កម្មវិធីប្រកួតបាល់ឱបអាមេរិក Super Bowl ឆ្នាំ ២០២៥ ទើបតែបានបញ្ចប់ទៅដោយជោគជ័យ ជាមួយនឹងការសម្ដែងពិសេសពីតារារ៉េបល្បីឈ្មោះ Kendrick Lamar។ ដ្បិតការសម្ដែងក្នុងកម្មវិធីដ៏ធំនេះមិនទទួលបានកម្រៃក្ដី ក៏ប៉ុន្តែសិល្បករមិនតិចរូបទេ ដែលនៅតែប៉ងចង់ទទួលបានឱកាសមួយនេះ។ តើអ្វីជាមូលហេតុ ពីក្រោយក្ដីបំណងនេះ?

ជាធម្មតា ការឡើងសម្ដែងនៅចន្លោះពេល Super Bowl Halftime Show សិល្បករម្នាក់ៗមិនទទួលបានថ្លៃខ្លួនឡើយ ក៏ប៉ុន្តែ National Football League (NFL) ដែលជាអ្នករៀបចំកម្មវិធី នឹងចាត់ចែងទៅលើការចំណាយទាំងអស់ដែលទាក់ទងទៅនឹងការសម្ដែងមួយនេះ។ ជាក់ស្ដែង តំណាងពី NFL ធ្លាប់បានបញ្ជាក់ពីរឿងខាងលើជាមួយនឹងទស្សនាវដ្តី Forbes កាលពីឆ្នាំ ២០១៦ថា៖ “យើងមិនបានចាយប្រាក់ទៅឱ្យសិល្បករទេ តែយើងនឹងទទួលខុសត្រូវទៅលើចំណាយទាក់ទងនឹងការផលិតផ្សេងៗ ជំនួសវិញ”។
ការចំណាយទាំងអស់នេះ ជាធម្មតាគឺជាតួនាទីរបស់អ្នកឧបត្ថម្ភកម្មវិធី ដោយរៀងរាល់ឆ្នាំ NFL តែងមានអ្នកឧបត្ថម្ភជាក់លាក់សម្រាប់ Halftime Show តែម្ដង។ មិនខុសគ្នាពីឆ្នាំមុនៗដែរ នៅក្នុងឆ្នាំ ២០២៥នេះ Apple Music បានចូលរួមធ្វើជាអ្នកឧបត្ថម្ភធំនៅចន្លោះពេលនេះ និងបានចាយប្រាក់ទៅលើការចំណាយនានារបស់សិល្បករមួយរូបៗ។

យ៉ាងណាមិញ ទោះមិនទទួលបានប្រាក់កម្រៃដោយផ្ទាល់ពីការឡើងសម្ដែងនៅ Super Bowl Halftime Show ក្ដី តែផលដែលទទួលបានក្រោយពីការសម្ដែងនៅក្នុងកម្មវិធីនេះ គឺជាអ្វីដែលតារាចម្រៀងម្នាក់ៗចង់បាន។ មូលហេតុនោះគឺថា កម្មវិធីប្រកួតបាល់ឱបមួយនេះ ជាកម្មវិធីដែលមានប្រជាប្រិយភាពខ្លាំងអស់ពេលរាប់ឆ្នាំរួចមកហើយ និងជាទីនិយមរបស់ទស្សនិកជនទាំងក្នុងសហរដ្ឋអាមេរិក និងបណ្ដាលប្រទេសជាច្រើនទៀត ដែលនឹងទាក់ទងប្រជាប្រិយភាពទៅឱ្យបណ្ដាតារាទាំងនោះដូចគ្នា។ តួយ៉ាង មានការសន្និដ្ឋានថា តារាចម្រៀង Usher ដែលធ្លាប់ឡើងសម្ដែងក្នុងកម្មវិធីនេះក្នុងឆ្នាំ២០២៤ អាចរកចំណូលបានជាង ១០០លានដុល្លារអាមេរិកបន្ថែមនៅក្នុងឆ្នាំដដែលនេះ។
តួរលេខពីទស្សនាវដ្ដី Forbes បានបង្ហាញថា ក្រោយកម្មវិធីចប់ Usher បានទទួលចំនួនអ្នកស្ដាប់នៅលើ Spotify កើនឡើងជាង ៥៥០ភាគរយ ដោយចំនួននេះ គឺគិតត្រឹមតែទស្សនិកជននៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ជាឧទារហណ៍មួយទៀត នៅក្នុងឆ្នាំ២០២៣ Rihanna អាចលក់ចេញចម្រៀងរបស់ខ្លួនតាមបែបឌីជីថល បានច្រើនជាងមុនរហូតដល់ទៅ ៣៩០ភាគរយ។
យ៉ាងណាមិញសម្រាប់ឆ្នាំ ២០២៥ នេះវិញ សារព័ត៌មាន The Standard ក៏រំពឹងដែរថា Kendrick Lamar ក៏នឹងទទួលផលល្អបន្ទាប់ពីការសម្ដែងនេះដូចគ្នា ជាពិសេសគឺទៅលើចំនួនលក់ចេញរបស់អាល់ប៊ុមចុងក្រោយបង្អស់ GNX ក៏ដូចជាកម្មវិធីប្រគំតន្រ្តី Grand National Tour របស់ម្ចាស់បទ Not Like Us រូបនេះ៕


























Account
Security
Favourite Content