ខ្សែភាពយន្តខ្នាតធំ «កំណើតអរូប» ដែលជាស្នាដៃផលិតរបស់ Wonder Film Entertainment កំពុងសាងប្រវត្តិសាស្ត្រសម្រាប់ឧស្សាហកម្មភាពយន្តខ្មែរ ដោយបានឈរលើតារាងក្នុងទីផ្សារភាពយន្ត Bollywood ហើយបច្ចុប្បន្នខ្សែភាពយន្តខ្នាតធំនេះ កំពុងចាក់បញ្ចាំងផ្លូវការនៅ ៥ ប្រទេស រួមមាន ឥណ្ឌា អេមីរ៉េតអារ៉ាប់រួម កាតា បារ៉ែនអូម៉ង់។



តាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ Wonder Film Entertainment បានឱ្យដឹងថា រឿង «កំណើតអរូប» (The Ritual Black NUN) ចាក់បញ្ចាំងតាមបណ្ដារោងភាពយន្ត ៥ ប្រទេស ចាប់ពីថ្ងៃទី ១៥ កុម្ភៈ តទៅ។ Wonder Film បានរៀបរាប់ថា «នេះសមិទ្ធផលកើតឡើងពីគុណភាពភាពយន្តពិតប្រាកដ ហើយតែម្យ៉ាងគត់ដែលភាពយន្តមួយ អាចចូលទៅទីផ្សារ ប្រទេសមួយទៀតបាន ជាពិសេសប្រទេស ស៊ីវិល័យ នេះជាជំហានល្អមួយសម្រាប់ Wonder Film ក៏ដូចសម្រាប់វិស័យភាពយន្តខ្មែរ»។
នេះចាត់ទុកជាជំហានថ្មីមួយទៀត សម្រាប់ផលិតកម្ម Wonder Film ក៏ដូចជាវិស័យភាពយន្តខ្មែរ ដែលអាចបោះជំហានចូលទៅក្នុងទីផ្សារភាពយន្ត Bollywood នៅពេលនេះ។ Wonder Film សង្ឃឹមថា ប្រជាជនក្នុងប្រទេសទាំង ៥ ខាងលើ នឹងបន្តស្គាល់បន្ថែមលើតំបន់ ទេសចរណ៍ ស្គាល់ពីវប្បធម៌កម្ពុជា តាមរយៈភាពយន្តកម្សាន្តរឿង«កំណើតអរូប» ដែលកំពុងបញ្ចាំងផ្លូវការ តាមបណ្តាប្រទេសទាំងនោះ។

សូមជម្រាបថា ខ្សែភាពយន្តខ្នាតធំ «កំណើតអរូប» បានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា កាលអំឡុងខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។ ភាពយន្តរន្ធត់ព្រឺព្រួចមួយនេះ បានអន្ទង់ចិត្តទស្សនិកជនឱ្យមកទស្សនាយ៉ាងភ្លូកទឹកភ្លូកដីពេលចាក់បញ្ចាំង រហូតក្លាយភាពយន្តដែលផ្ទុះការគាំទ្រយ៉ាងសន្ធឹកសន្ធាប់។
មុនពេលធ្លាយដល់ទីផ្សារភាពយន្ត Bollywood រឿង «កំណើតអរូប» (The Ritual Black NUN) ក៏ត្រូវបាននាំយកទៅចាក់បញ្ចាំងនៅប្រទេសថៃ និងឡាវ កាលពីអំឡុងខែតុលា-វិច្ឆិកា ២០២៣ ផងដែរ ថែមទាំងទទួលបានការគាំទ្រខ្លាំងផងដែរ៕




























Account
Security
Favourite Content