មហោស្រពសិល្បៈដំណើរខ្មែរ បានរៀបចំទស្សនីយភាពដ៏កម្រ ដើម្បីរំឭកដល់អនុស្សាវរីយ៍សិល្បៈភាពយន្ត និងចម្រៀងខ្មែរសម័យយុគមាស ក្នុងរយៈពេល ៣ ថ្ងៃជាប់គ្នាចាប់ពីថ្ងៃស្អែកនេះតទៅដោយមានការចូលរួមពីសំណាក់សិល្បៈករល្បីៗជាច្រើនរូប។
ផ្ទាំងទស្សនីយភាពដ៏កម្រមួយនេះត្រូវបានរៀបចំឡើងដោយក្រុមដំណើរខ្មែរ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យនៃសិល្បៈភាពយន្ត និងចម្រៀងខ្មែរក្នុងសម័យយុគមាស មុនឆ្នាំ១៩៧៥។ មហោស្រពដ៏ពិសេសនេះដែរមានការបង្ហាញជូនទស្សនានូវភាពយន្តខ្មែរទសវត្សរ៍ ៦០ និង៧០ ការតាំងពិព័រណ៍រូបថតភាពយន្ត ទស្សនីយភាពព្រលឹងសិល្បៈខ្មែរ ការប្រគំតន្ត្រីសម័យអាប៉ូឡូ និងការបង្ហាញម៉ូដសម្លៀកបំពាក់ ព្រមជាមួយកម្មវិធីផ្សេងៗជាច្រើនទៀត។
ព្រមជាមួយគ្នានេះដែរ សម្រាប់ការប្រគំតន្ត្រីក៏មានវត្តមានសិល្បករ សិល្បៈការិនីល្បីៗ ដូចជាព្រះនាង នរោត្តម ជេនណា អ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាង យក់ ថិតរដ្ឋា លោក ឃុំ ប៉ុណ្ណាដែត ព្រមជាមួយតារាកិត្តិយសជាច្រើនរូបទៀត។
មហោស្រពសិល្បៈដំណើរខ្មែរ លើកទី១ រៀបចំធ្វើនៅអគារខេមរ៉ានី (សសយក) ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤។ កុំភ្លេចណា ចូលរួមដោយសេរីដើម្បីស្វែងយល់ពីអតីតកាលដ៏ផូរផង់នៃភាពយន្ត តន្ត្រី និងចម្រៀងខ្មែរនាសម័យយុគមាស៕