ភាពយន្ត “Wicked” វគ្គ២មានចំណងជើងថា “Wicked: For Good” បានបង្កើតកំណត់ត្រាផ្ទាល់ខ្លួនមួយទៀត បន្ទាប់ពី Trailer ដំបូងរបស់ខ្លួនទទួលបានអ្នកចូលទស្សនា ១១៣ លានដងក្នុងរយៈពេល ២៤ ម៉ោងដំបូង ជាតួលេខខ្ពស់ជាងចំនួនទស្សនាសម្រាប់ Trailer វគ្គដំបូងដែលអាចទទួលបាន ៧៥ លានដងក្នុងរយៈពេលដូចគ្នា។

សារព័ត៌មានហូលីវូដ Variety បានកត់សម្គាល់ថាចំនួនអ្នកទស្សនា Trailer វគ្គថ្មីនេះគឺអាចប្រៀបធៀបស្មើនឹងកំពូលភាពយន្ត “Barbie” របស់ផលិតករស្រី Greta Gerwig និងបានប៉ាន់ប្រមាណថាខ្សែភាពយន្តនេះនឹងអាចមានទស្សនិកជនយ៉ាងច្រើនមិនចាញ់ភាពយន្តធំៗដូចជា “Beetlejuice”, “Mufasa: The Lion King” និង “The Hunger Games: The Ballad of Songbirds and Snakes” នោះទេ។
យ៉ាងណាក៏ដោយ កំណត់ត្រាសម្រាប់វីដេអូ Trailer ភាពយន្តដែលមានអ្នកទស្សនាច្រើនបំផុតក្នុងរយៈពេល ២៤ ម៉ោងដំបូង គឺនៅតែជារឿង “Deadpool & Wolverine” របស់ Marvel ដដែលដែលមានអ្នកចូលទស្សនារហូតដល់ ៣៦៥ លានដង។
សម្រាប់វគ្គថ្មីដែលភាគបញ្ចប់នៃភាពយន្តដែលថតតាមល្ខោនតន្ត្រីដ៏ល្បីមួយនេះ តួឯកស្រីទាំងពីរគឺ Ariana Grande និង Cynthia Erivo នឹងត្រលប់មកសម្ដែងជាតួអង្គ Glinda និង Elphaba វិញ។
ភាពយន្តទាំងពីរវគ្គត្រូវបានដឹកនាំដោយផលិតករដើមកំណើតចិនលោក Jon M. Chu និងផ្អែកតាមល្ខោនតន្ត្រីរបស់លោក Stephen Schwartz និងសាច់រឿងដើមគឺសៀវភៅប្រលោមលោកឆ្នាំ ១៩៩៥ ដោយអ្នកនិពន្ធ Gregory Maguire។ សាច់រឿងនិយាយពីរឿងរ៉ាវរបស់មេមត់ស្បែកបៃតង Elphaba ដែលត្រូវបានគេយល់ខុសថាជាសភាវៈអាក្រក់នៅក្នុងប្រលោមលោកកុមារ “The Wizard of Oz”។
គួររំឭកថា ភាពយន្ត “Wicked” វគ្គ១ អាចរកចំណូលបាន ៧៥៦ លានដុល្លារទូទាំងពិភពលោក និងបានឈ្នះពានរង្វាន់អូស្ការចំនួនពីរសម្រាប់ការរចនាសំលៀកបំពាក់ និងការរៀបចំឆាក។
សម្រាប់ភាពយន្ត “Wicked: For Good” នឹងចាក់បញ្ចាំងគ្រប់រោងភាពយន្តក្នុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ ៕




























Account
Security
Favourite Content