ចំណូលរបស់តារាហូលីវូដតែងតែជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ពីសាធារណជន។ ជារៀងរាល់ឆ្នាំ បញ្ជីឈ្មោះតារាសម្ដែងដែលរកចំណូលបានច្រើនជាងគេអាចប្រែប្រួលអាស្រ័យលើភាពជោគជ័យនៃគម្រោងភាពយន្ត កិច្ចសន្យាផ្សាយពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ខ្លួនរបស់ពួកគេ។ យ៉ាងណាក៏ដោយ យោងតាមស្ថិតិចុងក្រោយបំផុតពីទស្សនាវដ្តី Forbes ឆ្នាំ ២០២៤ នៅតែជាឆ្នាំមាសសម្រាប់តារាល្បីៗដែលជាប់ក្នុងបញ្ជីនេះញឹកញាប់ដូចជា Dwayne Johnson, Brad Pitt និង Nicole Kidman ។
១. Dwayne Johnson – ៨៨ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ១០៣ លានដុល្លារ)

Dwayne “The Rock” Johnson នាំមុខគេជាមួយប្រាក់ចំណូលសរុបដល់ ៨៨ លានដុល្លារ ដែលភាគច្រើនបានមកពីការសម្តែងនៅក្នុងរឿង Red One និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើន។ បន្ថែមពីលើការសម្ដែង Dwayne Johnson ក៏ជាម្ចាស់ក្រុមហ៊ុន Teremana Tequila ដែលជាម៉ាកភេសជ្ជៈកំពុងរីកចម្រើនលឿនបំផុតនៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Seven Bucks Productions របស់លោកក៏ផលិតគម្រោងខ្សែភាពយន្តជាច្រើន។ ជោគជ័យរបស់លោកមិនត្រឹមតែមកពីការងារសម្ដែងប៉ុណ្ណោះទេ ប៉ុន្តែក៏បានមកពីភាពប៉ិនប្រសប់ក្នុងអាជីវកម្មផងដែរ។
២. Ryan Reynolds – ៨៥ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ១០០ លានដុល្លារ)

ជាមួយប្រាក់ចំណូល ៨៥ លានដុល្លារ ធ្វើឱ្យ Ryan Reynolds អាចបន្តរក្សាតំណែងលេខ២ក្នុងបញ្ជីនេះ។ ភាពយន្ត Deadpool & Wolverine គឺជាហេតុផលមួយដែលលោកអាចស្ថិតនៅក្នុងបញ្ជីនេះ ហើយក្រៅពីការសម្ដែង Ryan Reynolds ក៏ជាអ្នកវិនិយោគដ៏ឆ្លាតវៃម្នាក់ដែរ ខណៈលោកមានភាគហ៊ុនក្នុងក្រុមហ៊ុនទូរគមនាគមន៍ Mint Mobile ក្រុមហ៊ុន gin Aviation និងសហម្ចាស់ក្លឹបបាល់ទាត់ Wrexham AFC។
៣. Kevin Hart – ៨១ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ១០៨ លានដុល្លារ)

Kevin Hart មិនត្រឹមតែជាតារាកំប្លែងដ៏ពូកែម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាពាណិជ្ជករដ៏ឆ្លាតបំផុតមួយរូបដែរនៅហូលីវូដ។ ជាមួយប្រាក់ចំណូល ៨១ លានដុល្លារ លោកនៅតែបន្តរក្សាតំណែងក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេ។ ក្រុមហ៊ុនកម្សាន្ត HartBeat របស់ Kevin បានទាក់ទាញកិច្ចសន្យាធំៗជាច្រើន ដោយជួយឱ្យលោកអាចកសាងអាណាចក្រផ្ទាល់ខ្លួនបាន។ លើសពីនេះ Hart ក៏បន្ត Tour សម្ដែងកំប្លែងទោល ដែលនាំឱ្យលោកទទួលបានប្រាក់ចំណូលយ៉ាងច្រើន។
៤. Jerry Seinfeld – ៦០ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៧០ លានដុល្លារ)

ថ្វីត្បិតតែលែងមានសកម្មភាពនៅក្នុងវិស័យភាពយន្តក៏ដោយ ប៉ុន្តែ Jerry Seinfeld នៅតែទទួលបានប្រាក់ចំណូលយ៉ាងច្រើនរហូតដល់ ៦០ លានដុល្លារអាមេរិក។ ភាពជោគជ័យនេះកើតឡើងមួយភាគធំតាមរយៈកម្មសិទ្ធិបញ្ញាលើរឿងភាគកំប្លែង Seinfeld ដែលជួយឱ្យលោកបន្តទទួលបានអត្ថប្រយោជន៍ពីកិច្ចសន្យាចាក់ផ្សាយ និងវេទិកា Streaming នានា។ លើសពីនេះលោកក៏បានរៀបចំកម្មវិធីសម្ដែងកំប្លែងទោលជាច្រើនជាមួយនឹងប្រាក់ចំណូលខ្ពស់កប់ពពក។
៥. Hugh Jackman – ៥០ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៦៦ លានដុល្លារ)

ការវិលត្រឡប់មកកាន់ផ្ទាំងសំពត់សក្នុងនាមជា Wolverine ក្នុងភាពយន្ត Deadpool & Wolverine គឺជាកត្តាធំមួយដែលជួយ Hugh Jackman ទទួលបានប្រាក់ចំណូល ៥០ លានដុល្លារក្នុងឆ្នាំ ២០២៤។ ក្រៅពីការសម្ដែង Hugh Jackman ក៏បានវិនិយោគលើវិស័យជាច្រើនទៀតរួមទាំងអាជីវកម្មកាហ្វេ និងភោជនីយដ្ឋានផងដែរ។ ភាពសម្បូរបែបនៃប្រភពចំណូលជួយឱ្យតារាសម្តែងកើតនៅឆ្នាំ ១៩៦៨ រូបនេះ នៅតែអាចទទួលបានតំណែងក្នុងបញ្ជីរបស់ Forbes។
៦. Brad Pitt – ៣២ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៤២ លានដុល្លារ)

ទោះបីជាលែងមានវត្តមាននៅក្នុងគម្រោងភាពយន្តច្រើនដូចកាលពីមុនក៏ដោយ ប៉ុន្តែ Brad Pitt នៅតែរកបាន ៣២ លានដុល្លារដោយសារកិច្ចសន្យាផលិតកម្ម និងការវិនិយោគផ្សេងៗ។ បច្ចុប្បន្នលោកគ្រប់គ្រងក្រុមហ៊ុនផលិតកម្ម Plan B Entertainment ដែលបានផលិតភាពយន្តជោគជ័យជាច្រើនរឿង។ លើសពីនេះ ការវិនិយោគលើវិស័យស្រា និងអចលនទ្រព្យក៏ជួយឱ្យតារាប្រុសល្បីរូបនេះរកចំណូលបានច្រើនដែរ។
៧. George Clooney – ៣១ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៣៧ លានដុល្លារ)

George Clooney រកបាន ៣១ លានដុល្លារកាលពីឆ្នាំមុន ដែលភាគច្រើនបានមកពីម៉ាក Casamigos Tequila ដែលលោកបានសហការបង្កើតឡើង។ ថ្វីត្បិតតែលែងសកម្មនៅលើកញ្ចក់ទូរទស្សន៍ក៏ដោយ ប៉ុន្តែកេរ្តិ៍ឈ្មោះ និងអាជីពជំនួញបានជួយឱ្យ George Clooney បន្តស្ថិតក្នុងបញ្ជីតារាមានចំណូលច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន។
៨. Nicole Kidman – ៣១ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៤១ លានដុល្លារ)

Nicole Kidman ជាតារាសម្ដែងស្រីតែម្នាក់គត់ក្នុងបញ្ជី Top 10 នេះ ដោយអាចរកចំណូលបាន ៣១ លានដុល្លារ។ ភាពជោគជ័យរបស់នាងបានមកពីការសម្ដែងក្នុងភាពយន្តទូរទស្សន៍ និងភាពយន្តខ្នាតធំ ព្រមទាំងកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាមួយម៉ាកយីហោធំៗជាច្រើន។ ទោះមានអាយុជិត ៦០ ឆ្នាំក៏ដោយ ក៏ Nicole Kidman នៅតែមានទីផ្សារខ្ពស់នៅក្នុងពិភពលោកហូលីវូដ។
៩. Adam Sandler – ២៦ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៣៥ លានដុល្លារ)

Adam Sandler បន្តទទួលបានភាពជោគជ័យជាមួយភាពយន្តកំប្លែងជាច្រើនរឿងលើ Netflix។ ជាមួយនឹងចំណូលសុទ្ធចំនួន ២៦ លានដុល្លារ ធ្វើឱ្យលោកក្លាយជាតារាសម្តែងដែលមានប្រាក់ចំណូលខ្ពស់បំផុតមួយរូបនៅក្នុងឧស្សាហកម្មភាពយន្ត។ កិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលវែងជាមួយក្រុមហ៊ុន Netflix ជួយឱ្យ Adam Sandler បន្តទទួលបានភាពយន្តល្បីៗ ហើយថែមទាំងជួយឱ្យលោកអាចជាប់ក្នុងបញ្ជីកំពូលតារាសម្ដែងមានប្រាក់ចំណូលខ្ពស់រហូតនាប៉ុន្មានឆ្នាំថ្មីៗនេះ។
១០. Will Smith – ២៦ លានដុល្លារ (ចំណូលមុនកាត់ពន្ធ ៣០ លានដុល្លារ)

ទោះបីជាមានបញ្ហាផ្ទាល់ខ្លួនច្រើនក៏ដោយ ប៉ុន្តែ Will Smith នៅតែអាចរក្សាតំណែង Top 10 ក្នុងបញ្ជីជាមួយនឹងប្រាក់ចំណូល ២៦ លានដុល្លារ។ បច្ចុប្បន្នលោកកំពុងទទួលស្ដារកេរ្តិ៍ឈ្មោះឡើងវិញជាបណ្តើរៗជាមួយនឹងគម្រោងភាពយន្តថ្មី និងកិច្ចសន្យាផ្សាយពាណិជ្ជកម្មធំៗមួយចំនួន។ ជាមួយសមត្ថភាពសម្ដែងដ៏គួរឱ្យចាប់អារម្មណ៍ និងការតស៊ូព្យាយាមក្នុងការកសាងកេរ្តិ៍ឈ្មោះឡើងវិញ ធ្វើឱ្យ Will Smith នៅតែជាតារាកំពូលម្នាក់ក្នុងហូលីវូដនាពេលបច្ចុប្បន្ននេះ ៕


























Account
Security
Favourite Content