្រកាសតែងតាំងជា BA ស្រាបៀដ្រាហ្គិន ដោយចូលរួមជាគ្រួសារ វឌ្ឍនៈប្រ៊ូវើរី ដែលមានតារាប្រុស-ស្រីល្បីៗច្រើនរូបទៀតដូចជា ចេន និង ម៉ាណិត ជាដើម ហើយក៏នឹងត្រៀមព្រឹត្តិការណ៍ប្រគំតន្ត្រី អបអរថ្ងៃចូលឆ្នាំប្រពៃណីចិនខាងមុខនេះទៀតផង។
សម្រាប់តម្លៃខ្លួនក្នុងការធ្វើជាអ្នកតំណាងផលិតផលរបស់ក្រុមហ៊ុនដ៏ល្បីនោះ យើងមិនទាន់ដឹងនៅឡើយទេ តែក៏មិនខុសពីតារាដទៃដែរ។ ម្ចាស់បទ “ត្រូវគ្នាវិញបានទេ” ក្រោយទទួលបានកិត្តិយសក្លាយជាអ្នកតំណាងមួយនេះហើយក៏បានបង្ហោះរូបភាព និងសរសេរសារថា “ថ្ងៃនេះខ្ញុំបាទ ហេង ពិទូ មានកិត្តិយស បានមកចូលរួមគ្រួសារ វឌ្ឍនៈ ប្រ៊ូវើរី ជាទូតសុច្ឆន្ទៈតំណាងស្រាបៀដ្រាហ្គិន“។


បទចម្រៀងរបស់ ហេង ពិទូ នៅតែទទួលបានការគាំទ្រខ្លាំងដូចជា “ស្រឡាញ់គេតែម្នាក់ឯង”, “ស្នាមថើបចុងក្រោយ”, “ត្រូវគ្នាវិញបានទេ” និងបទជាច្រើនទៀត។ អតីតតារាប្រុសនៅផលិតកម្មសាន់ដេរូបនេះក៏នៅតែចេញច្រៀងតាមហាង និង Pub ទាំងនៅភ្នំពេញ និងបណ្ដាខេត្តផ្សេងៗជាប់រហូតសឹងគ្មានលោះថ្ងៃ។
ចំណែកអ្នកគាំទ្រក៏នៅបន្តរង់ចាំបទថ្មីបន្ថែមទៀត ក្រៅពីបទ “នឿយណាយ” ដែលចេញកាលពី៤ ខែមុនមកម្ល៉េះ។ កាលពីអំឡុងឆ្នាំ ២០១៥ ហេង ពីទូ គឺជាតារាប្រុសដែលធ្វើឲ្យមហាជនស្ញប់ស្ញែង ដោយប្រកាសមិនច្រៀងចម្រៀង Copy ពីគេទៀតឡើយ ព្រោះតែគិតពីមុខមាត់ប្រទេសជាតិ ហើយកាលនោះលោកពិតជាទទួលបានការសរសើរពីភាពក្លាហាន ហ៊ានប្រកាសបែបនោះ។ តាំងពីពេលនោះមកលោកផលិតតែ Original Song ហើយបទនីមួយៗពិតជាពីរោះ និងមានអ្នកចូលមើលក្នុងយូធូបច្រើន៕




























Account
Security
Favourite Content