កម្មវិធីប្រគល់ពានរង្វាន់ Academy Awards លោកទី ៩៧ ឬ អូស្ការ ប្រចាំឆ្នាំ ២០២៥ ដែលប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី៣ ខែមីនា ម៉ោងនៅក្នុងសហរដ្ឋអាមេរិក ទើបតែបានប្រកាសឈ្មោះម្ចាស់ជយលាភីសម្រាប់ពានឆ្នើមសរុបចំនួន ២៣ពាន ដោយមានវត្តមានតារាល្បី និងអ្នកធ្វើការក្នុងវិស័យភាពយន្តជាច្រើនរូបបានចូលរួម។

ជាក់ស្ដែង រឿង Anora ជាភាពយន្តដែលលេចធ្លោបំផុតនៅក្នុងកម្មវិធីប្រគល់ពានលំដាប់ពិភពលោកសម្រាប់ឆ្នាំនេះ ជាមួយនឹងពានរង្វាន់ឆ្នើមរហូតដល់ទៅ ៥នៅក្នុងដៃ រួមមាន ពានរង្វាន់តួឯកស្រីឆ្នើម សម្រាប់ Mikey Madison, អ្នកដឹកនាំរឿងឆ្នើម សម្រាប់លោក Sean Baker, ពានរង្វាន់ផ្នែកកាត់ត, ពានរង្វាន់ធំភាពយន្តល្អបំផុត (Best Picture) និង ពានរង្វាន់អត្ថបទភាពយន្តដើម។


ដោយឡែកសម្រាប់ពានរង្វាន់តួឯកប្រុសឆ្នើមប្រចាំឆ្នាំ ២០២៥ បានធ្លាក់ទៅលើតារាសម្ដែងប្រុស Adrien Brody សម្រាប់ស្នាដៃរឿង The Brutalist ដោយភាពយន្តមួយនេះ ក៏ទទួលបានពាន ២ទៀតដែរ គឺពានរង្វាន់បច្ចេកទេសរូបភាព (Best Cinematography) និងពានរង្វាន់ផ្នែកបទភ្លេងក្នុងរឿង។

សម្រាប់ភាពយន្តលេចធ្លោបន្ទាប់ដែលទទួលបានពានរង្វាន់ចំនួន ២មានសរុបចំនួន ៣ ចំណងជើង គឺរឿង Wicked, Dune: Part Two និង Emilia Pérez។ តួយ៉ាង ភាពយន្តល្ខោនតន្ត្រីដែលសម្ដែងដោយតារាពហុជំនាញ Cynthia Erivo និង Ariana Grande ដណ្ដើមបានពានឆ្នើមចំនួន ២ គឺពានរង្វាន់ផ្នែករចនាសម្លៀកបំពាក់ និងផ្នែករចនាឆាក។
ទន្ទឹមគ្នានឹងភាពយន្តបែបវិទ្យាសាស្រ្តដែលបាន Timothée Chalamet និង Zendaya មកសម្ដែងជាតួអង្គសំខាន់ ទទួលបានពានរង្វាន់គុណភាពសំឡេង និងពានរង្វាន់ Visual Effects។ ដោយឡែក សម្រាប់ភាពយន្តបារាំង Emilia Pérez ក៏ទទួលបានពាន ២ដូចគ្នាដែរ រួមមានពាន សម្រាប់តារាសម្ដែងស្រី Zoe Saldaña និងពានរង្វាន់ចម្រៀងក្នុងភាពយន្ត សម្រាប់បទ El Mal ។


គួរឱ្យដឹងដែរថា ក្រៅពីភាពយន្តទាំង ៥ខាងលើនេះ នៅមានភាពយន្តចំនួន ៩ចំណងជើងទៀតដែលទទួលបានពានរង្វាន់ឆ្នើមនៅក្នុងឆ្នាំនេះ។ តួយ៉ាង រឿង A Real Pain ទទួលបានពានតួរងប្រុសឆ្នើម សម្រាប់ស្នាដៃសម្ដែងរបស់តារាប្រុស Kieran Culkin, គំនូរជីវចលរឿង Flow ឈ្នះបានពានភាពយន្តគំនូរជីវចល, រឿង No other land ឈ្នះបានពានភាពយន្តឯកសារ និងភាពយន្តពីប្រទេសប្រេស៊ីល I’m Still Here ឈ្នះបានពានរង្វាន់ភាពយន្តអន្តរជាតិ ៕


























Account
Security
Favourite Content