ភាពយន្តភាគ When Life Give You Tangerines បានជាប់ឈ្មោះដណ្ដើមពានរង្វាន់ក្នុងកម្មវិធី Baeksang Arts Awards លើកទី៦១ ដោយមានគូតួឯក IU និង Park Bo Gum នៅក្នុងតារាងបេក្ខភាពពានរង្វាន់តួឯកឆ្នើមប្រចាំឆ្នាំ។

នៅថ្ងៃទី៧ ខែមេសាកន្លងទៅនេះ ការិយាល័យ Baeksang Arts Awards ទើបតែបានបើកបង្ហាញបញ្ជីឈ្មោះបេក្ខភាពពីវិស័យទូរទស្សន៍ ភាពយន្ត និងល្ខោន ដែលមានឱកាសជាម្ចាស់ពាននៅក្នុងកម្មវិធីប្រចាំឆ្នាំ ២០២៥ នេះ។
ជាក់ស្ដែង ភាពយន្តរបស់ Netflix រឿង When Life Give You Tangerines ជាបេក្ខភាពដែលលេចធ្លោបំផុតមួយ ជាមួយនឹងការជាប់ឈ្មោះប្រកួតប្រជែងរហូតដល់ ៨ ផ្នែក រួមមាន ភាពយន្តភាគឆ្នើម, អ្នកដឹកនាំឆ្នើម សម្រាប់លោក Kim Won Seok, អត្ថបទភាពយន្តឆ្នើម សម្រាប់អ្នកនិពន្ធ Im Sang Choon, តួរងឆ្នើមផ្នែកបុរស សម្រាប់ Choi Dae Hoon, តួរងឆ្នើមផ្នែកនារី សម្រាប់ Yeom Hye Ran និងតារាសម្ដែងស្រីជំនាន់ថ្មី សម្រាប់ Kim Tae Yeon។

និយាយពីតួអង្គឯកវិញ IU ដែលសម្ដែងជា Ae Soon នឹងចូលរួមដណ្ដើមពានរង្វាន់តួឯកស្រីឆ្នើម ជាមួយនឹង Kim Tae Ri ពីរឿង The Youngest Son, Kim Hye Yoon ពីរឿង Lovely Runner, Go Min Si ពីរឿង Into the Forest with No One និង Jang Nara ពីរឿង Good Partner។
ទន្ទឹមគ្នានេះតួឯកប្រុស Park Bo Gum ដែលសម្ដែងជា Gwan Shik ក៏បានឈរឈ្មោះដណ្ដើមពានរង្វាន់តួឯកប្រុសឆ្នើម ជាមួយនឹង Byeon Woo Seok តួប្រុសរឿង Lovely Runner, Lee Jun Hyuk តួប្រុសរឿង The Good or the Bad Dong Jae, Joo Ji Hoon តួប្រុសរឿង Trauma Center និង Han Suk Kyu តួប្រុសរឿងAn Intimate Betrayal។

គួរបញ្ជាក់ផងដែរថា កាលបរិច្ឆេទនៃកម្មវិធី Baeksang Arts Awards នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឯ COEX D Hall ទីក្រុងសេអ៊ូល និងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ JTBC, JTBC2 និង JTBC4។
សូមរំឭកផងដែរថា កាលពីឆ្នាំ២០១៩ និង ២០២៣ កន្លងទៅ IU ធ្លាប់បានឈ្នះពានរង្វាន់តារាសម្ដែងស្រីដែលមានប្រជាប្រិយភាពបំផុតពីកម្មវិធីតែមួយនេះរួចទៅហើយ។ ដូចគ្នាដែរ នៅក្នុងឆ្នាំ២០១៧ Park Bo Gum ក៏បានឈ្នះពានរង្វាន់តែមួយ ក៏ប៉ុន្តែសម្រាប់ផ្នែកបុរស៕























Account
Security
Favourite Content