បន្ទាប់ពីទទួលបានកេរ្តិ៍ឈ្មោះខ្លាំងកាលពីឆ្នាំ២០១៩ តាមរយៈការសម្ដែងភាពយន្តភាគ “The Untamed” តារាសម្ដែង Xiao Zhan ក៏ទទួលបានគម្រោងភាពយន្តធំៗជាបន្តបន្ទាប់ និងទទួលបានការគាំទ្រកាន់តែខ្លាំងសម្រាប់ការសម្ដែងរបស់គេ។

ក្រោយបញ្ចប់ការថតភាពយន្តភាគ “Zang Hai Zhuan” កាលពីខែមុន តារាវ័យ ៣១ឆ្នាំរូបនេះបានសម្រាកមួយរយៈខ្លីប៉ុណ្ណោះ មុននឹងចាប់ផ្ដើមថតភាពយន្តថ្មីមានចំណងជើងថា “Be cautious”។ ភាពយន្តនេះត្រូវបានគេទន្ទឹងរង់ចាំទស្សនាច្រើន ខណៈមានការចូលរួមពីតារាសម្ដែងនិងផលិតករល្បីៗ និងនេះជាភាពយន្តខ្នាតធំដំបូងរបស់ក្រុមហ៊ុន Daylight Entertainment Co., Ltd ដែលជាអ្នកផលិតរឿងភាគឈានមុខមួយក្នុងប្រទេសចិន។

បន្ទាប់ពីបញ្ចប់រឿង” Be Cautious” ភ្លាម Xiao Zhan នឹងបន្តសម្ដែងក្នុងភាពយន្តថ្មីមួយទៀតមានចំណងជើងថា “My Answer” របស់អ្នកដឹកនាំរឿង Philip Yung ។ ភាពយន្តខ្នាតធំនេះនិយាយពីរដ្ឋអាជ្ញាដែលប្រឈមនឹងសម្ពាធយ៉ាងខ្លាំងពីមតិសាធារណៈបង្កើតឡើងដោយជនសង្ស័យជាឧក្រិដ្ឋជន និងក្រុមមេធាវីការពារក្តីរបស់ពួកគេ។ ក្រោយឆ្លងកាត់ការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រដ្ឋអាជ្ញារូបនោះទទួលបានភស្តុតាង និងអាចឱ្យជនសង្ស័យទទួលទោសនៅតុលាការដោយជោគជ័យ។
អ្វីដែលមិននឹកស្មានដល់នោះគឺ ក្នុងរឿងថ្មីនេះ Xiao Zhan នឹងដើរតួជាជនសង្ស័យ ដែលនេះជាលើកទីមួយក្នុងរយៈពេលប្រាំបួនឆ្នាំក្រោយប្រលូកសិល្បៈ ដែលលោកសម្ដែងជាតួចិត្តអាក្រក់។ តួឯកស្រីរឿងនេះគឺ តារាសម្ដែងជើងចាស់ Shu Qi ដែល Xiao Zhan ធ្លាប់បានជួបនៅក្នុងកម្មវិធីប្រលង X FIRE ក្នុងឆ្នាំ ២០១៥ ។ នៅពេលនោះ Xiao Zhan នៅជាអ្នកហ្វឹកហាត់ថ្មីថ្មោង ហើយ Shu Qi គឺជាអ្នកណែនាំការសម្ដែងរបស់លោក។ ក្រោយកម្មវិធីនោះបញ្ចប់ អ្នកទាំងពីរបានរក្សាចំណងមិត្តភាព និងត្រូវបានគេប្រទះឃើញមានទំនាក់ទំនងជិតស្និទ្ធជាច្រើនដង។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបង្ហាញអារម្មណ៍រំភើបជាខ្លាំងពេលឃើញពួកគេបានធ្វើការជាមួយគ្នាម្ដងទៀត ៕

























Account
Security
Favourite Content